ខេត្តស្ទឹងត្រែង ៖ ថ្ងៃទី១៣ សីហា ២០១២ សមត្ថកិច្ចចម្រុះបានចុះរឹបអូសឈើប្រណីតប្រភេទធ្នង់ជាច្រើនរយកំណាត់ដែលមានមុខកាត់ធំជាប្រភេទត្រូវប៉ាន់ក្នុងការនាំចេញទៅលក់នៅប្រទេសវៀតណាម ដោយឈ្មួញទុច្ចរិតបានដាក់ពង្រាយតាមមាត់ទន្លេសេកុង និងសេសាន ។
តាមការឱ្យដឹងពីលោកសិទ្ធ សំណាង នាយផ្នែករដ្ឋបាលព្រៃឈើខេត្តថា កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានចុះរឹបអូសឈើនៅចំណុចជួរអ្នកតា ស្ថិតក្នុងឃុំស្រែគ ស្រុកសេសាន បានជាង១០០កំណាត់ជាប្រភេទឈើធ្នង់។ ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងរយៈពេល៣ថ្ងៃកន្លងមក និងបានប្រមូលឈើទាំងនោះទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើឃុំស្រែគ ។ លោកបន្តថា រហូតមកដល់ពេលនេះនូវមិនទាន់ដឹងពីចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេ ហើយកំពុងតែស្វែងរកឈើទាំងនោះដែលឈ្មួញយកមកលាក់ទុកនៅក្នុងព្រៃក្បែរមាត់ច្រាំងទន្លេសេសានជាបន្តទៀត ។
ឈើប្រណីតដែលមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសហការជាមួយនគរបាលខេត្ត ចុះប្រតិបត្តិការបង្ក្រាបរឹបអូសតាមដងទន្លេសេកុង និងសេសានបានឈើធ្នង់ប្រភេទត្រូវប៉ាន់ដូចគ្នាចំនួនជាង២០០កំណាត់ នៅក្នុងភូមិសាស្ត្រ៣ គឺចំណុចអូរឃ្លៀង, អូរចំណាប, កោះត្បែង, ក្នុងស្រុកសៀមប៉ាង។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញប្រចាំនៅតំបន់អភិវឌ្ឍន៍ញឺន ឃុំស្តៅ ស្រុកសេសាន ។
មន្ត្រីរដ្ឋបាលព្រៃឈើបន្តឱ្យដឹងថា ឈើដែលរឹបអូសបានតាមដងទន្លេក្នុងភូមិសាស្ត្រខាងលើ គឺមិនទាន់មានចំណាត់ការថា នឹងប្រមូលទៅទុកនៅកន្លែងណាច្បាស់លាស់នៅឡើយ ដោយសារតែទីតាំងលាក់ស្តុកឈើរបស់ក្រុមឈ្មួញ វានៅឆ្ងាយពីទីតាំងរបស់រដ្ឋបាលព្រៃឈើពេក ។ ប៉ុន្តែទោះបីជាយ៉ាងណាកម្លាំងជំនាញ និងរកមធ្យោបាយដឹកជញ្ជូនតាមកាណូតយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ