ប្រធានាធិបតីអុីរ៉ង់លោកម៉ាមូដអាម៉ាឌីណឺ ហ្សាដ ពេលឃើញសភាពការណ៍លំបាករបស់សម្ព័ន្ធមិត្តគឺប្រធានាធិបតីស៊ីរីលោកបាចា អាល់អាសាដ ចង់ស្វែងរកការជួយទ្រទ្រង់ហើយប្រឆាំងបណ្តារដ្ឋស៊ុននីតដែលទទួលការគាំទ្រដោយពួកលោកខាងលិចនិងសហរដ្ឋអាមេរិកដើម្បីសង្គ្រោះជំហរអុីរ៉ង់ ។
មុនពេលនៃកិច្ចប្រជុំរយៈពេល២ថ្ងៃនៅក្រុងឡាម៉ិច របស់អង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម OCI ផ្តោតលើវិបត្តិស៊ីរីលោកអាម៉ាឌីណឺហ្សាដ បានអំពាវនាវដល់បណ្តាប្រទេសអ៊ិស្លាមឱ្យរួបរួមគ្នា ។ក្នុងទសវត្សចុងក្រោយនេះអុីរ៉ង់រីករាយចំពោះការដួលរលំនៃរបបលោកសាដាម ហ៊ូសេននៅអីុរ៉ាក់ និងរបបតាលីបង់ នៅអាហ្វហ្គានីស្ថាន ដែលជាសត្រូវសំខាន់២របស់ខ្លួនដែលត្រូវកម្ទេចដោយសហរដ្ឋអាមេរិក ។ ក៏ប៉ុន្តែពេលនេះអុីរ៉ង់ខ្វាយខ្វល់ពីការបាត់លំនឹងវិញ ប្រសិនបើពួកស៊ុននីតដណ្តើមបានជ័យជំនះក្នុងការបះបោរនៅស៊ីរី ដែលនឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់រដ្ឋអំណាចអុីរ៉ង់ បច្ចុប្បន្នខណៈអុីរ៉ង់ប្រឹងរកផ្លូវទប់ទល់នឹងអុីស្រាអែលព្រមទាំងសហរដ្ឋអាមេរិក ។
ផ្លូវទប់ទល់នេះបានបាត់បង់អ្នកគាំទ្រមួយរូចហើយក្នុងចំណោមពួកអ្នកគាំទ្រគឺក្រុមហាម៉ាស់ ប៉ាឡេស្ទីន ដែលងាកមកប្រឆាំងលោកបាចាអាល់អាសាដ ចាប់តាំងពីច្រើនខែមកហើយ ព្រោះតែការបង្ក្រាបបង្ហូរឈាមប្រឆាំងពួកបះបោរដែលរួមមានក្រុមបងប្អូនអ៊ិស្លាមដែរ ។ម្យ៉ាងទៀតការដួលរលំនៃរបបលោកអាសាដនឹងធ្វើឱ្យពួកស៊ីអុីត ហេសប៊ុលឡា លីបង់ ចុះខ្សោយដែរ ។ ម្យ៉ាងទៀតប្រសិនបើលោកអាសាដដួលរលំ ក៏ធ្វើឱ្យជីវិតរដ្ឋាភិបាលអុីរ៉ាក់ជួបការលំបាកដែរ ។ ក្រុងបាដាដ ខ្លាចពួកស៊ុននីតក្តាប់អំណាចនៅស៊ីរីជំនួសលោកអាសាដនិងសហគមន៍អាឡាហ្វីតជាសាខាស៊ីអុីតមួយរបស់លោក ។
ដោយឡែកអ្នកការទូតស៊ីរីម្នាក់ប្រចាំអ.ស.ប នៅក្រុងហ្សឺណែវ លោកដានីអាល់ បាអាដ បានរត់ចោលជួរ ។ លោកជាលេខាធិការទី៣នៃបេសកកម្មអចិន្ត្រៃយ៍របស់ស៊ីរីប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ។ អ្នកការទូតរូបនេះអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានស្វ៊ីស ATS ថា ខ្ញុំគិតថាខ្ញុំពុំអាចនៅបម្រើប្រទេសខ្ញុំក្នុងជួររដ្ឋាភិបាលទៀតឡើយ ហើយខ្ញុំនឹងស្នើសុំសិទ្ធិជ្រកកោននយោបាយនៅស្វ៊ីស ៕
ចែករំលែកព័តមាននេះ