ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ូ​កូវិ​ច​ឈ្នះ​ជើង​ឯក​វាយ​កូន​បាល់​នៅ​កាណាដា​

13 ឆ្នាំ មុន

ណូ​វ៉ាក់ យ៉ូ​កូ​វិច​រក្សា​បាន​នូវ​ពាន​ជើង​ឯក​កម្ម​វិធី Rogers Cup​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១២​បន្ត​ទៅ​​ទៀត​​ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាករ​បា​រាំង Richard Gasquetក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣សី​ហា​កន្លង​មក​នេះ ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ទី​ក្រុង​តូ​រ៉ុន​តូ​ ប្រ​ទេស​កា​ណា​ដា ។​

យ៉ូ​កូ​វិច​បាន​​បំ​បាក់ Gasquetក្នុងលទ្ធផល​២​សិត​ទល់​នឹង​សូន្យ ៦-៣​និង​៦-២ការ​ពារ​បាន​ពាន​ជើង​ឯក​របស់​ខ្លួន​ដែលបាន​យក​ឈ្នះ​កាល​ពី​ឆ្នាំ ២០១១​ ។ សម្រាប់​រូប​គេ​ នេះ​គឺ​ជា​​ពាន​ ATP World Tour Mastersលើក​ទី​១២​​​​ហើយៗ​ពាន​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ទឹក​ចិត្ត​ដ៏​សំ​ខាន់​ផង​ដែរ​ក្នុង​ការ​ចូល​រួម​ក្រប​ខណ្ឌធំ​ចុង​ក្រោយ​ប្រ​ចាំ​រដូវ​កាល US Open​ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​សហ​រដ្ឋ​អា​មេរិក​នា​ចុង​ខែ​សី​ហា​នេះ ។​

កីឡាករ​លំ​ដាប់​ទី​២​ពិភព​លោក​រូបនេះ​បាន​ថ្លែង​ថា ៖«នេះ​ជា​កម្ម​វិធី​ប្រ​កួត​ធំ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ដណ្តើម​ពាន​ជើង​ឯក​ជា​ថ្មី ។ បន្ទាប់​ពី​ទទួល​​បរា​ជ័យ​យ៉ាង​ជូរ​ចត់​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ ២០១២​រួច​មក ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​មិន​សង្ឃឹម​ថា​អា​ច​យក​ឈ្នះ​ជើង​ឯក​នៅ​ទី​នេះ​ទេ ។ តែ​យ៉ាង​ណា ដណ្តើម​បាន​​ពាន​នេះ​ពិត​ជា​ពិ​បាក​ ។ ខ្ញុំ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ពេល​ប្រ​កួត​។ ដូច្នេះ​ ខ្ញុំ​ហ៊ាន​និយាយ​បាន​ថា ការ​ប្រ​កួត​របស់​ខ្ញុំ​បាន​ល្អ​ខ្លាំង​​នៅ​លើក​​​នេះ »។​

​កាល​ពី​ឆ្នាំ ២០០៧ យ៉ូ​​កូ​វិច​ក៏​ធ្លាប់​បាន​​យក​ឈ្នះ​ពាន​នេះ​ម្តង​រួច​មក​ហើយ​ដែរ ។ ដូច្នេះ​គេ​គឺ​ជា​ជន​ទី​៣​ហើយ​បន្ទាប់ពី Ivan Lendl​និង Andre Agassiដែល​បាន​ឈ្នះ​ពាន​នេះ​ចំ​នួន​៣​លើក ។​

​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​បន្ត​ថា ៖«ពិត​ណាស់ ខ្ញុំ​​មិន​មែន​ជា​អ្នក​ដែល​ពូ​កែ​ខ្លាំង​លើ​ការ​វាយ​សឺ​វីស​នោះ​ទេ  ប៉ុន្តែ​ជា​ធម្ម​តា​ ខ្ញុំ​តែង​ផ្តោត​ទៅ​លើ​ការ​វាយ​ជា​លើក​ទី​២​បន្ទាប់​ពី​វាយ​សឺ​វីស​​រួច​។​ ខ្ញុំ​កំ​ពុង​តែ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​លើ​ការ​វាយ​សឺ​វីស​ទី​១​និង​ទី​២ »។

ដោយ​ឡែក​ សម្រាប់​កីឡាករ​បារាំង​ Gasquet​​​វិញ នេះ​គឺ​ជា​លើក​ទី​៧​ហើយ​ដែល​រូប​គេ​បាន​បរា​ជ័យ​នៅ​ក្នុង​ការ​ជួប​គ្នា​សរុប​៨​លើក​ជា​មួយ​យ៉ូ​កូ​វិច ។​ គេ​បាន​ថ្លែង​ថា ៖«នៅ​ពេល​លទ្ធផល ៤-៣ ការ​លេង​របស់​ខ្ញុំ​ចេះ​តែ​អន់​ទៅ​ៗ ហើយវា​ជា​បច្ច័យ​នាំ ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ។ ដរាប​ណា​ អ្នក​ប៉ះ​ជា​មួយ​កីឡាករ​យ៉ូ​កូ​វិច​ គឺ​ពិត​ជា​ពិ​បាក ​ហើយអ្នក​​​ក៏​មិន​អាច​ធ្វើឱ្យ​ការ​លេង​របស់​ខ្លួន​ឯង​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ដែរ» ៕