ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១១ សីហា នៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម មានប្រារព្ធពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារចំនួន៣ខ្នង ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងដោយទទួលបានការឧបត្ថម្ភពីសំណាក់ដៃគូសន្តិសុខអន្តរជាតិ គឺសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ។
ពិធីនេះបានប្រារព្ធធ្វើក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកជំទាវផេន រីឆាដ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា លោកវីល្លៀម ថត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ រួមជាមួយនាយនាវី នាយនាវីរងនៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមយ៉ាងច្រើនកុះករ ។
លោកឧត្តមនាវីឯក ទៀ វិញ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ និងជាមេបញ្ជាការកងទ័ពជើងទឹក បានថ្លែងថា អគារចំនួន៣ខ្នង ដែលដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃនេះគឺបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១ និងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ដោយចំណាយថវិកាសរុបអស់ចំនួន៦៦៤.១៤៨ដុល្លារសហរដ្ឋអាមេរិក ។ អគារទី១ជាអគារសង់ថ្មីសម្រាប់ការហ្វឹកហ្វឺនរៀនសូត្រ មានទំហំ៤៣៥ម៉ែត្រក្រឡា មាន២ជាន់ ដែលជាន់ទី១ មាន សាលប្រជុំ បន្ទប់ហ្វឹកហ្វឺន និងការិយាល័យធ្វើការរបស់គ្រូ ជាន់ទី២ មានបន្ទប់សម្រាក និងបន្ទប់អនាម័យ ។ អគារទី២ មានទំហំ៥៩ម៉ែត្រក្រឡា មានបន្ទប់ទឹករួមសម្រាប់បុរស ចំនួន៥បន្ទប់ មានបង្គន់៥ បន្ទប់បត់ជើងតូចចំនួន៤ និងលុបមុខ៤ ។ បន្ទប់សម្រាប់ស្ត្រីមានចំនួន៩ បង្គន់២ និងបន្ទប់លុបមុខ៤ ។ អគារទី៣ មាន២ជាន់ ទំហំ៤៩០ម៉ែត្រក្រឡា ជាអគារកែច្នៃជួសជុល ។ នៅជាន់ទី១ មានបន្ទប់ទទួលទានអាហារ សាលប្រជុំ ការិយាល័យធ្វើការ បន្ទប់អ្នកបម្រើការ ឃ្លាំងសម្ភារ និងបន្ទប់អនាម័យ រីឯជាន់ទី២ មានបន្ទប់ទទួលភ្ញៀវ បន្ទប់រង់ចាំ ការិយាល័យធ្វើការ បន្ទប់ទឹក និងឃ្លាំងសម្ភារ ។
លោកឧត្តមនាវីឯកទៀ វិញ បានឱ្យដឹងទៀតថា សមុទ្រកម្ពុជាជាផ្នែកមួយនៃឈូងសមុទ្រសៀម មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម-ថៃ លាតសន្ធឹងតាមបណ្តោយភូមិសាស្ត្រខេត្តជាប់សមុទ្រ គឺខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ។ ការគំរាមកំហែងទាំងឡាយលើផ្ទៃសមុទ្រ មានជាអាទិ៍ ចោរសមុទ្រ ការប្លន់ប្រដាប់អាវុធនៅលើនាវា ការចាប់ជំរិតនាវា ។ល។ ដែលរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជីវភាពសង្គម នៃបណ្តារដ្ឋជាប់ឆ្នេរក៏ដូចជារដ្ឋគ្មានឆ្នេរ។ ទន្ទឹមនឹងការគំរាមកំហែងដូចបានរៀបរាប់ខាងលើ សមុទ្របាននិងកំពុងប្រឈមនឹងការគំរាមកំហែងផ្សេងៗទៀត មានជាអាទិ៍ អំពើភេរវកម្ម ការរត់ពន្ធគ្រឿងញៀន និងអាវុធ ការនេសាទខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន អន្តោប្រវេសន៍ខុសច្បាប់ ការបំពុលបរិស្ថាន និងគ្រោះមហន្តរាយនានា ។ល។ ដោយសារវិសាលភាពដ៏ធំល្វឹងល្វើយមានភាពតភ្ជាប់គ្នាឥតព្រំដែននោះ សកម្មភាពល្មើសច្បាប់ទាំងឡាយអាចនឹងត្រូវបានបង្កឡើងនៅទីកន្លែងមួយ ហើយចល័តរាលដាលដល់ទីកន្លែងផ្សេងទៀត ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកនាយឧត្តមសេនីយ៍ទៀ បាញ់ បានថ្លែងកោតសរសើរចំពោះស្នាដៃដែលសម្រេចបានទាំងការកសាងអគារទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ក៏ដូចជាដំណើរការការងារប្រតិបត្តិការរក្សាសន្តិសុខលើលំហសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ។ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីទូតអូស្ត្រាលី និងអាមេរិកចំនួន៣នាក់ រួមនឹងនាយនាវី ចំនួន២៥នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក ។ គ្រឿងឥស្សរិយយស ដែលបានបំពាក់នាឱកាសនោះមានថ្នាក់មហាសេរីវឌ្ឍន៍ មហាសេនា ធិបឌិន្ទ និងថ្នាក់សេនា ៕




ចែករំលែកព័តមាននេះ