រាជធានីភ្នំពេញ ៖ គ្រាន់តែរយៈពេលមួយសប្តាហ៍ក្នុងខែសីហា ២០១២ ការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងប្រទេសចំនួន៣ករណីជាបន្តបន្ទាប់ហើយឃាត់ខ្លួនជនសង្ស័យជាស្ត្រីជនជាតិថៃ៤នាក់ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងម្សៅកូកាអីុនជាង១០គីឡូក្រាមដែលពួកគេបម្រុងនាំចេញទៅប្រទេសថៃ ។
កងសន្តិសុខប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាននិយាយថា នៅល្ងាចថ្ងៃទី១៣ សីហា ២០១២ វេលាម៉ោង៥និង២២នាទីល្ងាចសមត្ថកិច្ចគយប្រចាំការនៅចំណុចច្រកអ្នកដំណើរមកដល់ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ RODSIRI RUNG TIWA អាយុ២៤ឆ្នាំ ជនជាតិថៃកាន់លិខិតឆ្លងដែនបេ៦៦៧៧១៦ ធ្វើដំណើរតាមជើងយន្តហោះលេខ MI 608 សិង្ហបុរី-ភ្នំពេញ ក្រោយពីគយឆែកឆេរក្នុងវ៉ាលីសរកឃើញម្សៅកូកាអីុនចំនួន១០ដុំស្មើនឹងទម្ងន់១២.៩០២ក្រាមដែលស្ត្រីនេះបម្រុងនាំចេញទៅប្រទេសថៃ ។
ដោយឡែកនៅថ្ងៃដដែលវេលាម៉ោង៨និង៤០នាទីព្រឹកគយប្រចាំនៅចំណុចច្រកអ្នកដំណើរមកដល់ក៏បានបង្ក្រាបគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣ដុំស្មើនឹងទម្ងន់៤.៧៤៧ក្រាម និងឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ឈ្មោះ PIW JANSOD UTSANEE អាយុ២០ឆ្នាំ កាន់លិខិតឆ្លងដែនសេ៩០៩៩៣៥ ធ្វើដំណើរតាមជើងយន្តហោះ MI 622 សិង្ហបុរី-ភ្នំពេញ ។ កាលពីថ្ងៃទី៧ សីហា ២០១២ កន្លងមក ការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឃាត់ខ្លួនស្ត្រីជនជាតិថៃ២នាក់ បន្ទាប់ពីឆែកឆេររកឃើញម្សៅកូកាអីុន៦ដុំស្មើនឹងទម្ងន់៣៦.០៦៦ក្រាម ដែលលាក់ទុកនៅក្នុងវ៉ាលីស ខណៈពួកគេធ្វើដំណើរតាមជើងយន្តហោះលេខ MI608 សិង្ហបុរី-ភ្នំពេញ ។ បច្ចុប្បន្នស្ត្រីថៃទាំងពីរនាក់ម្នាក់ឈ្មោះ PHUMDEE VARANGKANA អាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ TANGBOON KETKARN អាយុ២៩ឆ្នាំ ត្រូវបានតុលាការរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យនគរបាលឃុំខ្លួនបណ្តោះអាសន្ន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ