រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានបើកកិច្ចប្រជុំប្រចាំខែនៅសាលប្រជុំសាលាខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១២ក្រោមអធិបតីភាពលោកសុខ សម្បត្តិ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថ មន្ត្រីនគរបាលខណ្ឌព្រមទាំងមន្ត្រីការិយាល័យពាក់ព័ន្ធជាច្រើនរូបទៀត ។
លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា សង្កាត់ដែលមានផ្ទះប្រជាជននៅតាមដងទន្លេត្រូវតែជំរុញឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ហើយអាជ្ញាធរត្រូវត្រៀមបាវខ្សាច់ទុកជាមុន ។ ជាមួយគ្នានោះ កម្លាំងនគរបាលខណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១និងកងរាជអាវុធហត្ថខណ្ឌត្រូវសហការជាមួយអាជ្ញាធរសង្កាត់បង្កើនកិច្ចការពារសន្តិសុខសណ្នាប់ធ្នាប់ជាប្រចាំបើទោះបីជាបទល្មើសមានការថយចុះក៏ដោយ ។ លោកអភិបាលខណ្ឌក៏បានកោតសរសើរដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្ក្រាបក្រុមចោរឆក់ភ្ញៀវបរទេសដែលដើរកម្សាន្តតាមសួនច្បារ រមណីយដ្ឋាន និងតាមដងវិថីនៅពេលថ្ងៃក៏ដូចជាពេលយប់ ។ជាមួយគ្នានេះដែរក៏បានក្រើនរំលឹកដល់ចៅសង្កាត់ទាំង១១ត្រូវតែបន្តជំរុញដល់ប្រជាជនឲ្យយល់ដឹងពីជំងឺអេដស៍បើទោះបីបច្ចុប្បន្នមានការថយចុះក៏ដោយ និងបញ្ហាកុមារកើតជំងឺគ្រុនឈិ(EV-៧១)និងជំងឺគ្រុនឈាម ។
នៅក្នុងឱកាសនោះលោកសុខ សម្បត្តិក៏បានប្រាប់ដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរសង្កាត់ទាំង១១ពីសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញដែលមិនអនុញ្ញាតឲ្យរថយន្តដឹកខ្សាច់ទាំងអស់ធ្វើចរាចរណ៍ឆ្លងកាត់ស្ពានព្រះមុនីវង្សនិងស្ពានជ្រោយចង្វាទៀតឡើយ ។ ដោយឡែកសម្រាប់ថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យជាតិធំៗមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍តាមដងផ្លូវឆ្ពោះទៅកាន់កន្លែងលំហែកម្សាន្តនានាជាពិសេសច្រកចេញចូលក្នុងរាជធានីភ្នំពេញដើម្បីចៀសវាងបង្កការកកស្ទះនិងរំខានដល់ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ