ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​កំពុង​​ធ្វើ​ឱ្យ​​ដំណឹង​ៗ​ផ្សេង​ៗ​ទៅ​ជា​ព័ត៌​មាន​​នីយ​កម្ម​ ខណៈ​​សេរី​ភាព​បញ្ចេញ​មតិ​ដំណើរការ​​ល្អ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើ​សម្លឹង​​មើល​សង្គម​​នៃ​ប្រទេស​ជប៉ុន​វិញ ​រដ្ឋា​ភិបាល​​ជប៉ុន​​បាន​អនុ​វត្ត​​គោល​នយោ​បាយ​​លទ្ធិ​ប្រជាធិប​តេយ្យ​​សេរី​ពហុ​បក្ស ក្រោម​ព្រះរាជាធិបតី​ភាព​ព្រះ​ចៅ​អធិ​រាជ​​​ តែ​មិន​កាន់​អំណាច​ដែល​លទ្ធិ​ប្រជធិប​តេយ្យ​នេះ​បាន​ដំណើរ​ការ​ប្រកប​ដោយ​​ភាព​រលូន​​មិន​ចាញ់​អារ្យ​ប្រទេស​​​នៅ​លើ​ពិភព​លោក​​​ប៉ុន្មាន​នោះ​ទេ ​ដូច​ជា​សហ​រដ្ឋ​អាមេរិក, ចក្រ​ភព​អង់​គ្លេស, ​សាធារណ​រដ្ឋ​បារាំង, អូស្ត្រាលី ។ល។ ​ហើយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​មួយ​នេះ​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ដល់​ប្រទេស​កម្ពុជា​​ផង​ដែរ ដែល​កំពុង​​​ដំណើរ​ការ​ប្រកប​ដោយ​ភាព​​វិជ្ជ​មាន​លើ​ផ្នែក​សេរី​ភាព​ ពហុ​បក្ស​​ក្រោម​របប​រាជា​និយម​អាស្រ័យ​​រដ្ឋ​ធម្ម​នុញ្ញ ។

ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ប្រទេស​ជប៉ុន​ត្រូវបាន​ពន្យល់​​ឱ្យ​ដឹង​ដោយ​លោក Masaru SATO ​មន្ត្រីជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ការ​ព័ត៌​មាន​​អន្តរ​ជាតិ​នៃ​ក្រសួង​ការ​បរទេស​​ជប៉ុន ដោយ​លោក​បាន​លើក​​ឡើង​ថា ប្រទេស​ជប៉ុន​​បាន​ប្រកាន់​​ខ្ជាប់​ និង​គោរព​​ព្រះ​ចៅ​អធិ​​រាជ  អាគី​ហ៊ីតូ ជា​​ព្រះ​រាជា​ធិបតី​​ដ៏​ខ្ពង់​ខ្ពស់​ ហើយ​​នៅពី​ក្រោម​នេះ​ គឺ​របប​លទ្ធិ​ប្រជា​ធិបតេយ្យ​ រួម​មាន ៖ ​ប្រមុខ​​រដ្ឋា​ភិបាល​ (នាយក​រដ្ឋ​មន្ត្រី) ​ជ្រើស​រើស​​ដោយ​ការ​បោះ​​​ឆ្នោត, ពហុ​បក្ស, ប្រជា​ពល​រដ្ឋ, អង្គ​ការ​ជាតិ-អន្តរ​ជាតិ, សារ​ព័ត៌​មាន និង​សេរី​ភាព​នៃ​ការ​បញ្ចេញ​​មតិ​​ទូលំ​ទូលាយ ។ ​ការ​ពន្យល់​​របស់​​លោក Masaru SATO ធ្វើ​ឡើង​​ ខណៈ​ទទួល​ស្វាគមន៍​​លោក​យិន ពិសិដ្ឋ ​អ្នក​កាសែត​កោះ​សន្តិ​ភាព​ដែល​​ត្រូវបាន​អញ្ជើញ​ដោយ​ស្ថាន​ទូត​ជប៉ុន​​ប្រចាំ​នៅ​កម្ពុជា​ធ្វើ​ទស្សន​កិច្ច​ស្វែង​យល់​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​ត្រូវ​បាន​អនុ​ញ្ញាត​ជួប​សំណេះ​សំណាល​ និង​ធ្វើ​បទ​សម្ភាសន៍​ពិសេស​​មួយ​ជា​មួយ​មន្ត្រី​​ជាន់​ខ្ពស់​រូប​នេះ កាល​ពី​ពាក់​កណ្តាល​​ខែ​កក្កដា ២០១២។

​មន្ត្រីជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ការ​ព័ត៌​មាន​អន្តរ​ជាតិ​នៃ​ក្រសួង​​ការ​បរទេស​ជប៉ុន​រូប​នេះ ​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​បញ្ចប់​សង្គ្រាម​​លោក​លើក​ទី​២ ខណៈ​ប្រទេស​ជប៉ុន​​ទទួល​រង​នូវ​មហន្ត​រាយ​ធំធេង​ ជប៉ុន​​បាន​រៀបចំ​ឱ្យ​មាន​សេរី​ភាព​នៃ​ការ​ផ្សាយ និង​ការ​បញ្ចេញ​មតិ​ទូលំ​ទូលាយ គ្មាន​ការ​គាប​សង្កត់ ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ យើង​មាន​​​ផល​វិបាក​​ខ្លះៗ​​ដោយ​សារ​ថា ​ការ​បញ្ចេញ​​មតិ​ខ្លះ​ជ្រុល​ហួស​ ឯ​ការ​អនុ​វត្ត​ខ្លះ​ក៏​ជ្រុល​ហួស​ដូច​គ្នា ​ដូច្នេះ​ពេល​នោះ​ គឺ​យើង​ព្យាយាម​​បណ្តុះ​បណ្តាល​​ធន​ធាន​​មនុស្ស​ឱ្យ​ចេះ​ប្រើ​ប្រាស់​ទៅ​តាម​វិជ្ជា​ជីវៈ​ដូចជា ចំណេះ​ដឹង, ចំណេះ​​ធ្វើ, សារ​ព័ត៌​មាន, របៀប​បញ្ចេញ​មតិ, របៀប​​អនុ​វត្ត និង​វិជ្ជា​ជីវៈ​ផ្សេង​ៗ​ទៀត ​​ធ្វើ​​យ៉ាង​ណា​ឱ្យ​ដើរ​​ស៊ី​ចង្វាក់​គ្នា និង​សម​ស្រប​​នឹង​គ្នា… ​ទើប​​មក​ដល់​បច្ចុ​ប្បន្ន​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ក្នុង​ប្រទេស​​ជប៉ុន​កំពុង​​ដំណើរ​ការ​​ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ ។

​ទាក់​ទិន​នឹង​សំណួរ​របស់​កោះ​សន្តិ​ភាព​ថា តើ​ដំណើរ​​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ល្អ​យ៉ាង​ដូច​ម្តេច​ទៅ? លោក Masaru SATO ​បាន​មាន​ប្រសាសន៍​ថា យើង​បាន​បែង​ចែក​អំណាច​នីមួយៗ​ដាច់​ពី​គ្នា​ ដូចជា អំណាច​​រដ្ឋ​សភា, ​អំណាច​រដ្ឋា​ភិបាល, អំណាច​តុលាការ, ​អំណាច​សារ​ព័ត៌​មាន និង​អំណាច​​​ប្រជា​ពល​រដ្ឋ ។ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​ស្ថាប័ន​​ជា​ច្រើន​ទៀត​បាន​ចូល​​រួម ប៉ុន្តែ​​អំណាច និង​ស្ថាប័ន​ទាំង​នោះ ត្រូវ​បាន​សហ​ការ​គ្នា​យ៉ាង​ស្អិត​រមួត មិន​អាច​ខ្វះភាគីណា​បាន​ឡើយ។ ​លោក Masaru SATO ​បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​​រដ្ឋា​ភិបាល​​អនុ​វត្ត​ខុស​​ទិស​ដៅ​ ឬ​បង្ក​ឱ្យ​មា​ន​កំហុស​​ណា​មួយ​ដោយ​ចេតនា ឬ​​អចេត​នា​នោះ ​ប្រជា​ពល​រដ្ឋ​នឹង​តវ៉ា​ ព្រម​ទាំង​ដាក់​​​ពាក្យ​បណ្តឹង​​ទៅរដ្ឋ​សភា​ និង​ទន្ទឹម​គ្នា​នោះ​កាសែត​នឹង​ចុះ​​ផ្សាយ​រិះ​គន់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ហើយ​ភ្លាមៗ​នោះ​​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​ឡាយ​នឹង​ត្រូវ​ប្រឈម​មុខ​គ្នា​ដោះ​ស្រាយតាម​ផ្លូវ​ច្បាប់… ​ពោល​គឺ​ស្ថាប័ន​​កាសែត​ដែល​ហ៊ាន​រិះ​គន់​ គឺ​ត្រូវ​​មាន​ភស្តុ​តាង​បានមក​ពី​ការ​ស្រាវជ្រាវ​របស់​ខ្លួន​គេ​ផ្ទាល់​ និង​​មាន​សំអាង​ពី​ប្រជា​ពល​រដ្ឋ ហើយ​ជា​មួយ​នោះ​ទៀត​សោត​ពាក្យ​បណ្តឹង​​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ​ត្រូវ​បាន​រដ្ឋ​សភា​កោះ​ហៅ​ខាង​ស្ថាប័ន​​រដ្ឋា​ភិបាល​​ទៅ​សួរ​ដេញ​​ដោល ។

លោក Masaru SATO ​បាន​មាន​ប្រសាសន៍​​ថា ចំណែក​ខាង​ស្ថាប័ន​​រដ្ឋា​ភិបាល​​ក៏​មាន​ក្រុម​​ជំនុំ​ជម្រះ​​របស់​គេ​ផង​ដែរ គេ​នឹង​ជជែក​​រក​ខុស​​រក​ត្រូវ​ប្រកប​ដោយ​​សច្ច​ភាព​រវាង​ស្ថាប័ន​រដ្ឋា​ភិបាល​ និង​រដ្ឋ​សភា… ​ប្រសិន​បើ​​ខាង​រដ្ឋា​ភិបាល​បង្ហាញ​នូវ​ទឡ្ហីករណ៍​អនុ​វត្ត​ការ​ងារ​បាន​ត្រឹមត្រូវ គឺ​​​រួច​​ខ្លួន​ និង​ត្រូវបាន​លើក​ទឹក​ចិត្ត​ទៀត​ផង មាន​ន័យ​ថា ​នាយក​រដ្ឋ​មន្ត្រី​នៅ​មាន​សុពល​​ភាព​​កាន់​​តំណែង​​ដដែល ។ ​ផ្ទុយ​មក​វិញ ប្រសិន​បើ​ខាង​រដ្ឋា​ភិបាល​ជជែក​ចាញ់​​ ឬ​ថា ខាង​រដ្ឋ​សភា​រក​ឃើញ​កំហុស​ពិត​ប្រាកដ​មិន​អាច​ប្រកែក​​បាន គឺ​​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​តម្រូវ​​ឱ្យ​ចុះ​ចេញ​ពី​តំណែង ។ ​ជាក់​ស្តែង​​រយៈ​ពេល​៤​ឆ្នាំ​​ចុង​ក្រោយ​នេះ​មាន​ការ​​ផ្លាស់​ប្តូរ​​នាយក​រដ្ឋ​មន្ត្រី​ដល់​ទៅ​៤​រូប​ឯណោះ រួម​មាន​​លោក Taro Aso, លោក Yukio Hatoyama, លោក Naoto Kan និង​លោក Yoshihiko Noda នាយក​រដ្ឋ​មន្ត្រី​​កំពុង​កាន់​តំណែង​បច្ចុ​ប្បន្ន ។ ត្រង់​នេះ​ហើយ​ជា​ការ​បញ្ជាក់​ថា ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ក្នុង​ប្រទេស​ជប៉ុន​ដំណើរ​​បាន​ល្អ គោរព​​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក និង​​គោរព​ច្បាប់ ។

ទាក់​ទិន​នឹង​​ការ​បោះ​ឆ្នោត​​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​លោក Masaru SATO ​បាន​​បញ្ជាក់​ឱ្យ​ដឹង​ថា ពេល​នោះ​មន្ត្រី​រាជ​ការ​​ ប្រជា​​ជន​ធ្វើ​ការ​អត់​ប្រកាន់​បក្ស​ពួក​ទេ គឺ​ធ្វើ​ការ​រួម​គ្នា​ ព្រោះ​​ថាអ្វី​ៗបាន​ជ្រើស​រើស​​ដោយ​ប្រជា​ជន​រួច​អស់​ហើយ ។ ​រាល់​ការ​ចង់​បាន​អ្វី​មួយ ប្រជា​ជន​​ត្រូវ​បញ្ជូន​យោ​បល់​​រប​ស់​ពួក​គេ​ទៅ​រដ្ឋ​សភា ចំណែក​មន្ត្រី​រាជ​ការ​​ត្រូវ​បញ្ជូន​យោបល់​របស់​ខ្លួន​ទៅ​រដ្ឋ​មន្ត្រី​នៃ​ស្ថាប័នរបស់​ពួកគេ​​ ហើយ​ពេល​នោះ​​រដ្ឋ​សភា និង​រដ្ឋា​ភិបាល​ត្រូវ​​ពិភាក្សា​គ្នា ដើម្បី​​ឈាន​ទៅ​សម្រេច​អ្វី​មួយ ឬ​ធ្វើ​អ្វី​មួយ ។ លោក Masaru SATO ​បាន​លើក​ឡើង​ថា ​អ្វីដែល​ជា​ភ្នែក​ ជាច្រមុះ​របស់​ប្រជាជន និង​រដ្ឋា​ភិបាល​​នោះ​ គឺ​សារ​ព័ត៌​មាន​​ ព្រោះ​សារ​ព័ត៌​មាន​​ក៏ជា​ស្ថាប័ន​​នៃ​ចំណេះ​ដឹង​មួយ​ផង​ដែរ ​ផ្តល់​នូវ​រឿង​រ៉ាវ​ផ្សេង​ៗ​ទៅ​ឱ្យ​ប្រជា​ពល​រដ្ឋ និង​ទៅ​​រដ្ឋា​ភិបាល​ដូច្នេះ​ទាំង​នេះ​​ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​ និង​រដ្ឋា​ភិបាល​​ផ្តល់​តម្លៃ​តប​វិញ គឺគោរព​ការ​​រិះ​គន់​ និង​ការ​ចុះ​ផ្សាយ​​របស់​កាសែត​​ ដោយ​សារ​ពួកគេ​យល់​ថា កាសែត​មិន​ត្រឹម​តែ​ជា​កញ្ចក់​​ឆ្លុះ​​បញ្ចាំង​មួយ​មុខ​ប៉ុណ្ណោះ​​ទេ កាសែត គឺ​ជា​បង្អួច​​ដែល​គេ​អាច​មើល​ធ្លុះ​ធ្លាយ​ទៅ​ដល​តំបន់​​ផ្សេងៗ​​ ជា​ពិសេស​ជុំ​វិញ​​ពិភព​លោក ។

និយាយ​ពី​វិស័យ​​សារ​ព័ត៌​មាន​​វិញ ​លោក​យិន ពិសិដ្ឋ ​អ្នក​កាសែត​​កោះ​សន្តិ​ភាព​​ត្រូវបាន​​​មន្ត្រី​​ក្រសួង​​ការ​បរទេស​ជប៉ុន​នាំ​ទៅ​ទស្សន​កិច្ច​នៅ​ការិយា​ល័យ​​កាសែត​ធំ​លំដាប់​ទី៣ នៃ​ប្រទេស​ជប៉ុន​ គឺ​កាសែត MAINICHI ជួប​ពិភាក្សា​​ជា​មួយ​លោក Maiko ISHIZAKI ​ទទួល​ប​ន្ទុក​​កិច្ច​ការ​ព័ត៌​មាន​​អន្តរ​ជាតិ, លោក HIROTO KOSUGE អនុ​ប្រធាន​គ្រប់​គ្រង​​ផ្នែក​​និពន្ធ (និពន្ធ​នាយក​រង​) និង​នាំទៅ​ទស្ស​ន​កិច្ច​នៅ​ការិយា​ល័យ​ក្លិប​អ្នក​កាសែត​​អន្តរ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន (The foreign correspondents’club of Japan) ជួប​ពិភាក្សា​​ជា​​មួយ​លោក​​ MASAAKI FUKUNAGA អនុ​ប្រធាន​ទី២ នៃ​ក្លិប ។

​លោក HIROTO KOSUGE និពន្ធ​​នាយក​រង​នៃ​កាសែត MAINICHI បាន​ឱ្យ​ដឹង​​ថា កាសែត MAINICHI បាន​បំបែក​ខ្លួន​ច្រើន​ប្រភេទ ទី១-គឺ​កាសែត MAINICHI ប្រចាំ​ថ្ងៃ, ចេញផ្សាយ​ក្នុង​១​ថ្ងៃ​២​ដង គឺ​ពេល​ព្រឹក​​មួយ​ដង និងពេល​ល្ងាច​មួយ​ដង, ទី២-​កាសែត MAINICHI សម្រាប់​កុមារ​ប្រចាំ​​​សប្តាហ៍, ទី៣-កាសែត MAINICHI សម្រាប់​យុវ​ជន​ប្រចាំ​សប្តាហ៍, ទី៤-កាសែត MAINICHI សម្រាប់់​អ្នក​អស់​សង្ឃឹម (ផ្តល់​គំនិត​ល្អៗ, ដំណឹង​ល្អៗ, បំប៉ន​ស្មារតី និង​លើក​ទឹក​ចិត្ត​​ដល់​អ្នក​អស់​សង្ឃឹម) ​ទី៥-ទស្សនា​វដ្តី MAINICHI ។

​ចំណែក​លោក MASAAKI FUKUNAGA អនុ​ប្រធាន​​ទី​២ នៃ​​ The foreign correspondents club of Japan បាន​ឱ្យ​ដឹង​ថា ប្រជាជន​ជប៉ុន​ភាគ​ច្រើន​លើស​លប់​​ចូល​ចិត្ត​មើល​កាសែត, ហើយ​​កាសែត​​ជប៉ុន​​លក់​ដាច់​ជាប់​លំដាប់​ពិភព​លោក ។ ​កាសែត​ធំៗ​របស់​ជប៉ុន​លំដាប់​ពិភព​លោក​​រួម​មាន ទី១-យូមីអ៊ូរិ, ទី២-អាសាហ៊ី, ទី៣-ម៉ៃនីជិ, ទី៤-នីកេ (កាសែត​សេដ្ឋ​កិច្ច), ទី៥-ជូនិជី និង​នៅ​មាន​កាសែត​ដែល​មាន​ប្រជា​ប្រិយ​ជា​ច្រើន​​ទៀត ។ ​លោក MASAAKI​​ FUKUNAGA បាន​មាន​ប្រសាសន៍​​ថា ​នៅ​ក្នុង​ក្លិប​អ្នក​​​សារ​ព័ត៌​មាន​បរទេស​​នៃ​ប្រទេស​ជប៉ុន មាន​តម្កល់​​ទុក​ឯក​សារ​ជា​ច្រើន (ព័ត៌មាន), បណ្តាញ​​ព័ត៌​មាន​វិទ្យា និង​បាន​ធ្វើ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អ្នក​កាសែត​​អន្តរ​ជាតិ​​ក៏​ច្រើន​​ផងដែរ… អ្នក​កាសែត​​បរទេស​ដែល​ជា​សមាជិក​អាច​ស្រាវជ្រាវ​រក​ព័ត៌​មាន​​ផ្សេងៗ​​ និង​ប្រើ​ប្រាស់កុំព្យូទ័រ​នៅ​ទីនេះ​បាន ។

លោក MASAAKI FUKUNAGA បាន​ឱ្យ​ដឹង​ថា បច្ចុ​ប្បន្ន​​ប្រទេស​​ជប៉ុន​កំពុង​​តែធ្វើ​​ឱ្យ​រាល់​ដំណឹង​ផ្សេងៗ​​ក្លាយ​ទៅជា​ព័ត៌​មាន​នីយ​កម្ម​ ពោល​គឺ​ត្រូវ​ដឹង​ទាំង​អស់​គ្នា​​អំពី​រឿង​រ៉ាវ​​​ផ្សេង​ៗ​ ព្រោះថា រដ្ឋា​ភិបាល​​មិន​អាច​គ្រប់​គ្រង​ព័ត៌​មាន​អស់​ទេ ដូច​នេះ​ស្ថាប័ន​កាសែត​​មាន​ភារ​កិច្ច​បញ្ជូន​ព័ត៌​មាន​ជា​សាធារណៈ​​តាម​រយៈ​ការ​បោះ​ពុម្ព​ផ្សាយ​​ និង​ប្រព័ន្ធ​​អេឡិច​ត្រូ​និក​, ចំណែក​​ប្រជា​ពល​រដ្ឋ​ក៏​មាន​ភារ​កិច្ច​បញ្ជូន​ព័ត៌​មាន​​ជា​សាធា​រណៈ​​ផង​ដែរ ព្រម​ទាំង​​ការ​បញ្ចេញ​មតិ​​ជា​​ដើម ​ហើយ​ព័ត៌​មាន​​ទាំង​នោះ គឺ​បញ្ជូន​តាម Home page រួម​​មាន Facebook, គេហ​ទំព័រ, Email, ទូរស័ព្ទ​ដៃ, កុំ​ព្យូទ័រ… បច្ចេក​វិជ្ជា​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​ដំណឹង​ផ្សេង​ៗ​ក្លាយ​ជា​ព័ត៌​មាន​នីយ​កម្ម​ក្នុង​ប្រទេស​ជប៉ុន​ហើយ៕