រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់អាណត្តិបំពេញបេសកកម្មការងារជាប្រធានសហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមប្រចាំនៅកម្ពុជារយៈពេល២ឆ្នាំកន្លងមកនេះ លោកស្រីលេណា កាម៉ារ៉េណិន បានអញ្ជើញចូលជួបជម្រាបលាលោកជំទាវឃួន សុដារី តំណាងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៣ សីហា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
លោកជំទាវម៉ែន នារីសោភ័គ អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា បានថ្លែងថា នៅក្នុងកិច្ចជំនួបពិភាក្សានោះលោកជំទាវឃួន សុដារី បានកោតសរសើរចំពោះសមត្ថភាពការងាររបស់លោកស្រីលេណា កាម៉ារ៉េណិន ដែលបានធ្វើជាអ្នកសម្របសម្រួលការងាររវាងកាកបាទក្រហមកម្ពុជា ជាមួយនឹងដៃគូអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា និងដៃគូផ្តល់ជំនួយអន្តរជាតិនានា និងបានគោរពភាពជាម្ចាស់ផ្ទះរបស់កាកបាទក្រហមកម្ពុជា ។
លោកស្រីលេណា កាម៉ារ៉េណិន បានថ្លែងថា លោកស្រីពេញចិត្តចំពោះការងារនៅក្នុងប្រទេសកម្ពុជា ដោយទទួលបាននូវភាពរាក់ទាក់ពីប្រជាពលរដ្ឋកម្ពុជាដែលជាជនជាតិមួយមិនប្រកាន់ពូជសាសន៍ ។ ប៉ុន្តែបេសកកម្មការងាររបស់លោកស្រីបានចំណាយពេលនៅក្នុងប្រទេសឡាវច្រើនជាងនៅក្នុងប្រទេសកម្ពុជា ដោយសារតែលោកស្រីបានមើលឃើញភាពរឹងមាំក្នុងការដឹកនាំរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានធ្វើឱ្យកាកបាទក្រហមកម្ពុជាមានភាពរីកចម្រើន មានរចនាសម្ព័ន្ធត្រឹមត្រូវ អនុវត្តការងារតាមគម្រោងផែនការត្រឹមត្រូវដែលបានគ្រោងទុក មាននយោបាយការទូតមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្កើតបាននូវវប្បធម៌ចែករំលែក និងទទួលបាននូវការជួយគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ ។
នៅក្នុងថ្ងៃដដែលនោះដែរ លោកស្រីណ័រហ្វាសេន អឹុមឌីចាហ្វា ភារធារី នៃស្ថានទូតប្រុ៊យណេដារុយសាឡឹម បាននាំយកថវិកាចំនួន៧ម៉ឺនដុល្លារអាមេរិកជូនដល់កាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវឃួន សុដារី ដើម្បីជួយគាំទ្រដល់គម្រោងអនុវត្តការថែទាំសុខភាពនៅក្នុងសហគមន៍ក្នុងខេត្តក្រចេះ ដែលថវិកាទាំងនោះបានមកពីប្រជាពលរដ្ឋប្រ៊ុយណេ ។
បន្ទាប់ពីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋប្រ៊ុយណេតាមរយៈភារធារីស្ថានទូតប្រ៊ុយណេ រួចហើយ លោកជំទាវឃួន សុដារី បានបន្តទទួលជួបពិភាក្សា និងទទួលយកអំណោយពីលោកជំទាវង៉ូវ ម៉ុច ប្រធានក្រុមហ៊ុនអីុ អឹម អេអិចអិច ដែលបានផ្តល់ចានបាយ និងចានសម្ល ចំនួន៥៥.២០០ចាន ដល់កាកបាទក្រហមកម្ពុជាដើម្បីជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
លោកជំទាវឃួន សុដារី បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរធម៌របស់ក្រុមហ៊ុនហើយចានទាំងនោះកាកបាទក្រហមកម្ពុជានឹងយកទៅប្រើប្រាស់សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យតាមការណែនាំរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕


ចែករំលែកព័តមាននេះ