កីឡាករប្រណាំងម៉ូតូជីភីជាតិអេស្ប៉ាញ Jorge Lorenzoបានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំងចំពោះការវិលត្រឡប់មកក្រុមយ៉ាម៉ាហាជាថ្មីម្តងទៀតរបស់កីឡាករអីុតាលីវ៉ាឡឹនទីណូ រ៉ូស៊ីហើយរូបគេមានជំនឿចិត្តថា នឹងទទួលបានដៃគូប្រណាំងប្រជែងថ្មីម្នាក់ ។
គេបាននិយាយថា៖«យើងទាំងពីរនាក់សុទ្ធតែជាជើងខ្លាំងនិងគ្មានអ្នកណាម្នាក់ចង់ចាញ់នោះទេ ។ ស្ថិតក្នុងក្រុមតែមួយដូច្នេះ ខ្ញុំសង្ឃឹមថា ទំនាក់ទំនងពួកយើងនឹងរឹតតែល្អប្រសើរឡើង ។ វាជាដំណឹងល្អសម្រាប់ក្រុមយ៉ាម៉ាហាហើយវាក៏ជាការលើកទឹកចិត្តដ៏ធំមួយផងដែរដែលរ៉ូស៊ីសម្រេចចិត្តមកចូលក្នុងក្រុមនេះ។ ខ្លួនខ្ញុំផ្ទាល់គឺចង់បានកីឡាករខ្លាំងៗមកធ្វើជាមិត្តរួមក្រុម ។ ខ្ញុំហ៊ានសន្មតថា ការយកឈ្នះខ្ញុំ គឺជាបំណងដ៏ធំរបស់កីឡាកររ៉ូស៊ី ។ សម្រាប់ក្រុមយ៉ាម៉ាហាវិញគឺជារឿងមួយល្អទៅវិញ ហើយក៏ជារឿងសំខាន់បំផុតផងដែរ »។ សូមរំលឹកថា កាលពីចុងសប្តាហ៍កន្លងទៅនេះ មានការចុះហត្ថលេខាមួយរវាងក្រុមយ៉ាម៉ាហានិងវ៉ាឡឹនទីណូ រ៉ូស៊ី ។
កីឡាករអីុតាលីរូបនេះនឹងចាកចេញពីក្រុម Ducatiនៅដំណាច់រដូវកាលឆ្នាំ២០១២នេះតាមរយៈការចុះហត្ថលេខាលើកុងត្រាប្រណាំងរយៈពេល២ឆ្នាំឱ្យក្រុមយ៉ាម៉ាហា ។
ចាប់ពីឆ្នាំ២០១៣ កីឡាករ រ៉ូស៊ីវ័យ៣៣ឆ្នាំនឹងចូលរួមជាមួយជើងខ្លាំងប្រចាំក្រុមយ៉ាម៉ាហា Jorge Lorenzo។ សូមបញ្ជាក់ថា រ៉ូស៊ីគឺជាអតីតអ្នកបើកបរឱ្យក្រុមយ៉ាម៉ាហានៅមុនការចេញពីក្រុមនេះមកចូលរួមជាមួយក្រុម Ducatiកាលពីឆ្នាំ ២០១០ ។
រយៈពេល៧ឆ្នាំដែលរ៉ូស៊ីនៅជាមួយក្រុមយ៉ាម៉ាហា គេបានយកឈ្នះជើងឯក៤៦លើកនិងឈ្នះពានជើងឯកពិភពលោកចំនួន៤លើក ។
អ្នកចាត់ការក្រុមយ៉ាម៉ាហាលោក Lin Jarvisបានថ្លែងក្នុងពេលចុះហត្ថលេខាថា ៖«តាមរយៈការទទួលបានកុងត្រាប្រណាំងជាមួយកីឡាករ Jorge Lorenzoនិងកីឡាករ រ៉ូស៊ី ដូច្នេះក្រុមរបស់យើងក្លាយទៅជាក្រុមដ៏ខ្លាំងមួយ »។
បច្ចុប្បន្នរ៉ូស៊ីស្ថិតនៅលំដាប់ទី៨លើតារាងជើងឯកពិភពលោកខណៈ Jorge Lorenzoកំពុងនាំមុខលើតារាងនេះក្នុងលទ្ធផលពិន្ទុនាំមុខ២៣ពិន្ទុ ។ ឆ្លងកាត់១០ប្រណាំងនៅឆ្នាំនេះ Lorenzoឈ្នះជើងឯកបាន៥លើក ។
Lin Jarvisបានបន្ថែមថា៖«សេចក្តីប្រកាសនេះគឺជាព័ត៌មានដ៏អស្ចារ្យថ្មីម្តងទៀតសម្រាប់ក្រុមយ៉ាម៉ាហា ។ កាលពីខែមិថុនាកន្លងទៅ យើងទទួលបានកុងត្រាថ្មីជាមួយកីឡាករ Lorenzoសម្រាប់ឆ្នាំ២០១៣-១៤ ហើយឥឡូវនេះយើងទទួលបានកុងត្រាថ្មីសន្លាងមួយទៀតជាមួយកីឡាកររ៉ូស៊ី។ ជាមួយនឹងបទពិសោធន៍ ចំណេះដឹង ជំនាញនិងល្បឿនបើកបររបស់កីឡាករជើងខ្លាំងទាំង២នាក់នេះ ដោយឥតសង្ស័យយើងនឹងអាចដណ្តើមបានជ័យជម្នះបន្ថែមទៀត ជាពិសេសគឺពានជើងឯកពិភពលោកឆ្នាំ២០១៣ និង២០១៤ »។
ដោយឡែកកីឡាករអាមេរិក Ben Spiesក៏ត្រូវបានប្រភពគួរឱ្យទុកចិត្តមួយបញ្ជាក់ថា រូបគេនឹងចាកចេញពីក្រុមយ៉ាម៉ាហានៅដំណាច់ឆ្នាំ ២០១២នេះផងដែរ ៕


ចែករំលែកព័តមាននេះ