ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​ព័ទ្ធ​ចាប់​​រថយន្ត​ទំនើប​​​​​របស់​ស្ត្រី​​​​​​2​នាក់​បង្ក​​​ប់​គ្រឿង​ញៀន​

13 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ ស្ត្រី​២​​នាក់​​ត្រូវ​កងរាជ​អាវុធ​​ហត្ថ​​​ខេត្ត​ស្ទឹងត្រែង​​ចាប់​ខ្លួន​​​ជាមួយ​​ថ្នាំ​ញៀន​​​ប្រភេទ​យ៉ាម៉ា​​​ទឹកកក​​​ចំនួន​​​២ខាំ ​ចំណែក​​បុរស​ម្នាក់​​ទៀត​​រត់​​បាត់​ចោល​​​រថយន្ត​ទំនើប​​​​ ។ ការ​ឡោមព័ទ្ធ​​ចាប់​​មុខសញ្ញា​​​​​ជួញដូរ​​​ថ្នាំញៀន​​នេះ​បង្ក​​​ឱ្យ​មានការ​​​ភ្ញាក់​ផ្អើល​​​យ៉ាង​​ខ្លាំង​ចំកណ្តាល​​​ក្រុង​ស្ទឹង​ត្រែង កាលពី​វេលាម៉ោង​២​និង​៤០នាទី​រសៀល​ថ្ងៃទី​​១៣ សីហា ។​

​​តាម​ព័ត៌​​មាន​ជំហាន​ដំបូង​​ពីកង​រាជអាវុធ​ហត្ថ​​ខេត្ត​ថា នេះជា​មុខ​សញ្ញា​​ជួញដូរ​ថ្នាំញៀន​​​ដែល​មាន​ការ​ណាត់​​​ជួប​គ្នា​​ដើម្បី​ប្រគល់​​ ​តែ​ខណៈ​​ពេល​ដឹង​​​​មុខសញ្ញា​​​ប្រាកដ​​​ហើយ​​​នោះ​ ​កងរាជអាវុធ​ហត្ថ​​បាន​​រាយ​កម្លាំង​ស្ទាក់​ចាប់​រថយន្ត​​​ស៊េរី​​​ទំនើប​មួយ​​​គ្រឿង​​​​ម៉ាក​​ហាយ​ប្រ៊ីដ​​ ពណ៌​​ខ្មៅ ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន​​លេខ​​៣២៦៧ ។ ​​

បន្ទាប់​​ពី​ដឹង​​​ថា កងរាជ​​អាវុធ​​​ហត្ថ​ស្ទាក់​ចាប់​​​ ម្ចាស់​​រថយន្ត​​បាន​​ប្រឹង​​​បើក​​​គេច​​​ក៏ជ្រុល​ទៅ​បុករថយន្ត​​​​​របស់​​កងរាជអាវុធ​​ហត្ថ​​លាន់​​​យ៉ាង​ខ្លាំង រួច​ម្ចាស់​​បាន​បើក​ទ្វារ​រថយន្ត​​​លោត​ផ្លោះ​​​របង​គេច​ខ្លួន​​ តែទោះបីជា​យ៉ាង​ណាក្តី កងរាជ​អាវុធ​ហត្ថ​​​​ដែល​​បាន​ពង្រាយ​កម្លាំង​ឡោមព័ទ្ធ​​​ចាប់​​ដដែល ។ ប្រជា​ពល​រដ្ឋ​​​​ដែល​​ឃើញ​​ហេតុការណ៍​​បាន​​និយាយ​​ថា សកម្ម​​​ភាព​​​ដេញ​តាម​​​​រថយន្ត​ស៊េរី​ទំនើប​​​នេះ​​ មាន​សកម្មភាព​​​​ដូច​រឿង​​​វីដេអូ​​​ហុង​កុង ទម្រាំ​​​​តែស្ទាក់​​​​ចាប់​​បាន ។

​ស្ត្រី​ជា​ប្រពន្ធ​​របស់​មុខសញ្ញា​​​​រត់​គេចខ្លួន​​​​​ទុក​ចោល​​​​រថយន្ត​​ទាំង​​​ម៉ាស៊ីន​​កំពុង​​​​ឆេះ​​នោះ​បាន​និយាយ​ថា ថ្នាំញៀន​​​​នេះ​​​ខ្លួន​បាន​​​យក​មក​​ពី​ប្រទេសឡាវ​និង​មាន​​​ការ​​ដោះ​ដូរ​​​​ទៅ​ឱ្យ​ស្ត្រី​​​​​ម្នាក់​ជាម្ចាស់​​រោង​​សិប្បកម្ម​​​កែច្នៃ​គ្រឿង​សង្ហា​រិម​​ នៅ​​​​ភូមិថ្មី​​ សង្កាត់​​ស្ទឹង​ត្រែង​​ ។  ស្ត្រី​រូបនេះ បាន​និយាយ​នៅ​មុខ​ព្រះរាជអាជ្ញា​និង​​​​​លោក​​​មេបញ្ជា​ការ​​​កងរាជអាវុធហត្ថ​​ថា ថ្នាំញៀន​​​ដែល​ខ្លួន​​​យកទៅ​​ដោះដូរ​នោះ​មាន​ទម្ងន់​​២ខាំ​ក្នុង​តម្លៃ៨​ពាន់​​ដុល្លារ ។

ប្រភព​​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា ​មុខសញ្ញា​​​ដែល​​ឃាត់​​​ខ្លួន​​ជា​ស្ត្រី​​​២នាក់​ ម្នាក់​ឈ្មោះ​​ក្រង ពិសី ជាប្រពន្ធ ជនដែល​​​​រត់​គេចខ្លួន​ឈ្មោះ​​​ពៅ​ ជា​ទាហាន​ ​​​និង​​ស្ត្រី​ជា​អ្នកទទួលទិញ​​​ម្នាក់​​​ទៀត ​ឈ្មោះ​​​ធឿន​ ​ជា​ម្ចាស់​​​​​សិប្បកម្ម​កែច្នៃ​​គ្រឿង​​​​​សង្ហា​រិម​ ។ មុខសញ្ញា​​​​​ទាំង​៣​​នាក់​​នោះ​មាន​​លំនៅ​​ក្នុង​ភូមិថ្មី​ សង្កាត់​​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ៕​