ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​​​នៃការ​​បោះ​ឆ្នោត​​​​​ក្រុម​ប្រឹក្សា​​ឃុំ-​សង្កាត់​ជាគ្រឹះសម្រាប់​​ឆ្នាំ2013

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ គណៈកម្មាធិការ​​គណបក្សប្រជាជន​​​កម្ពុជា​រាជធានីភ្នំពេញ បាន​ធ្វើ​ការផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​​​ឃុំ-​សង្កាត់​អាណត្តិ​ទី៣​ ​និង​លើក​ទិស​ដៅ​ឈាន​ទៅបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ត្រនីតិ​កាលទី៥ ​ឆ្នាំ២០១៣​ខាង​មុខ​​ទៀត ​នៅទី​ស្នាក់​ការ​គណបក្ស​ប្រជាជន​​កម្ពុជា​រាជធានីភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​​ទី១២ សីហា​កន្លង​​មក​ ។

លោកកែប ជុតិមា សមាជិកគណៈកម្មា​ធិការ​កណ្តាលគណបក្ស​​​ប្រជាជន​​កម្ពុជា និង​​​​ជា​ប្រធាន​​គណៈកម្មាធិការ​គណបក្ស​ប្រជា​ជន​កម្ពុជា​រាជធានីភ្នំពេញ បានលើកឡើងថា គណបក្ស​ប្រជាជនកម្ពុជា បានទទួលលទ្ធផល​យ៉ាង​ត្រចះ​ត្រចង់ជា​ប្រវត្តិសាស្ត្រ​​ ដែល​សម្រាប់​រាជធានីភ្នំពេញគឺ​ទទួល​បាន​អាសនៈ​ជាចៅ​សង្កាត់​ទាំង៩៦ ជា​មន្ត្រី​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ទាំងអស់ រីឯចំនួន​កៅអី​បាន​​កើន​ឡើង៦៥​កៅអីថែម​ទៀត ។ លទ្ធផល​ខាងលើនេះ​​បង្ហាញ​​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ ពីការគាំទ្រ​របស់​ប្រជាពល​រដ្ឋមក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឱ្យ​មូល​ដ្ឋាន​បង្អែក​ដ៏​ធំបាន​របូតចេញពីដៃគណបក្ស​ប្រឆាំងយ៉ាង​​ឆ្ងាយ ។

ជាមួយគ្នានេះ សន្លឹកអាត់​ខាង​នយោ​បាយ​របស់គណបក្សប្រឆាំង​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​​ក៏បានច្បាស់លាស់ ធ្វើឱ្យអ្នក​ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ​​ដែល​ចោទសម្តេច​តេជោថាក្បត់ជាតិ​​ឬអាយ៉ង​នោះ​បានបញ្ចប់ ក្រោយ​ពីសម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន​ បាន​បក​ស្រាយ​យ៉ាង​ពិស្តារ​​រយៈ​ពេលជាង​៥​ម៉ោងនៅវិមាន​រដ្ឋសភា​​​កាលពីថ្ងៃទី៩ សីហា ស្តីពីការ​បោះបង្គោល​ព្រំ​ដែន​គោក និងព្រំដែន​ទឹករវាង​កម្ពុជា-វៀតណាម ។

លោកកែប ជុតិមា បានបញ្ជាក់ថា លទ្ធ​ផល​នៃ​ការបោះឆ្នោតឃុំ-សង្កាត់គឺយើង​អាច​ស្ទង់​បានពីកម្លាំងដ៏រឹងមាំ​របស់គណបក្ស​ប្រជាជន​​កម្ពុជា សម្រាប់ឈាន​ទៅដណ្តើមជ័យ​ជម្នះ​​ក្នុង​ការបោះ​ឆ្នោតជ្រើស​​តាំង​តំណាងរាស្ត្រនីតិកាល​ទី​៥​​នៅ​ឆ្នាំ​២០១៣ទៀត​។ លោកកែប ជុតិមា បន្ថែម​​ថា ប្រជាប្រិយ​ភាព​របស់គណបក្ស​ប្រជា​ជនកម្ពុជា​ គឺស្ថិតនៅ​លើ​អំពើ​ល្អរបស់​មន្ត្រី​យើង។​អស់​លោក លោក​ស្រីពិតជាដឹងច្បាស់ថា ប្រជា​ពលរដ្ឋត្រូវការអ្វី​នៅមូលដ្ឋាន ។ លោកក៏បាន​ជំរុញឱ្យអាជ្ញាធរ​ដែនដី​ណែនាំដល់​ប្រជា​ពលរដ្ឋ​ពីការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ​និងចុះឈ្មោះ​បោះឆ្នោតឱ្យ​បាន​គ្រប់ៗគ្នាសម្រាប់​អ្នក​គ្រប់​អាយុ ពិសេសយុវជន​របស់យើង ៕