ខេត្តបាត់ដំបង៖ មន្ត្រីប៉ូលិសចរាចរនិយាយថា យ៉ាងហោចណាស់មនុស្ស៨នាក់មានទាំងក្មេងតូចៗ ត្រូវជាសាច់ញាតិនឹងគ្នាផងបានរងរបួសធ្ងន់ និងម្នាក់ទៀតបានស្លាប់ដោយសាររថយន្តបុកបង្កាន់ដៃស្ពាន កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១២ សីហា លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោងមួយកន្លែងក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ។
មន្ត្រីសមត្ថកិច្ចបានប្រាប់ថា រថយន្តនោះម៉ាកកាមរីឆ្លាម អ្នកបើកបរឈ្មោះ វង វឿន អាយុ៣៣ឆ្នាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង និងអ្នករួមដំណើរចំនួន៨នាក់ទៀត មានទាំងក្មេងតូចៗផង ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះធ្វើដំណើរពីផ្ទះឆ្ពោះទៅភ្នំពេញ ដើម្បីសួរសុខទុក្ខបងប្អូនមានជំងឺ លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកោងបត់ស្តាំមិនទាន់ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពាននៅខាងឆ្វេងដៃពេញទំហឹង បណ្តាលឱ្យកៀបមនុស្សជាប់ ក្មេងស្រី អាយុ៣ឆ្នាំ ម្នាក់ឈ្មោះ ភឿន គន្ធា ស្លាប់ក្នុងរថយន្តរីឯអ្នករួមដំណើរ៨នាក់ទៀតរាប់ទាំងអ្នកបើកបរផងបានរងរបួសធ្ងន់ ដែលមានខ្លះបាក់ដៃ បាក់ជើង បែកក្បាល និងខ្លះកៀបជាប់ក្នុងរថយន្តត្រូវចំណាយពេលជាច្រើនម៉ោងទម្រាំទាញមនុស្សចេញពីក្នុងរថយន្តបាន ។
អ្នកបើកបរឈ្មោះ វង វឿន និយាយថា ពេលបើកទៅដល់ចំណុចផ្លូវកោងនោះស្រាប់តែឃើញមានមនុស្សប្រុសស្រី២នាក់ដើរឆ្លងថ្នល់ពីឆ្វេងទៅស្តាំ គ្រានោះខ្លួនបានព្យាយាមបួងចង្កូតគេចឱ្យផុត ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានទាំងកំរោលតែម្តង តែការពិតគ្មានមនុស្សសោះ ។ អ្នកបើកបររូបនេះបញ្ជាក់ថា អ្នកដំណើរទាំងអស់ក្នុងរថយន្តនេះជាសាច់ញាតិធ្វើដំណើររួមគ្នា ទៅមើលបងប្អូនឈឺនៅភ្នំពេញ តែមិនទាន់ចេញផុតខេត្តបាត់ដំបងផងក៏ជួបគ្រោះថ្នាក់តែម្តង ។
នៅកន្លែងកើតហេតុជាចំណុចផ្លូវកោង និងប្រកបដោយគ្រោះថ្នាក់បំផុត គេឃើញមានស្លាកសញ្ញាគ្រោះថ្នាក់ ឬសញ្ញាបន្ថយល្បឿនជាច្រើនត្រូវគេដាក់ត្រង់ផ្លូវកោងនានាលើកំណាត់ផ្លូវជាតិនោះ ។ ប៉ុន្តែអ្នកបើកបរភាគច្រើនហាក់ដូចជាមិនបានប្រុងប្រយ័ត្ន ឬចាប់អារម្មណ៍ចំពោះស្លាកសញ្ញាទាំងនោះទេ ជាហេតុនាំឱ្យជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុបន្តបន្ទាប់ដោយសារការធ្វេសប្រហែលនេះ ។ ដោយឡែកអ្នកភូមិរស់នៅតាមដងផ្លូវក្បែរចំណុចកើតហេតុនិយាយបែបអបិយជំនឿថា ត្រង់ចំណុចខាងលើនេះមានអ្នកដំណើរជាច្រើនតែងប្រទះឃើញមានមនុស្សដើរឆ្លងថ្នល់ពេលបើកបរពេលយប់ លុះបន្ថយល្បឿនតាមរកមើលបែរជាគ្មានមនុស្សសោះ ។ អ្នកភូមិបន្តថា នៅទីនោះហាក់ដូចជាមានជើងកប តែងធ្វើឱ្យអ្នកដំណើរជួបគ្រោះថ្នាក់មិនសូវលស់ពេលទេ ។
ទោះជាបែបណាសមត្ថកិច្ចបានលើកឡើងថា អ្នកបើកបរមួយចំនួនហាក់ដូចជាមិនបានគោរពច្បាប់ចរាចរណ៍គឺបើកលឿនហួសកម្រិត មិនចាប់អារម្មណ៍ពីស្លាកសញ្ញាដែលនេះបង្កឱ្យមានគ្រោះថ្នាក់ ។ មន្ត្រីជំនាញបានបញ្ជាក់ថា ចំពោះរថយន្តគ្រោះថ្នាក់ខាងលើនេះត្រូវបានយកទៅកាន់ការិយាល័យចរាចរណ៍ខេត្ត ដើម្បីរង់ចាំក្រុមគ្រួសារទៅទទួលយក ៕
ចែករំលែកព័តមាននេះ