រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចំនួន៤រូបដែលជាប់ឃុំនៅពន្ធនាគារព្រៃ.ស ក្រោមការចោទប្រកាន់ពីបទពុករលួយពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចថវិការដ្ឋជិត២លានដុល្លារសហរដ្ឋអាមេរិក តាមរូបភាពកាត់ភាគរយលើគម្រោងផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅឋានជូនអតីតយុទ្ធជន និងជនក្រីក្រមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនបានត្រូវលោកលាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីព្រឹកថ្ងៃទី១៤ សីហា តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
ប៉ុន្តែរហូតមកដល់ពេលនេះមន្ត្រីទាំង៤រូបនោះមិនទាន់បានចេញពីពន្ធនាគារទេ ដោយសារកំពុងរង់ចាំបំពេញសំណុំបែបបទ ហើយគេរំពឹងថា មន្ត្រីទាំង៤រូបនេះ នឹងមានសេរីភាពវិញនៅរសៀលថ្ងៃដដែលនេះ ។ ការសម្រេចឱ្យអ្នកទាំងបួននៅក្រៅឃុំនេះ បានកើតឡើងក្រោយពេលដែលមេធាវីការពារក្តីបានដាក់ពាក្យទាមទារជាបន្តបន្ទាប់ឱ្យកូនក្តីរបស់ខ្លួនបាននៅ ក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃទី១០ និងថ្ងៃទី១៣ សីហា ២០១២ កន្លងទៅ ។
មន្ត្រីទាំង៤នាក់នេះមានទី១-លោកសារ៉េត បូរ៉ាមី ជាអគ្គនាយករងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ២-លោកផូ វុទ្ឍី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ, ៣-លោកមាស ឥស្សរ៉ា អនុប្រធាននាយកដ្ឋាន និង៤-លោកទុយ ឡាយរិទ្ធី ជាមន្ត្រីបម្រើការនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានត្រូវបានលោកសុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទពុករលួយ ហើយត្រូវបានចៅក្រមស៊ើបសួរឃុំខ្លួនកាលពីរសៀលថ្ងៃទី៩ សីហា ២០១២ កន្លងទៅ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ