ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​ប៉េតង់​ អ៊ុក ជីមី បាត់​បង់ឱ​កាស​​ ចេញទៅប្រកួតក្រោយ​​ពេលពិកា​រ​ភ្នែក​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖​​ ​កីឡា​ករ​ជើង​​ខ្លាំង​​ផ្នែក​ប៉េតង់ លោក​អ៊ុក ជីមី បាន​បាត់​បង់​​ឱ​កាស​​ចេញ​ទៅ​ប្រកួត​នៅ​​ក្រៅ​ស្រុក​ទាំង​ស្រុង​​មក​ទល់​ពេល​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ដែល​​លោក​ធ្លាប់​​ជាប់​ជម្រើស​ជាតិ​​ជា​ជើង​ខ្លាំង​​ក្នុង​ស្រុក​ម្នាក់​​ក៏​ត្រូវ​​របូត​ទៅ​ដែរ ។ មូល​ហេតុ​ដែល​​ខាង​សហ​​ព័ន្ធ​បញ្ចប់​​ការ​បញ្ជូន​លោក​ឱ្យ​​ចេញ​ទៅ​ប្រកួត​​នៅ​ក្រៅ​ប្រទេស​​ដូច​មុន គឺ​ដោយ​សារ​តែ​លោក​​ជួប​គ្រោះ​​ថ្នាក់​បណ្តាល​ឱ្យ​​ខូច​​ភ្នែក​ខាង​ស្តាំ​ ហើ​យ​មិន​មាន​ប្រាក់​២​​ពាន់​ដុល្លារ​​សម្រាប់​ដោះ​ដូរ​កែវ​ភ្នែកសិប្ប​និម្មិត ។

បើ​ទោះ​​ជា​ធ្លាក់​​ខ្លួន​ពិការ​ភ្នែក​​ម្ខាង​​ ប៉ុន្តែ​​កីឡា​ករ​​ជើង​ខ្លាំង​​ផ្នែក​​ប៉េតង់​​រូប​នេះ នៅ​តែ​រក្សា​​កេរ្តិ៍​ឈ្មោះ​​​ក្នុង​តំណែង​ជា​កីឡា​ករ​ជម្រើស​ជាតិ​​នា​ពេល​ចុង​ក្រោយ​​សម្រាប់​អ្នក​និយម​​តាម​ដាន ។ ទោះ​ជា​យ៉ាង​​ណា ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​អស់​មាន​​ឱកាស​​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​​ដូច​មុន​ទៀត​ទេ បន្ទាប់​ពី​​លោក​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ម្ខាង​ ផ្ទុយ​ពី​​លក្ខន្តិ​​កៈ​ដែល​កំណត់​ជា​អន្តរ​ជាតិ ។ លោក​អ៊ុក ជីមី បញ្ជាក់​​ថា ក្នុង​អំឡុង​​ឆ្នាំ​​២០១២ នេះ លោក​​នៅ​តែ​ចង់​​មាន​ឈ្មោះ​ជា​កីឡា​​ករ​​ប៉េតង់​ជម្រើស​ជាតិ​​ដដែល ប៉ុន្តែ​​ពេល​នេះ​អត់​មាន​ទាំង​អស់​​ ទាំង​ការ​ប្រកួត​នៅ​​ក្រៅ​ស្រុក និង​នៅ​ក្នុង​ស្រុក ពោល​គឺ​តាំង​ពី​ធ្លាក់​​ខ្លួន​ពិការ​មក​ អាជីព​​កីឡា​របស់​​លោក​ស្ងាត់​ឈឹង​តែ​ម្តង​ ។

លោក​ឮ​ថា ខាង​សហ​ព័ន្ធ​លែង​ត្រូវ​ការ​ទៀត​ហើយ ក្រោយ​ពេល​​​លោក​អស់​លទ្ធ​​ភាព​​​ព្យា​បាល​ភ្នែក​​ ហើយ​បណ្តោយ​ឱ្យ​​ភ្នែក​​ខាង​ស្តាំ​ពិការ​មើល​លែង​​ឃើញ​បែបនេះ ។លោក​អ៊ុក ជីមី បាន​និយាយ​​ដោយ​អារម្មណ៍​​​សោក​​ស្តាយ​ថា លោក​ទើប​​តែ​បាត់​ឱ​កាស​ចេញ​​ទៅ​ប្រកួត​នៅ​ក្រៅ​​ប្រទេស​ក្នុង​រយៈ​ពេល​​ជាង​មួយ​ឆ្នាំ​​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ទោះ​បី​ខាង​សហ​ព័ន្ធ​​ព្យា​យាម​អន្តរា​គមន៍​​ឱ្យ​លោក​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរ​ជាតិ​ដូច​មុន​ៗ​ក្តី ប៉ុន្តែ​ត្រូវ​បាន​គណៈ​កម្ម​ការ​នៅ​​ក្រៅ​ប្រទេស​ទាត់​ចោល​​ ។ ម្យ៉ាង​​ទៀត​ស្រប​ពេល​ដែល​កីឡា​​ជន​ពិការ​​នៅ​មិន​ទាន់​មាន​ផ្នែក​​ប៉េតង់​​នេះ​ផង ទើប​មិន​អាច​ឱ្យ​​លោក​ចេញ​ទៅ​​ប្រកួត​នៅ​ក្រៅ​ប្រទេស​បាន​ដូច​មុន ។ លោក​​សោក​ស្តាយ​​យ៉ាង​ខ្លាំង​ដែល​​ជួប​នឹង​ហេតុ​ការណ៍​​ក្រុម​ក្មេង​ស្ទាវ​​ដេញ​វាយ​គ្នា​នៅ​មាត់​ច្រក​​ចូល​ផ្ទះ​​របស់​លោក​កាល​ពី​ជា​ងមួយ​ឆ្នាំ​មុន ហើយ​​ពេល​លោក​ជិះ​ម៉ូតូ​កាត់​ចំហេតុ​ការណ៍​នោះ​​ ក៏​ត្រូវ​​ពួក​នេះ​គប់​ចំភ្នែក​ខាង​ស្តាំ​រហូត​ធ្វើ​ឱ្យ​លោក​ពិការ​មិន​អាច​មើល​ឃើញ​រហូត​​សព្វ​ថ្ងៃ​​​ ។

លោក​បាន​ទទួល​ការ​ជួយ​សង្គ្រោះ​​ពី​ខាង​សហ​ព័ន្ធ​​ផ្នែក​ប៉េតង់​ និង​ពី​សប្បុរស​ជន​មួយ​ចំនួន​ដែរ ប៉ុន្តែ​មក​ពី​ទំហំ​​នៃ​ការ​ព្យា​បាល​កាន់​តែ​រីក​​ធំ​ទៅ​ៗ​ទើប​មិន​អាច​​ឱ្យ​លោក​បន្ត​ការ​ព្យា​បាល​ឱ្យ​ភ្នែក​នេះ​​មើលឃើញ​ដូច​ដើម​វិញ​បាន ។ ទី​បំផុត​​ ដោយ​លោក​អត់​​មាន​ប្រាក់​​២​ពាន់​ដុល្លារ​​ដើម្បី​ដោះ​ដូរ​កែវ​ភ្នែក​​សិប្ប​និម្មិត​ផង​ ទើប​លោក​នៅ​តែ​ពិការ​ ហើយ​​បាត់​បង់​ឱ​កាស​ចេញ​​ប្រកួត​ទាំង​នៅ​​ក្រៅ​ស្រុក និង​ក្នុង​ស្រុក​​រហូត​មក​ទល់​​ពេល​នេះ ។

លោក​អ៊ុក ជីមី អះ​អាង​ថា សមត្ថ​ភាព​ផ្នែក​​​កីឡា​ប៉េតង់​​លោក​ស្ទើរ​តែ​​អាច​ថា​ត្រង់​​ជាង​មុន​ផង​ ចាប់​តាំង​ពី​លោក​ធ្លាក់​ខ្លួនពិការ​ភ្នែក​ម្ខាង​​មក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​នៅ​តែ​មិន​អាច​រំ​លេច​សំណាង​​ ដើម្បី​ចេញ​ប្រកួត​នៅ​ក្រៅ​ស្រុក​​ដូច​មុន​ទៀត​ឡើយ ក្នុង​ពេល​កម្ពុជា​មិន​ទាន់​មាន​លទ្ធ​ភាព​បង្កើត​ក្រុម​ជម្រើស​ជាតិ​​ជន​ពិការ​ខាង​ផ្នែក​​កីឡា​ប៉េតង់​ ដែល​ជា​ជំនាញ​របស់​លោក​នោះ ។ យោង​តាម​ការ​បញ្ជាក់​ពី​ខាង​សហ​ព័ន្ធ​​ លោក​អ៊ុក ជីមី អាច​មាន​ឱ​កាស​​ចេញ​ទៅ​ក្រៅ​ស្រុក​ដូច​ដើម បើ​លោក​​មាន​លទ្ធ​ភាព​ដោះ​ដូរ​កែវ​ភ្នែក​​ ឬ​ប្តូរ​អាជីព​ពី​ជម្រើស​ជាតិ​ផ្នែក​​​​​កីឡា​​ប៉េតង់​ទៅ​ជា​ជម្រើស​ជាតិ​ផ្នែក​​បាល់​ទះ​​ ឬ​​កីឡា​ប្រភេទ​ផ្សេង​ទៀត​សម្រាប់​ជន​ពិការ​ដែល​វិញ្ញា​សា​នោះ​មាន​ការ​ប្រកួត​ជា​អន្តរ​ជាតិ ។

ជាមួយ​នឹង​​ការ​យល់​ឃើញ​នេះ កីឡា​​ករ​អ៊ុក ជីមី វ័យ​​២៥​ឆ្នាំ អះ​អាង​​ថា នៅ​មិន​​ទាន់​ចង់​ប្តូរ​​ប្រភេទ​កីឡា​នៅ​ឡើយ​ទេ ដោយ​សារ​តែ​លោក​​ថ្នឹក​​នឹង​ជំនាញ​​ផ្នែក​ប៉េតង់​​ជា​ក្រុម​៣​ទល់​៣​នាក់ ច្រើន​ឆ្នាំ​មក​ហើយ ។ ស្រប​ពេល​ដែល​លោក​​ក៏ធ្លាប់​ល្បី​ឈ្មោះ​​ជា​កីឡា​ករ​​ជម្រើស​ជាតិ​​ផ្នែក​​ប៉េតង់​ ដោយ​មិន​មាន​​ការ​ប្រែ​ប្រួល​ទឹក​​ដៃ​ផង​​នោះ ទើប​លោក​មិន​ទាន់​​គិត​រឿង​ស្វះ​ស្វែង​ចូល​ប្រកួត​ក្នុង​នាម​ជា​ជន​ពិការ​ ដើម្បី​ទទួល​​ឱ​កាស​​ចេញ​ទៅ​ក្រៅ​​ស្រុក​នៅ​ឡើយ ។ លោក​អះ​អាង​ថា បើកុំ​តែ​​ជួប​រឿង​អកុសល​​មួ​យ​នេះ ប្រហែល​​លោក​នឹង​ក្លាយ​ជា​បេក្ខ​ជន​​តែ​ម្នាក់​គត់​​ ដែល​មាន​មុខ​នៅ​គ្រប់​គម្រោង​​ចាក​ចេញ​​ទៅ​ក្រៅ​ស្រុក​ដូច​គ្រា​មុនៗ​​ បន្ទាប់​ពី​លោក​ធ្លាប់​ទទួល​មេដាយ​ប្រាក់​ក្នុង​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ថៃ​នា​ឆ្នាំ​២០០៧ និង​មេដាយ​​សំរឹទ្ធិ​​ស៊ី​ហ្គេម​នៅ​វៀត​ណាម​​ក្នុង​ឆ្នាំ​២០០៩ រួច​មក ។

លោក​អ៊ុក ជីមី និយាយថា ការ​បាត់​បង់​​ឱ​កាស​​ចេញ​ទៅ​​ប្រកួត​​ក្រៅ​ស្រុក កំពុង​ធ្វើ​​ឱ្យ​លោក​​អស់​ឆន្ទៈ​​ប្រឡូក​​ក្នុង​អាជីព​​កីឡា​ ប៉ុន្តែ​បើ​ឱ្យ​លោក​លា​ឈប់​តែ​ម្តង គឺ​មិន​​អាច​ឡើយ ដោយ​សារ​​តែ​លោក​ស្រឡាញ់​​ជំនាញ​នេះ និង​ម្យា៉ង​​ចង់​ពុះ​ពារ​បន្ត​អាជីព​ជា​គ្រូ​បង្វឹក​​លើ​ជំនាញ​នេះជួយ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ​ដែរ ៕