ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ នាយប់ថ្ងៃទី១២ សីហា ចន្លោះពេលតែមួយម៉ោងបានកើតឡើងចំនួន២លើក នៅកន្លែងផ្សេងគ្នា បណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
មន្ត្រីប៉ូលិសចរាចរខេត្តបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ សីហាថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២លើកទៅលើកំណាត់ផ្លូវជាតិលេខ៤ រវាងរថយន្តបុកជាមួយម៉ូតូទាំង២ករណី ដែលទី១ កើតឡើងនៅវេលាម៉ោង៧និង១២នាទីយប់ នៅចំណុចខាងមុខរោងចក្រកាត់ដេរសាព្រីណា ក្នុងភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ដែលរថយន្តម៉ាកឡិចស៊ីសពណ៌ត្រីឆ្លូញ អ្នកបើកបរពុំស្គាល់ឈ្មោះ ព្រោះគេចខ្លួនបាត់ក្រោយពេលកើតហេតុ បានបើកបរពីកំពង់ស្ពឺទៅរាជធានីភ្នំពេញដល់ចំណុចគីឡូម៉ែត្រលេខ៣២-៣៣ មុខរោងចក្រក៏បុកម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ក្នុងទិសដៅបញ្ច្រាសគ្នាជិះដោយបុរស៣នាក់ ១-ឈ្មោះ ផាត់ សូនី អាយុ១៩ឆ្នាំ នៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ២-ឈ្មោះ សុំ ប្រុស អាយុ១៨ឆ្នាំ ៣-ឈ្មោះដន បាន អាយុ២០ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។ អ្នកបើកម៉ូតូឈ្មោះ ផាត់ សូនី អាយុ១៩ឆ្នាំ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ឯ២នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាល ។
សមត្ថកិច្ចបញ្ជាក់ថា អ្នកជិះម៉ូតូស្មាសទាំង៣នាក់ ក្រោយពេលរថយន្តឡិចស៊ីសបុកក៏ខ្ទាត់ទៅប៉ះនឹងរថយន្តស៊ីទែនដឹកសាំងមួយគ្រឿងទៀតម៉ាកនីស្សាន់ ពណ៌ក្រហមលាយលឿងដែលអ្នកបើកបរឈ្មោះ ឆេង គឹមណុង ភេទប្រុស អាយុ៣៤ឆ្នាំ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបើកស្របទិសជាមួយម៉ូតូដែរ តែរថយន្តនេះមិនពាក់ព័ន្ធក្នុងករណីខាងលើទេ ។ តែទោះជាយ៉ាងណារថយន្តទាំង២គ្រឿង និងម៉ូតូដែលខូចខាតស្រាលត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំការដោះស្រាយ ។ រីឯអ្នកស្លាប់ត្រូវបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីទី២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ចំណុចមុខក្លោងទ្វារចូលវត្តកណ្តាលដុំ សង្កាត់កណ្តាលដុំ ក្រុងច្បារមន កាលពីវេលាម៉ោង៨យប់ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ បើកបរពីខេត្តព្រះសីហនុទៅភ្នំពេញមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាកវ៉េវមួយគ្រឿងពណ៌ខ្មៅ បើកដោយឈ្មោះ សំ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូវ៉េវ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ទាំងរថយន្តនិងម៉ូតូត្រូវមន្ត្រីប៉ូលិសចរាចរខេត្តយកទៅរក្សាទុកនៅការិយាល័យចរាចរខេត្តរង់ចាំដោះស្រាយជាក្រោយ ៕
ចែករំលែកព័តមាននេះ