ខេត្តក្រចេះ ៖ លោកទេសរដ្ឋមន្ត្រីអ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសនិងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជាបឋមសម្រាប់ក្បាលដី របស់ប្រជាពលរដ្ឋក្នុងឃុំ២ធ្នូ និងឃុំស្រែចារ ស្រុកស្នួល ក្រោយពីបេសកកម្មចុះវាស់វែងដីធ្លីរបស់ក្រុមនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ បានធ្វើសកម្មភាពអស់រយៈពេលជាង១ខែរួចមក ។
ការប្រកាសបិទផ្សាយជាសាធារណៈនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ សីហា ក្នុងបរិវេណសាលាឃុំស្រែចារ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រីអ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីលោកហ៊ុន ម៉ានិត អគ្គលេខាធិការរងអាជ្ញាធរដោះស្រាយវិវាទដីធ្លី លោកអភិបាល អភិបាលរងខេត្ត មន្រ្តីនៃមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុមនិស្សិតទាំង៥ក្រុមក្នុងស្រុកស្នួល និងប្រជាពលរដ្ឋ ដែលទទួលបានក្បាលដីក្នុងស្រុកស្នួល ។
ថ្លែងនៅក្នុងពីធីនោះ លោកសរ ចំរ៉ុង អភិបាលខេត្ត បានឱ្យដឹងថា ក្រុមនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ ដែលចុះមកបំពេញបេសកកម្មការងារវាស់វែងដីធ្លីក្នុងខេត្តក្រចេះ មានចំនួន១២ក្រុម អនុវត្ត១០ទីតាំង ក្នុងនោះស្រុកស្នួល៥ទីតាំង និងស្រុកឆ្លូង៥ទីតាំង ។ គិតត្រឹមថ្ងៃទី៨ សីហា ជាលទ្ធផលនៅស្រុកឆ្លូងបំពេញសាលាកប័ត្របាន២.៦០៨ បញ្ចូលឈ្មោះក្នុងតារាងសម្រង់បាន២.២៩៩វាស់វែងបាន២.៧៣២ ក្បាលដី និងគូសក្បាលដីបាន២.០៤៥ក្បាលដី ស្មើនឹង៤.៧៨០ហិកតា ។
ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនស៊ី អាយវី(CIV)មានទីតាំងស្ថិតក្នុងភូមិក្បាលត្រាច និងភូមិមានជ័យ ឃុំស្រែចារ ភូមិថ្មហាល ដីក្រហម ឃុំ២ធ្នូ ស្រុកស្នួល មានផ្ទៃដីចំនួន១.៦៥៨ហិកតា ក្នុងនោះអនុវត្តជំហានដំបូងលើផ្ទៃដី១.០១២ហិកតា និងពង្រីកបន្ថែមបានផ្ទៃដី៦៤៦ហិកតា ដែលរួមមានដីស្ថិតក្នុងដីកាដកហូត និងដីគម្របព្រៃឈើឆ្នាំ២០១២ ។
ជាលទ្ធផលសម្រេចបានសាលាកប័ត្រចំនួន១.០១៣ បញ្ចូលឈ្មោះក្នុងតារាងសម្រង់៩១១ វាស់វែងបាន៩៣២ក្បាលដី និងពុះក្បាលដី៩៣២ ស្មើនឹង១.៧០៧ហិកតា ដែលនឹងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យចាប់ពីពេលនេះតទៅក្នុងរយៈពេល៣០ថ្ងៃ ។មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរងអាជ្ញាធរដោះស្រាយវិវាទដីធ្លី បានសម្តែងនូវការកោតសរសើរក្រុមនិស្សិតដែលបានបំពេញបេសកកម្មមានរយៈពេលជាង១ខែទទួលបានជោគជ័យល្អប្រសើរ និងស្នើឲ្យក្រុមនិស្សិតខិតខំបន្តសកម្មភាពរបស់ខ្លួនឲ្យបានទទួលជោគជ័យជាងនេះបន្ថែមទៀត ។ លោកហ៊ុន ម៉ានិត ក៏បានស្នើឲ្យប្រជាពលរដ្ឋ ដែលទទួលបានដីហើយត្រូវប្រើប្រាស់បង្កបង្កើនផលដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួនលើវិស័យកសិកម្មនេះ។
លោកទេសរដ្ឋមន្ត្រីអុឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា ការអនុវត្តនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លីតាមរយៈបទបញ្ជាលេខ០១ ចុះថ្ងៃទី៧ ឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល ក្នុងការចុះវាស់វែងដីធ្លីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ព្រៃសម្បទានដីសម្បទានសេដ្ឋកិច្ច និងដីរដ្ឋ ដែលត្រូវបានកាន់កាប់ខុសច្បាប់ មានដីកាដកហូតក្នុងតំបន់គម្របព្រៃឈើទូទាំងប្រទេស ក្រុមមន្រ្តីបច្ចេកទេសវាស់វែងដី្លធ្លីចំនួន១៣៣ ក្រុមរួមជាមួយនិស្សិតស្ម័គ្រចិត្តសម្តេចតេជោចំនួន១២៩ ក្រុមបានដាក់ពង្រាយកម្លាំងចុះអនុវត្តនៅ២១ខេត្ត ៧២ស្រុក ១១៧ឃុំ និង២៣៨ភូមិ ក្នុងនោះខេត្តក្រចេះមានកម្លាំងចុះអនុវត្តចំនួន១២ក្រុមគឺនៅស្រុកឆ្លូងចំនួន៥ក្រុម និង៧ក្រុមទៀតនៅស្រុកស្នួល ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា សាលាកប័ត្រព័ត៌មានគ្រាន់ជាព័ត៌មានមូលដ្ឋាន សម្រាប់បម្រើឲ្យដំណើរការវាស់វែង វិនិច្ឆ័យ និងការចេញប័ណ្ណកម្មសិទ្ធិបឋមប៉ុណ្ណោះ ឯប័ណ្ណកម្មសិទ្ធិបឋម ដែលត្រូវប្រគល់ជូននាថ្ងៃខាងមុខ គឺប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់សម្រាប់ដាក់ធានា ដើម្បីបានឥណទានពីធនាគារ រឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាទុនវិនិយោគក្នុងការយកមកអភិវឌ្ឍន៍ដីធ្លី តែមិនអាចយកទៅលក់ដោះដូរ ធ្វើអំណោយ ឬមរតកបានឡើយដរាបណា មិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិស្ថាពរ ដែលនឹងត្រូវផ្តល់ជូននាពេលខាងមុខទៀតនេះ៕
ចែករំលែកព័តមាននេះ