ខេត្តស្ទឹងត្រែង ៖ ស្ត្រី២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនជាមួយនឹងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២ខាំ និងបុរសម្នាក់ទៀតរត់ចោលរថយន្តបាត់ ខណៈកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់ ។ ការចុះឡោមព័ទ្ធចាប់មុខសញ្ញាជួញដូរថ្នាំញៀននេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំកណ្តាលក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៣ សីហា ២០១២ ។
តាមប្រភពព័ត៌មានបឋមពីកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបង្ហើបថា មុខសញ្ញាជួញដូរថ្នាំញៀននេះមានការណាត់ជួបគ្នា ដើម្បីប្រគល់របស់ តែខណៈដឹងមុខសញ្ញាប្រាកដហើយនោះកងរាជអាវុធហត្ថបានរាយកម្លាំងស្ទាក់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខបណ្តោះអាសន្ន ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីដឹងថាកម្លាំងកងរាជអាវុធហត្ថចុះស្ទាក់ចាប់ម្ចាស់រថយន្តបានខំប្រឹងបើករត់គេចខ្លួនក៏ទៅបុករថយន្តរបស់កងរាជអាវុធហត្ថលាន់ឮដូចរន្ទះរួចម្ចាស់បានបើកទ្វាររថយន្តរត់ផ្លោះរបងគេចខ្លួនពីភ្នែកកងរាជអាវុធហត្ថភ្លាម តែទោះបីយ៉ាងណាកម្លាំងរបស់កងរាជអាវុធហត្ថបានពង្រាយកម្លាំងឡោមព័ទ្ធចាប់ដដែល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍បាននិយាយថា សកម្មភាពដេញតាមរថយន្តស៊េរីទំនើបនេះសាហាវដូចក្នុងរឿងចិនហុងកុងអ៊ិចឹងទម្រាំតែស្ទាក់ចាប់រថយន្តដែលជាមុខសញ្ញាគ្រឿងញៀននេះបាន ។
ស្ត្រីម្នាក់ជាប្រពន្ធរបស់ជនមុខសញ្ញារត់គេចខ្លួនបាននិយាយថា ថ្នាំ ញៀននេះខ្លួនបានយកមកពីប្រទេសឡាវ និងមានការដោះដូរទៅឱ្យស្ត្រីម្នាក់ទៀតជាម្ចាស់រោងសិប្បកម្មកែច្នៃ គ្រឿងសង្ហារិមនៅចំណុចភូមិថ្មី សង្កាត់ស្ទឹងត្រែង ។ ស្ត្រីរូបនេះបាននិយាយនៅមុខព្រះរាជអាជ្ញា និងលោកមេបញ្ជាការកងរាជអាវុធហត្ថថា ថ្នាំញៀនដែលខ្លួនយកទៅដោះដូរនោះមានទម្ងន់២ខាំក្នុងតម្លៃ៨ពាន់ដុល្លារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ