ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរខេត្តទៅទទួលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីយោធាឡាវចាប់ និងឃុំខ្លួននៅទីបញ្ជាការយោធាខេត្តចម្ប៉ាសាក់អស់រយៈ១០ថ្ងៃកន្លងមក។ ការទៅទទួលយកពលរដ្ឋខ្មែរនេះគឺ បន្ទាប់ពីលោកមេបញ្ជាការយោធាខេត្តចម្ប៉ាសាក់ ទូរស័ព្ទមកអាជ្ញាធរខេត្តស្ទឹងត្រែងនៅថ្ងៃទី៩ សីហា ឱ្យទៅទទួលពលរដ្ឋខ្មែរម្នាក់នោះត្រឡប់មកវិញ ។
លោកស៊ុយ អ៊ិនឡន អភិបាលរងស្រុកសៀមប៉ាង បានប្រាប់កោះសន្តិភាព កាលពីព្រឹកថ្ងៃទី១១ សីហា ថា ពលរដ្ឋខ្មែរម្នាក់នោះត្រូវកងកម្លាំងយោធាការពារព្រំដែនឡាវចាប់ខ្លួនកាលពីថ្ងៃទី៣០ កក្កដា កន្លងទៅ ។ បន្ទាប់ពីជួបប្រជុំជាមួយមេបញ្ជាការយោធាខេត្តចម្ប៉ាសាក់ភាគីឡាវបានធ្វើលិខិតផ្ទេរ និងប្រគល់ពលរដ្ឋខ្មែរម្នាក់នោះមកវិញ និងធ្វើលិខិតកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀត ។
លោកស៊ុយ អ៊ិនឡន បានឱ្យដឹងបន្ថែមថាពលរដ្ឋខ្មែរដែលអាជ្ញាធរយើងទៅទទួលមកវិញនេះឈ្មោះចាន់ ធី អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំសេកុង ស្រុកសៀមប៉ាង ត្រូវកម្លាំងយោធាឡាវចាប់ខ្លួននៅចំណុចបង្គោលសីមាលេខ៦៥ ហើយបញ្ជូនទៅឃុំខ្លួននៅបញ្ជាការដ្ឋានយោធាខេត្តចម្ប៉ាសាក់អស់រយៈពេល១០ថ្ងៃ ។
តាមរបាយការណ៍របស់វរនគរបាលការពារព្រំដែនលេខ៧០១ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០១១ មកដល់ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១២ ប្រជាពលរដ្ឋខ្មែរដែលត្រូវទាហានឡាវចាប់ខ្លួនមានចំនួន៨៩នាក់ តែត្រូវដោះលែងមកវិញបានចំនួន៨១នាក់ នៅសល់ចំនួន៨នាក់ទៀតខ្លះជាប់ឃុំនៅបញ្ជាការដ្ឋានយោធាខេត្តចម្ប៉ាសាក់ និងក្នុងពន្ធនាគារខេត្តចម្ប៉ាសាក់ និងខ្លះទៀតកំពុងជាប់ឃុំនៅស្រុកមឿងខូង ខេត្តចម្ប៉ា សាក់ ប្រទេសឡាវ ។
ប្រភពពីមន្ត្រីសមត្ថកិច្ចការពារព្រំដែនឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលត្រូវទាហានឡាវចាប់ខ្លួនកន្លងទៅមកទល់នឹងបច្ចុប្បន្ននេះ ដោយសារការចូលទៅកាប់ និងលួចឈើក្នុងទឹកដីឡាវ ។ ដោយសារតែតម្លៃឈើគ្រញូងថ្លៃដូចមាស ធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ចាញ់ឧបាយកលទឹកប្រាក់របស់ក្រុមឈ្មួញឱ្យលួចចូលទៅកាប់ឈើក្នុងទឹកដីឡាវ ដែលនាំឱ្យមានការចាប់ខ្លួនជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ