Lamont Petersonត្រូវបានអនុញ្ញាតឱ្យរក្សាទុកខ្សែក្រវាត់ស្ថាប័ន IBFក្នុងប្រភេទទម្ងន់ light-welterweightបើទោះណាបានបរាជ័យក្នុងពេលធ្វើតេស្តរកសាធាតុញៀនក្តី ។កីឡាករអាមេរិករូបនេះបានយកឈ្នះខ្សែក្រវាត់ស្ថាប័ន IBFនិង WBAពីអាមៀ ខាន់ដោយពិន្ទុដ៏ចម្រូងចម្រាសក្នុងការប្រកួតនៅលើទឹកដីកំណើតរបស់ខ្លួនកាលពីខែធ្នូឆ្នាំ ២០១១ ។ ប៉ុន្តែកន្លងទៅប៉ុន្មានខែថ្មីៗនេះ ខ្សែក្រវាត់ស្ថាប័ន WBAត្រូវបានគេដកហូតពីរូបគេ ហើយប្រគល់ឱ្យម្ចាស់ដើម(អាមៀ ខាន់)វិញ ។
ការរក្សាបានខ្សែក្រវាត់ស្ថាប័ន IBFនេះនឹងផ្តល់ឱកាសឱ្យ Petersonអាចឡើងសង្វៀនជាថ្មីក្នុងនាមជាម្ចាស់ជើងឯកពិភពលោក ។ កីឡាករស្បែកខ្មៅរូបនេះនឹងត្រូវឡើងប្រកួតការពារខ្សែក្រវាត់នេះតាមអាណត្តិជាមួយកីឡាករ Zab Judahដែលបានឈ្នះការប្រកួតជម្រុះកាលពីថ្ងៃទី២៤ខែមីនាកន្លងមក ។ស្ថាប័ន IBFក្នុងពេលឥឡូវនេះសង្ឃឹមថា Petersonនឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនប្រឆាំងនឹងកីឡាករមិត្តរួមជាតិ Zab Judahឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។ ស្ថាប័ននេះបានថ្លែងថា៖«ការប្រកួតការពារខ្សែក្រវាត់របស់កីឡាករ Petersonអាចនឹងធ្វើនៅមុនឬនៅថ្ងៃទី១០កញ្ញា ឆ្នាំ ២០១២នេះ »។
ការសម្រេចមិនដកហូតយកខ្សែក្រវាត់ពីPetersonត្រូវស្ថាប័ន IBFធ្វើការពន្យល់ពីមូលហេតុនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនមួយថា ៖«បន្ទាប់ពីបានពិនិត្យមើលយ៉ាងល្អិតល្អន់ទៅលើឯកសារពាក់ព័ន្ធដែលផ្តល់ឱ្យដោយជុំរុំហ្វឹកហាត់របស់កីឡាករ Petersonនិងគណៈកម្មការកីឡារដ្ឋណេវ៉ាដារួចមក ក្រុមវេជ្ជបណ្ឌិតបានសម្រេចចិត្តថា កម្រិតសារធាតុ testosteroneដែលមានបញ្ជាក់នៅក្នុងរបាយការណ៍សមាគមប្រឆាំងសារធាតុញៀនស្ម័គ្រចិត្ត (VADA)គឺពិតប្រាកដជាការប្រើប្រាស់ដើម្បីព្យាបាលអ័រម៉ូន មិនមែនក្នុងគោលដៅដើម្បីបង្កើនកម្លាំងនោះទេ ។ ហេតុដូច្នេះ តាមកម្រិតនេះគឺពិតជាមិនអាចគ្រប់គ្រាន់ល្មមអាចជួយបង្កើនកម្លាំងប្រកួតរបស់ Petersonកាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ ២០១១បានទេ »៕


ចែករំលែកព័តមាននេះ