រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីព្រឹកថ្ងៃទី១៣ សីហា ២០១២ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីមកពីមន្ទីររាជធានី-ខេត្តចំនួន១៥នាក់ដើម្បីបង្កើនសមត្ថភាពលើការងាររដ្ឋបាលហិរញ្ញវត្ថុ និងផែនការ ដើម្បីធ្វើយ៉ាងណាជំរុញទិសដៅក្នុងការពង្រឹងផ្នែកការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ សីហា ២០១២ នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោកហាច ហ៊ាន ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺបន្ទាប់ពីមានការសំណូមពរពីសិក្ខាកាមចូលរួមជាច្រើននាក់កាលពីឆ្នាំមុន ដើម្បីស្នើឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលសំដៅធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងថ្នាក់ដឹកនាំតាមបណ្តាអង្គភាពចំណុះក្រសួង ។ លោកបន្តថា វគ្គបណ្តុះបណ្តាលកាលពីឆ្នាំមុនទទួលបានជោគជ័យដោយសិក្ខាកាមបានយកនូវចំណេះដឹងទាំងនេះទៅអភិវឌ្ឍន៍ និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេបានជាប្រយោជន៍ដល់អង្គភាព និងបុគ្គលខ្លួនផ្ទាល់ ។ លោកបញ្ជាក់ផងដែរថា នេះជាសិក្ខាសាលាលើកទី៤ (ឆ្នាំទី៤) ហើយដែលរៀបចំឡើងដោយក្រសួង និងប្រើប្រាស់ថវិការដ្ឋទាំងស្រុង ។ វគ្គបណ្តុះបណ្តាលលើកនេះមានសិក្ខាកាមសរុបចំនួន៩៤នាក់ ក្នុងនោះសិក្ខាកាមអញ្ជើញមកពីមន្ទីររាជធានី-ខេត្តចំនួន៥៤នាក់ និងអង្គភាពថ្នាក់កណ្តាលចំនួន៤១នាក់ ហើយគិតសរុបទាំងសិក្ខាកាមលើកនេះ និងឆ្នាំកន្លងមកក្រសួងបានបណ្តុះបណ្តាលមន្ត្រីសរុបចំនួន៤១៤នាក់ ។
លោកប្រធានរដ្ឋបាលថ្លែងបញ្ជាក់ថា នេះជាទស្សនៈវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំដែលចង់ឱ្យមន្ត្រីពោរពេញទៅដោយសមត្ថភាព ដើម្បីបំពេញការងារប្រកបទៅដោយប្រសិទ្ធភាព ។ សម្រាប់សិក្ខាកាមថ្ងៃនេះក៏ដូចជាបណ្តាឆ្នាំមុនៗដែរ គឺយើងនឹងមិនពិភាក្សាជាលក្ខណៈទ្រឹស្តីឡើយ ប៉ុន្តែយើងនឹងផ្តោតតែទៅលើការងារជាក់ស្តែងរៀនធ្វើដើម្បីយកចំណេះដឹងនេះទៅអនុវត្តនៅអង្គភាពវិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ