ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​​​របួស​ធ្ងន់​​​ដេក​ដួល​នៅ​តាម​ចិញ្ចើ​ម​​ផ្លូវ​មិន​​ដឹង​មូលហេតុ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​​ត្រូវបាន​គេ​ប្រទះ​​ឃើញ​រង​របួស​បែក​មុខ​​បែក​ក្បាល​ និង​រលាត់​​ដៃជើង​​​យ៉ាង​ធ្ងន់ធ្ងរ​​​ដេក​ដួល​នៅក្នុង​ថ្លុក​ឈាម​​​ដោយ​គ្មាន​​ប្រភព​ណាមួយ​​​អះអាង​ថា មក​ពី​​​មូលហេតុ​​អ្វី​នោះ​ឡើយ​​ ប៉ុន្តែ​​​គេមាន​ការ​សង្ស័យ​​​ថា ជា​ឧប្បត្តិហេតុ​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ត្រូវ​​​រថយន្ត​កៀរ​​ ឬ​​អាច​ជិះ​ម៉ូតូ​​​ដួល​ដោយ​ខ្លួន​ឯង​។

បុរស​​រូបនេះ​​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ កាល​ពី​វេលាម៉ោង​​៤ទៀប​ភ្លឺ​ថ្ងៃទី​​១៣ សីហា នៅ​លើ​កំណាត់​​​ផ្លូវ​ជាតិ​​លេខ​៤​ត្រង់​ចំណុច​​​ភូមិ​អូរ​ដឹម សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​​​ជ័យ​ ។ បុរស​រងគ្រោះ​​​មិន​​​ត្រូវបាន​​​គេ​ស្គាល់​​អត្ត​សញ្ញាណ​ទេ​មាន​​ អាយុ​ប្រហែល​ជាង​​៣០​ឆ្នាំ ពាក់​អាវដៃ​វែង​ឆ្នូត​ពណ៌​ឈាម​ជ្រូក​លាយ​សស្លៀក​ខោ​ខូវ​ប៊យ​ជើង​ខ្លី​​ ខ្សែ​ក្រវាត់​ប៉ូលិស​ ពណ៌​ខ្មៅ ក្រៅ​ពីនេះ​មិន​មាន​អ្វី​​ដើម្បី​សម្គាល់​នោះ​ឡើយ ហើយ​រង​របួស​បែក​​​មុខ​​​បែក​ក្បាល​​​ និង​រលាត់​ដៃ​ជើង​​យ៉ាង​ធ្ងន់​​ធ្ងរ​បំផុត ។

តាម​ប្រភព​ព័ត៌មាន​​​បាន​ឱ្យ​ដឹងថា នៅ​វេលា​ម៉ោង​​​​​៤ទៀប​ភ្លឺ​ប្រជាពលរដ្ឋ​​​​ដែល​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​​​ទៅ​មក​តាម​​ផ្លូវ​ជាតិលេខ​​​៤នោះ បាន​ប្រទះ​​ឃើញ​បុរស​​​រងគ្រោះ​​​ខាងលើ​ដេក​​ដួល​សន្លប់​​​បាត់​ស្មារតី​​​ដោយមាន​​ម៉ូតូ​មួយ​គ្រឿង​នៅក្បែរ​​​​​ខ្លួន​ទៀត​ផង​ ។ ពេល​នោះ​គេ​មិនហ៊ាន​​​​ឈប់​មើល​នោះ​ទេ​ ព្រោះ​​​ខ្លាច​ជាល្បិច​​កល​របស់​ជន​ខិល​ខូច​​​ធ្វើ​ពុត​​​​​ជា​ដេក​ដួល​​ដើម្បី​ធ្វើសកម្មភាព​ប្លន់​ លុះ​ដល់​​វេលា​ព្រឹក​​​ឡើង​បុរស​នោះ​នៅ​តែ​សន្លប់​​​នៅទីនោះ​​​មិនដឹងខ្លួន​ដដែល​ ឯម៉ូតូ​​បាត់​មិនឃើញ​​​ទៀត​​ទើ​ប​មាន​ការ​ភ្ញាក់​​ផ្អើល​ឆោឡោ​​តែម្តង​ ហើយ​គេ​សង្ស័យ​ថា ម៉ូតូ​របស់​​​បុរ​ស​រង​គ្រោះ​ត្រូវ​​ជន​ខិល​ខូច​​​ឆ្លៀត​​ឱកាស​​​លួច​យក​ទៅ​បាត់​ ។​

សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​​​រូបនោះ​​រង​​របួស​ធ្ងន់​ធ្ងរ​​ណាស់​ដែល​មិន​​​ដឹងថា ត្រូវ​រថយន្ត​​កៀរ​បណ្តាលឱ្យដួល​បោកក្បាល​​ ឬ​ក៏​​ស្រវឹង​ស្រា​​​ជិះម៉ូតូ​​ដួល​ដោយ​ខ្លួន​ឯង​​​ ឬ​បណ្តាល​មក​ពី​​មូល​ហេតុ​អ្វី​នោះ​ទេ ។ ម្យ៉ាង​ទៀត​​​នៅនឹង​ខ្លួន​​​បុរស​នោះ​មិន​មាន​​លិខិត​​ស្នាម​​អ្វី​​​សម្គាល់​ឡើយ ។ ក្រោយ​ពេល​កើតហេតុ​​​ជន​រង​គ្រោះ​​​ត្រូវ​​បាន​​​បញ្ជូន​​ទៅកាន់​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ​​​ដើម្បី​សង្គ្រោះ​បន្ទាន់​​ ឯសមត្ថកិច្ចកំពុង​ស្រាវ​ជ្រាវ​​​រក​ក្រុម​គ្រួសារ​​​​ ៕