សេដ្ឋកិច្ចអាហ្វ្រិកអាចមានកំណើនដល់៧%ក្នុងឆ្នាំ២០១៥ខាងមុខ ដោយសារតែមានលំហូរនៃវិនិយោគិនកាន់តែច្រើន ។ ដោយជាប់លំដាប់ថ្នាក់ជាទ្វីបក្រីក្របំផុតនៅលើពិភពលោកនោះ អាហ្វ្រិកបានទទួលកំណើនសេដ្ឋកិច្ចតែ៥%ប៉ុណ្ណោះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។ បើទោះជាអាហ្រ្វិកអាចមានអត្រាកំណើនសេដ្ឋកិច្ចតាមស្តង់ដាពិភពលោកក៏ដោយ ក៏វាមិនទាន់គ្រប់គ្រាន់និងអូសទាញពលរដ្ឋរបស់ខ្លួនឱ្យចេញពីភាពក្រីក្របានឡើយ ។
ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់អាហ្រ្វិកនៅឆ្នាំ២០១២ មកនៅ៥,៤% ទាបជាងការព្យាករលើកមុន ។ ក្រុមមន្ត្រីបាននិយាយក្នុងកិច្ចប្រជុំមេដឹកនាំអាហ្វ្រិកនាទីក្រុងមុមបាសាថា អំពើពុករលួយ និងសង្គ្រាមស៊ីវិលក៏ទំនងជាធ្វើឱ្យបាត់បង់សន្ទុះទៅមុខនៅក្នុងបណ្តាប្រទេសទ្វីបអាហ្វ្រិកផងដែរ ។ លោកTegegnework Gettu ដែលបានដឹកនាំកិច្ចប្រជុំកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP)បានថ្លែងថា បណ្តាប្រទេសនៅអាហ្វ្រិកជាច្រើនបានចាប់ផ្តើមស្តារនីតិសម្បទា និងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស។
លោកGettu បានបន្ថែមថា ការវិនិយោគនៅអាហ្វ្រិកបានកើនដល់១៥%នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។ នេះគឺជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ ដែលរហូតមកដល់ពេលនេះអាហ្វ្រិកគឺជាទ្វីបដែលមានកំណើនឆាប់រហ័សនៅលើសាកលលោក ។ យើងត្រូវតែបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ព្រោះថានេះជាពេលវេលាសម្រាប់អាហ្វ្រិកហើយ ។
តាមរបាយការណ៍មួយរបស់គណៈកម្មាធិការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់អាហ្វ្រិកបានឱ្យដឹងថា អាហ្វ្រិកគឺជាទ្វីបដែលមានកំណើនសេដ្ឋកិច្ចឆាប់រហ័សបន្ទាប់ពីអាស៊ី ។ យ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចអាហ្រ្វិកក៏ប្រឈមមុខនឹងហានិភ័យវិបត្តិនយោបាយដែរ ដែលវាអាចរាលដាលដល់បណ្តាប្រទេសដែលនៅជាប់គ្នានោះ ៕
ចែករំលែកព័តមាននេះ