ប្រទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃទី១៣សីហាដល់សហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មជាឯកតោភាគីថ្មីៗប្រឆាំងអុីរ៉់ង់ដោយអះអាងថា ទណ្ឌកម្មទាំងនោះនឹងអាចធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរវាងប្រទេសទាំង២ ។ក្នុងសេចក្តីប្រកាសមួយក្រសួងការបរទេសរុស្ស៊ីនិយាយថា ក្រុងវ៉ាស៊ីនតោនត្រូវយល់ថា ទំនាក់ទំនងរបស់យើងនឹងរងការប៉ះពាល់ធ្ងន់ធ្ងរប្រសិនបើទណ្ឌកម្មទាំងនោះសំដៅលើបណ្តាសហគ្រាសរុស្ស៊ីដែលរួមសហការជាមួយបណ្តាដៃគូអុីរ៉ង់ ។
ក្រសួងនោះរំលឹកថារុស្ស៊ីគោរពម៉ឺងម៉ាត់ដល់ទណ្ឌកម្មនានារបស់អ.ស.ប លើការធ្វើពាណិជ្ជកម្មជាមួយអុីរ៉ង់ ក៏ប៉ុន្តែរុស្ស៊ីមិនទទួលស្គាល់ទណ្ឌកម្មជាឯកតោភាគីទាំងឡាយរបស់សហរដ្ឋអាមេរិកលើអុីរ៉ង់ដោយសារកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ប្រទេសនោះឡើយ។ យើងចាត់ទុកថាជារឿងមិនអាចទទួលយកបានដាច់ខាតចំពោះការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ពង្រីកច្បាប់របស់ខ្លួនលើពិភពលោកទាំងមូល ។ យើងប្រឆាំងចំពោះការបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិកប្រឆាំងបណ្តាសហគ្រាសនិងធនាគាររបស់ប្រទេសដទៃៗទៀត ។
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានអនុម័តកាលពីសប្តាហ៍មុននូវទណ្ឌកម្មថ្មីៗប្រឆាំងអុីរ៉ង់ដែលសំដៅលើបណ្តាសហគ្រាសដែលរកស៊ីធ្វើជំនួញជាមួយអុីរ៉ង់ខាងផ្នែកប្រេងការធានារ៉ាប់រង ហិរញ្ញវត្ថុនិងដឹកជញ្ជូនតាមផ្លូវសមុទ្រ ៕
ចែករំលែកព័តមាននេះ