ប្រទេសអ៊ូហ្គង់ដា រាយការណ៍កាលពីថ្ងៃទី១៣ សីហាថាអ្នកបើកម្នាក់និងសមាជិកក្រុមយានិក៤នាក់ នៃឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងចំណោមឧទ្ធម្ភាគចក្រប្រយុទ្ធ៣គ្រឿងរបស់ខ្លួនដែលធ្លាក់នៅប្រទេសកេនយ៉ាត្រូវបានជួយសង្គ្រោះក្រោយរកឃើញកន្លែងឧទ្ធម្ភាគចក្រពួកគេធ្លាក់ ក៏ប៉ុន្តែឧទ្ធម្ភាគចក្រ២គ្រឿងទៀតនៅពុំទាន់រកឃើញនៅឡើយ ។
លោកFELIX KULAYIGY អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអ៊ូហ្គង់ដា ថ្លែងថា អ្នកបើកម្នាក់អាចបញ្ជូនសញ្ញាអាសន្នក្រោយពេលឧទ្ធម្ភាគចក្រនោះត្រដរចុះដោយបង្ខំទើបងាយរកឃើញ ។ អ្នកបើកនិងបណ្តាសមាជិកក្រុមយានិកត្រូវបានជួយសង្គ្រោះដោយពួកគេសុខសប្បាយទាំងអស់គ្នា ។ យើងបន្តតាមរុករកឧទ្ធម្ភាគចក្រ ២គ្រឿងទៀតដែលមានមនុស្សជិះសរុប១០នាក់ ។ យើងទទួលបានព័ត៌មានមិនច្បាស់នានាថា ឧទ្ធម្ភាគចក្រទាំង២គ្រឿង នោះក៏ចុះចតដោយបង្ខំក្នុងស្ថានភាពលំបាកដែរ ។
បណ្តាអ្នកទទួលខុសត្រូវកេនយ៉ានិងអ៊ូហ្គង់ដាពុំបានបញ្ជាក់ថា តើឧទ្ធម្ភាគចក្រទាំងនេះត្រូវបង្ខំចុះបន្ទាន់មកពីព្យុះឬបញ្ហាបច្ចេកទេសណាមួយនោះឡើយ ។
កាលពីថ្ងៃទី១៣ សីហាធាតុអាកាសអាក្រក់ធ្វើឱ្យប្រតិបត្តិការរុករកនិងជួយសង្គ្រោះឧទ្ធម្ភាគចក្រ៣គ្រឿងនោះជួបការលំបាកខ្លាំង។ ឧទ្ធម្ភាគចក្រទាំងនេះធុន MI-24 ផលិតនៅរុស្ស៊ីបានធ្លាក់នៅតំបន់ភ្នំកេនយ៉ាភាគកណ្តាលប្រទេសខណៈដែលហោះហើរទៅកាន់ប្រទេសសូម៉ាលីដើម្បីពង្រឹងកម្លាំងកងកម្លាំងនៃបេសកកម្មសហភាពអាហ្វ្រិកក្នុងការប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធអ៊ិស្លាម ។ ឧទ្ធម្ភាគចក្រទី៤ធុន MI-17 សម្រាប់ដឹកកងទាហានអាចទៅចុះដូចការគ្រោងទុកនៅទីក្រុងហ្គារីសាភាគខាងកើតកេនយ៉ាជាមូលដ្ឋានសំខាន់សម្រាប់ប្រតិបត្តិការយោធារបស់កេនយ៉ានៅសូម៉ាលីជិតខាង ៕
ចែករំលែកព័តមាននេះ