រាជធានីភ្នំពេញ ៖ មន្រី្តយោធាម្នាក់ក្នុងសា្ថនភាពស្រវឹងជោកបានដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន៤គ្រាប់ធ្វើឱ្យអ្នកភូមិភ្ញាក់ផ្អើល ខណៈកំពុងដេកលង់លក់កាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី១៣ សីហា ២០១២ នៅចំណុចផ្ទះល្វែងមួយតាមបណ្ដោយផ្លូវលំក្នុងភូមិដូង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ បានឲ្យដឹងថា មន្ត្រីយោធាដែលបាញ់បោះសេរីខាងលើកម្លាំងកងរាជអាវុធហត្ថកំពុងតែស្រាវជ្រាវតាមប្រមាញ់ចាប់ បើទោះបីព្យាយាមរត់គេចខ្លួនយ៉ាងណាក៏ដោយ។ លោកបន្តថា មន្ត្រីយោធានោះត្រូវបានគេស្គាល់អង្គភាព និងអត្តសញ្ញាណរួចហើយ។
ប្រភពព័ត៌មានឲ្យដឹងថា មុនពេលផ្ទុះអាវុធមានការផឹកស៊ីដោយមនុស្សមួយក្រុម ស្រាប់តែនៅវេលាម៉ោងខាងលើ ក៏លេចមុខមន្ត្រីយោធាម្នាក់ជិះរថយន្តកាមរីចុះពីរថយន្តរួចបានដកកាំភ្លើងខ្លីម៉ាកឡុកបាញ់ឡើងទៅលើចំនួន៤គ្រាប់។ ក្រោយពីបាញ់រួចមន្ត្រីយោធាទំនើងម្នាក់នោះបានបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗផងដែរ។ ទោះបីយ៉ាងណានៅ កន្លែងកើតហេតុសមត្ថកិច្ចបានរើសសំបកកាំភ្លើងបានចំនួន៣គ្រាប់ ដើម្បីយកទៅធ្វើជាវត្ថុតាង និងស្រាវជ្រាវរកមន្ត្រីយោធាបាញ់បោះសេរី ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ