ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​​​កំពង់​​ព្រះ​​​​កំពុង​​ទ្រុឌទ្រោម​​​​ទាមទារ​​​ការថែទាំ

11 ឆ្នាំ មុន

ខេត្ត​កំពង់​​​​ឆ្នាំង​ ៖ ប្រាសាទ​​​កំពង់​ព្រះ​គឺ​​ជា​ប្រាសាទ​​មួយ​​​​​មាន​​អាយុ​កាល​​​​​ចំណាស់​​​​​ជាង​គេ​​​​ក្នុង​​ចំណោម​​​ប្រាសាទនានា​នៅក្នុងខេត្ត​កំពង់ឆ្នាំង ។ ប្រាសាទនេះមានទីតាំងស្ថិតក្នុងភូមិកំពង់ព្រះ ​ឃុំឆ្នុក​ទ្រូ ស្រុកបរិបូណ៌ មានចម្ងាយ​សរុប៤៤​គីឡូម៉ែត្រពីទីរួមខេត្ត។
លោក​សុខ ធួក ប្រធាន​មន្ទីរ​វប្បធម៌​​និង​វិចិត្រ​សិល្បៈខេត្ត មានប្រសាសន៍​ថា ប្រាសាទ​កំពង់ព្រះបានកសាងឡើងក្នុងសតវត្សទី៨​​

ខេត្ត​កំពង់​​​​ឆ្នាំង​ ៖ ប្រាសាទ​​​កំពង់​ព្រះ​គឺ​​ជា​ប្រាសាទ​​មួយ​​​​​មាន​​អាយុ​កាល​​​​​ចំណាស់​​​​​ជាង​គេ​​​​ក្នុង​​ចំណោម​​​ប្រាសាទនានា​នៅក្នុងខេត្ត​កំពង់ឆ្នាំង ។ ប្រាសាទនេះមានទីតាំងស្ថិតក្នុងភូមិកំពង់ព្រះ ​ឃុំឆ្នុក​ទ្រូ ស្រុកបរិបូណ៌ មានចម្ងាយ​សរុប៤៤​គីឡូម៉ែត្រពីទីរួមខេត្ត។
លោក​សុខ ធួក ប្រធាន​មន្ទីរ​វប្បធម៌​​និង​វិចិត្រ​សិល្បៈខេត្ត មានប្រសាសន៍​ថា ប្រាសាទ​កំពង់ព្រះបានកសាងឡើងក្នុងសតវត្សទី៨​​ក្នុង​​​រាជ​ក្សត្រិយ៍​ជ័យទេវី ។ ប្រាសាទ​នេះស្ថិត​​​ក្នុង​​រចនាបទ​កំពង់ព្រះមុនសម័យអង្គរ ​។    

លោកស៊ីវ រុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​​រៀបរាប់​ថា ដើម្បីធ្វើដំណើរទៅកាន់​ប្រាសាទ​កំពង់​​ព្រះ ​ភ្ញៀវទេសចរ​ទាំង​ឡាយត្រូវ​​ឆ្លង​កាត់ទី​រួម​ខេត្ត​កំពង់ឆ្នាំង ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៥ និងចូលតាមផ្លូវលំ​មានចម្ងាយ​៤៤​គីឡូម៉ែត្រ ​ដោយ​ចំណាយពេល​ប្រមាណ១ម៉ោង​​៣០​នាទី។ គេអាច​ធ្វើដំណើរ​តាមផ្លូវទឹក​ក៏បាន​​ដោយ​ត្រូវជិះ​កាណូតពី​កំពង់ផែផ្សារក្រោម ​ក្នុង​រយៈ​ពេលជាង​២ម៉ោង ។

ប្រាសាទកំពង់ព្រះ​កសាង​លើដី​ទួល​​មួយ​ក្នុង​បរិវេណ​វត្តកំពង់ព្រះ​ដែលពីបុរាណ​កាល​​មកគេ​​​​ហៅតៗគ្នាមកថា​«វត្តទួលព្រះ​ស្រី​ពិជ័យ​សូរ​វង្សកំពង់ព្រះ» ។ នៅទីនោះ​គេឃើញ​មាន​ប្រាសាទចំនួនពីរឈរទន្ទឹម​គ្នា​ គឺប្រាសាទ​ស្រី​និងប្រាសាទប្រុស​​ដែល​​​ទាំងពីរ​​ប្រាសាទ​​​​នេះ​គេ​​ហៅ​​ថា ​​ប្រាសាទ​​«កំពង់​​ព្រះ»​ ។ នៅ​​ខែ​វស្សា​ពេលទឹកលិចព័ទ្ធ​ទីទួលនៃ​ប្រាសាទ​ ហើយ​យើង​ក្រឡេក​មើលពី​ចម្ងាយ​ចំមុខ​ខ្លោង​ទ្វារ​ចូលនៃ​ប្រាសាទ​យើងនឹងឃើញ​សភាព​ស្ងាត់ជ្រងំ​ដែល​បញ្ជាក់ថា ប្រាសាទ​ទាំងពីរនេះ​មិនសូវ​មានអ្នក​ណា​​ទៅដល់និង ទទួលការ​អភិរក្ស​ដោយ​ប្រក្រតីឡើយ ។​

នៅ​ជុំវិញប្រាសាទ​ក៏ដូចជាទីទួល​ប្រាសាទ​សម្បូរ​ដោយ​ព្រៃរនាម ដែល​ពិបាក​កាប់ឆ្ការ​ដោយ​​ហេតុថា នៅរដូវប្រាំង​​ប្រជាពល​រដ្ឋ​​ទៅ​តាំងទីលំនៅ​នៅ​ជិតទីទួលមួយនេះ ប៉ុន្តែ​នៅ​រដូវ​វស្សា​ពេលទឹក​ទន្លេសាប​ជន់ឡើង​មក​​ទើប​ពួក​គាត់រើទីជម្រកផ្ទះសម្បែង​ទៅ​តាំង​នៅ​បណ្តោះ​អាសន្ន​ជុំវិញទីទួលប្រាសាទវិញ​ ។ បើយើងចូលតាមខ្លោងទ្វារវត្តទិសខាងជើង​ចម្ងាយ​​ប្រមាណ​៣០​ម៉ែត្រ​យើង​នឹ​ង​ឃើញ​ទិដ្ឋ​ភាព​អណ្តូងប្រេងមួយ​ស្ថិតនៅខាងជើងឆៀង​ខាង​លិចប្រាសាទទាំងពីរដែលបច្ចុប្បន្ន​​ត្រូវ​កម្ទេចកម្ទី​​បាក់ធ្លាក់ចូល​ ព្រមទាំង​មាន​សម្រាម​ផ្សេងៗដែលប្រជាពលរដ្ឋយកទៅចាក់​​លុប​បង្ការកុំឱ្យ​មានគ្រោះថ្នាក់ដល់កូនចៅ​របស់​គាត់ និង​ម្យ៉ាង​ទៀត​ដោយ​ធម្មជាតិដីបាក់​លុប​អណ្តូង​ជិតយើងមិនអាច​មើលឃើញ​ជាក់​លាក់​បាន​ឡើយ ។ ​នៅក្បែរ​អណ្តូងយើង​ឃើញ​មានទម្រ​លិង្គមួយដែលធ្វើអំពីថ្ម «មាន​គន្លាក់​ដំណាប់តាម​ប្រភេទលិង្គ»។

ប្រាសាទ​នេះបុព្វបុរសយើង​ធ្វើ​ឡើង​​​សម្រាប់​ឧទិ្ទស​ចំពោះ​លិទ្ធិ​ទេវរាជ​តាមបែប​ព្រហ្មញ្ញ​សាសនា ។ ចំណែករូបលិង្គព្រះឥសូរ  ត្រូវ​​មន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈខេត្ត​យក​ទៅ​រក្សា​​ទុក​នៅសារមន្ទីរ​ខេត្ត​ដើម្បី​​ចៀស​វាង​ការ​បាត់​បង់​ដោយប្រការផ្សេងៗ ។​​ ទម្រនិងលិ​ង្គ​កសាង​ឡើងទុកជា​តង្វាយ​ និង​ទុកជា​និមិត្ត​រូប​នៃ​ជ័យជម្នះ​​ក្នុងការធ្វើ​សឹក​សង្គ្រាម​នាសម័យ​សតវត្យ​ទី៧និងទី៨ ។
ចេញ​ពីទីតាំងអណ្តូងប្រេង​ប្រមាណ៣០​ម៉ែត្រ​​យើង​​នឹងទៅដល់មុខប្រាសាទទាំងពីរ​ដែលជាទី​ចាប់អារម្មណ៍ ។ តួប្រាសាទពីរ​សាង​សង់បែរ​មុខទៅទិសខាងជើង​ឆ្ពោះទៅរកទន្លេ​​សាប​ដែល​នៅចម្ងាយ​ប្រមាណជាង​១គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ។ ប្រាសាទនេះ​ស្ថិតនៅបរិវេណ​គ្រប់​គ្រង​​​ដោយ​វត្តកំពង់ព្រះ​ មានផ្ទៃក្រឡា​១០.០០០​ម៉ែត្រការ៉េ ជាកម្មសិទ្ធិ​សាធារណៈ​ដែល​បានសាង​សង់​ឡើងអំពីឥដ្ឋ និងថ្មភក់ ។

ប្រាសាទស្រី​មានទំហំ៦គុណ​នឹង៥ម៉ែត្រ មាន​កម្ពស់​១០ម៉ែត្រ មានទ្វារបញ្ឆោតចំនួន៣ សម្រាប់​ជ្រុង​៣​ និងទ្វារ​អាចចូល​ទៅក្នុង​ប្រាសាទ​​បានមាន១​ បែរទៅទិសខាងជើង។ នៅលើ​គ្រប់​ខ្លោងទ្វារ ​លើផ្តែរ សសរពេជ្រ ឬសសរ​​ទាំង៤ យើង​ឃើញក្បាច់​ចម្លាក់​ដ៏រស់​រវើក​ទាំងក្បាច់​ភ្ញីផ្កា និងក្បាច់ផ្សេងៗបញ្ជាក់​បាន​ថា ភាពសម្បូរ​រុង​រឿងថ្កុំថ្កើង​ មានឥទ្ធិពល​ប្រកប​​ដោយ​ការគោរព​បូជាដល់​លទ្ធិព្រហ្មញ្ញ​សាសនា និងមាន​ជំនឿ​ជឿ​ជាក់លើស្នាដៃរបស់​ខ្លួន​ដើម្បីឧទិ្ទស​ចំពោះ​បុព្វ​​បុរសនាយុគ​សម័យ​នោះ ។ យើង​អាច​សន្និដ្ឋានបានថា សម័យនោះ អរិយធម៌ទំនៀម​ទម្លាប់​ប្រពៃណីនៃការ​គោរព​បូជាគឺបែប​មាតាធិបតេយ្យ អាស្រ័យ​ហេតុ​នេះទើប​យើងឃើញប្រាសាទ​ស្រីមាន​លក្ខណៈ​ធំ​ហើយ​ខ្ពស់ និងមានសោភ័ណភាពជាង​​ប្រាសាទ​ប្រុសដែល​នៅ​ក្បែរគ្នានោះ ។

ចំណែក​ប្រាសាទ​ប្រុស​ដែលនៅចម្ងាយ​ពី​ប្រាសាទស្រីប្រមាណ៣​ម៉ែត្រ ​យើងឃើញមាន​ភាព​ខុសប្លែកគ្នា​ជាមួយ​​ប្រាសាទ​ស្រី​ ទាំង​ទំហំ​និងទាំងកម្ពស់​ ព្រមជាមួយនឹង​ក្បាច់រចនាផ្សេងៗ មិន​មានលក្ខណៈជាទីចាប់អារម្មណ៍​ឡើយ ​។ ប្រាសាទ​នេះ​មាន​កម្ពស់​៤គុណនឹង៤ម៉ែត្រ និង​​កម្ពស់​ជាង៥ម៉ែត្រ​ ច្រកទ្វារចូលត្រូវបែកបាក់ ​ទ្រុឌទ្រោមធ្ងន់បំផុត និង​ត្រូវ​រង​គ្រោះ​មហន្តរាយ​យ៉ាងពិត​ប្រាកដ បើសិនជាយើងមិន​បាន​គិតគូរ និង​មាន​វិធាន​ការអភិរក្ស​ទាន់​ពេល​វេលាទេ  នោះ ។ 

នៅលើកំពូល​​ប្រាសាទ​ប្រុសគេ​ឃើញ​មាន​ដំបូល​​រាងដូច​​ជា​សាជី ធ្វើពីឈើ​​ប្រក់ហ្រ៊ីប្រូ ​ជា​លក្ខណៈគ្របពីលើបណ្តោះអាសន្ន​ដើម្បីការពារ​ទឹក​ភ្លៀងកុំឱ្យ​ច្រោះខូចខាតតួប្រាសាទ ។ ​តាម​ការ​ផ្តល់ព័ត៌មានផ្សេងៗប្រាសាទប្រុស មិន​មាន​ចំណាស់​ជាង​ប្រាសាទស្រីឡើយ គឺគេ​កសាង​​ដំណាល​ប្រាសាទស្រីដែរ តែប្រាសាទ​ស្រី​នៅរឹង​មាំ​ជាង ឯការកសាងប្រាសាទនេះមានឥដ្ឋ និង​ថ្មភក់ដូចប្រាសាទស្រីដែរ ។

លោកស៊ីវ រុន ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​​បញ្ជាក់ថា «ប្រាសាទ​កំពង់ព្រះ បើ​សិន​​ជា​យើង​មិនយកចិត្តទុកដាក់ជួយថែ​រក្សា​ទេ​នោះ​នឹង​មាន​​មហន្តរាយជាក់ជាពុំខាន​ទាំងការ​បំផ្លាញ​​ដោយ​ធម្មជាតិ និងការបំផ្លាញដោយ​​មនុស្ស ហើយ​ប្រាសាទ​ដែល​នឹង​ងាយ​រង​គ្រោះ​ជាង​គេ​ គឺ​ប្រាសាទប្រុសដែលពេលនេះកំពុង​​ទ្រុឌទ្រោម​ខ្លាំង»។កាលពីប៉ុន្មានឆ្នាំមុន​​នៅជុំវិញប្រាសាទ​ទាំង២​មាន​ក្រុម​ហ៊ុនទូរស័ព្ទមួយបានជីកដី​ដំឡើង​អង់​តែន​ទូរស័ព្ទជាប់នឹងជើងប្រាសាទស្រី ធ្វើឱ្យប៉ះ​ពាល់​ដល់គ្រឹះ​ប្រាសាទទៀតផង ។ ពេល​​នោះ​មាន​​ការ​ចាប់ឃាត់សម្ភារ និងមនុស្សដាក់​ពន្ធ​នាគារដោយវប្បធម៌ជាអ្នកប្តឹង ​។ ក្រោយមក​មាន​សំណងចំពោះ​ការខូចខាតពី​ក្រុមហ៊ុន ។ ក្រសួងវប្បធម៌​​​និង​​វិចិត្រ​សិល្បៈ​បាន​ទៅ​សិក្សាជួសជុល និងចាក់ដីលុបបំពេញវិញ ប៉ុន្តែ​ក្រោយពីនោះ​មកមិនមាន​ឃើញ​​ធ្វើអ្វីទៀត​ទេ  ៕