ពួកឧទ្ទាមស៊ីរីអះអាងកាលពីថ្ងៃទី១៣សីហាថា ពួកគេបានបាញ់ធ្លាក់យន្តហោះចម្បាំងធុន MIG-21 មួយគ្រឿង ដែលការធ្លាក់យន្តហោះនេះត្រូវបានអះអាងដោយប្រភពយោធាមួយដែលថាមកពីបញ្ហាបច្ចេកទេសទេ ។វីដេអូមួយផ្សាយតាមអុីនធើរណេតពួកឧទ្ទាមមួយក្រុមអះអាងថាចាប់បានអ្នកបើកយន្តហោះប្រយុទ្ធនោះម្នាក់ដែលកងទ័ពស៊ីរីសេរី(ពួកឧទ្ទាម) និយាយថាបាញ់ធ្លាក់នៅភាគខាងកើតស៊ីរី ។
ខណៈដែលពួកឧទ្ទាមសំដែងក្តីរីករាយចំពោះការបាញ់ធ្លាក់យន្តហោះនេះជាលើកដំបូងតាំងពីមានការបះបោរនៅស៊ីរីរយៈពេល១៧ខែមកហើយមុខមាត់របស់ពួកឧទ្ទាមត្រូវគេថ្កោលទោសដោយសារមានវីដេអូដ៏សែនទារុណបំផុតនានាផ្សាយតាមអុីនធើរណេតបង្ហាញពីអំពើព្រៃផ្សៃរបស់ពួកនោះ ។ ក្នុងវីដេអូទាំងនោះគេឃើញពួកឧទ្ទាមទាញទម្លាក់សាកសពមនុស្សពីលើដំបូលផ្ទះនិងសម្លាប់មនុស្សយ៉ាងសាហាវ ។
ចំណែកកងទ័ពស៊ីរីវិញដោយប្រើរថក្រោះនិងរថពាសដែកបានលុកចូលសង្កាត់សឺអុីហ្វ អាល់ដាវឡា កាន់កាប់ដោយពួកឧទ្ទាមនៅក្រុងអាឡែប ។ អ្នកនាំពាក្យម្នាក់របស់កងទ័ពស៊ីរីសេរីអះអាងថា កងកម្លាំងឧទ្ទាមបានបាញ់ធ្លាក់យន្តហោះប្រយុទ្ធរបស់កងទ័ពក្នុងតំបន់ដឺអៀរអេសហ្ស័រ ភាគខាងកើតប្រទេស ដោយគ្រាប់ទំហំ១៤,៥ មីល្លីម៉ែត្ររបស់កាំភ្លើងយន្តការពារអាកាសមួយដើម ។
ប្រភពយោធាស៊ីរីដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ SANA អះអាងពីការធ្លាក់យន្តហោះនោះថាមកពីបញ្ហាបច្ចេកទេសគាំងឧបករណ៍បើកបរទើបបង្ខំឱ្យអ្នកបើកលោតចេញតាមឆ័ត្រយោង ។ យោងតាមតុល្យការបណ្តោះអាសន្នដំបូងរបស់អង្គការOSDH ថាមនុស្ស៥០នាក់ស្លាប់នាថ្ងៃទី១៣សីហានៅស៊ីរីក្នុងនោះមានជនស៊ីវិល២៨នាក់ ៕
ចែករំលែកព័តមាននេះ