ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ព្រះ​អង្គ​រួប​រួម​​គ្នា​វិញ បក្ស​​នរោត្តម រណឫទ្ធិ ធ្វើ​សមាជ​​ថ្ងៃ​២៤ សីហា ហ៊្វុន​ស៊ិនប៉ិច ២៥សីហា បញ្ចូល​គ្នា​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​​​​ ៖ សមា​ជិក​គណៈ​កម្មា​ធិការ​​នាយក​​ និង​​ក្រុម​ប្រឹក្សា​​ជាតិ​របស់​គណ​បក្ស​​​នរោត្តម រណ​ប្ញទ្ធិ​​ សរុប​​​​ចំនួន​៥៣​រូប​​​ កាល​ពី​​ថ្ងៃទី​១២ សីហា ​ឆ្នាំ​​​២០១២ ​បាន​​សម្រេច​​ជ្រើស​រើស​លោក​​​សៅ រ៉ា​នី​ ជា​ប្រធាន​ស្តី​ទី​​គណ​បក្ស​​និង​លោក​​ផែង ហេង ​ជា​អគ្គ​​លេខា​​​ធិការ​​ថ្មី ។ ​ការ​សម្រេច​​នេះ​​បាន​ធ្វើ​ឡើង​​ក្នុង​កិច្ច​​ប្រជុំ​​បិទ​ទ្វារ​មួយ​នៅ​ទី​​ស្នាក់​ការ​​កណ្តាល​គណបក្ស​​​នរោ​ត្តម​ រណ​ប្ញទ្ធិ ​​ស្ថិត​ក្នុង​​ខណ្ឌ​ទួល​គោក ។​
​លោក​សៅ រ៉ានី បាន​ថ្លែង​ថា ​បន្ទាប់​ពី​កិច្ច​​ប្រជុំ​តំណាង​​​ទាំង​​២៤​ខេត្ត​​-​​ក្រុង​ ជា​សមា​ជិក​​គណៈ​កម្មា​ធិការ​​នាយក​ និង​ក្រុម​​​​​ប្រឹក្សា​​ជាតិ​នៃ​គណ​បក្ស​​នរោ​ត្តម​ រណ​ប្ញទ្ធិ ​បាន​​ជ្រើ​ស​រើសរូប​​​​លោក​ជា​​​ប្រធាន​​ស្តី​ទី​គណ​​​បក្ស​ និង​​​លោក​ផែង ហេង ​ជា​​អគ្គ​លេ​ខា​ធិការ​គណ​​​បក្ស​ ។​​ កិច្ច​ប្រជុំ​​នេះ​ក៏​បាន​​​លើក​​ឡើង​​ពី​ការ​រួប​រួម​​រវា​ង​គណ​បក្ស​​នរោ​ត្តម​​ ​​រណ​ប្ញទ្ធិ ​និង​គណ​​​បក្ស​ហ៊្វុន​ស៊ិ​នប៉ិច​ដែរ ហើយ​​លោក​បាន​​ជម្រាបជូន​ដល់​​ថ្នាក់​ដឹ​កនាំ​​គណ​បក្ស​​​​ពី​ការ​ងារ​​​បង្រួប​បង្រួម​​​​នេះ ដោយ​​គោរព​តាម​​អ្វីដែល​​សម្តេច​ក្រុម​ព្រះ​​ និង​លោក​ញឹក​ ប៊ុន​​ឆៃ​ ​បាន​ចុះ​កិច្ច​​ព្រម​ព្រៀង​​កាល​ពី​ថ្ងៃ​ទី​​២៤ ខែ​ឧសភា ​ឆ្នាំ​​​២០១២កន្លង​មក​​ ។​

​លោក​សៅ​ រ៉ានី ​​បាន​​​​ថ្លែង​​ទៀត​​ថា ​ការ​លា​ឈប់​​របស់​សម្តេច​​ក្រុម​ព្រះ​​ជា​សញ្ញា​​មួយ​ល្អ​​សម្រាប់​​​ការរួប​​រួម​​រវាង​គណ​​បក្ស​​រាជា​និយម​​ទាំង​​២​ តាម​ពិត​ខ្ញុំ​​ទេ​ដែល​​ជា​អ្នក​ចង់​​ឱ្យ​​មាន​ការ​​រួប​​​រួមគ្នា​នេះ ​។ ពេល​​នេះ​សម្តេច​ក្រុម​ព្រះ​​​បាន​ភ្ញាក់​​រលឹក​​​ ពី​ព្រោះ​​ព្រះ​អង្គ​​បាន​លា​ឈប់​​ជា​ហេតុ​​តែ​មួយ​គត់​​ដែល​​លោក​​ងាយ​ស្រួល​​ក្នុង​​ការ​បង្រួប​បង្រួម​​​គ្នា​នេះ ។​

​លោកសៅ​ រ៉ានី ​​បញ្ជាក់​​ថា គណ​បក្ស​​នរោ​ត្តម​ រណ​ប្ញទ្ធិ ​នឹង​រៀប​ចំ​​សមាជ​​មួ​យ​នៅ​​​​ថ្ងៃ​ទី​​២៤ សីហា ​ខា​ងមុខ​ ដើម្បី​​ប្តូរ​ឈ្មោះ​​គណ​បក្ស​​នរោ​ត្តម រណ​ប្ញទ្ធិ​ ​ទៅ​ជា​គណ​បក្ស​​​ជាតិ​និយម​ ក្នុង​​​​ការ​ចូល​រួម​​ជាមួយ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ។ ឯ​មន្ត្រី​​គណ​បក្ស​​ហ៊្វុន​ស៊ិ​ន​ប៉ិច​​បាន​ថ្លែង​​ថា គណ​បក្ស​​នេះ​ក៏នឹ​ងគ្រោង​​រៀប​ចំ​សមាជ​​ថ្នាក់​ជាតិ​​កែ​ប្រែ​​​លក្ខ​​ន្តិ​កៈ​​ខ្លះ​មុន​ពេល​​ទទួល​​មន្ត្រី​គណ​​បក្ស​​នរោ​ត្តម​ រណ​ប្ញទ្ធិ ​ហើយ​សមា​ជ​​នឹង​គ្រោង​​ធ្វើ​នៅ​​ថ្ងៃ​ទី​​​២៥ សីហា ឆ្នាំ​​២០១២ ​នៅ​ស្នាក់​​ការ​កណ្តាល​​​​គណ​បក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​ ។

​លោក​សៅ រ៉ានី ​បាន​ថ្លែង​ថា ​សម្តេច​​ក្រុម​ព្រះ​បាន​ទាត់​​បាល់«អក​ហ្សឺ​​» ហើយ​​ការ​សុំ​លា​ឈប់​នេះ​ គឺ​​បន្ទាប់​​ពី​ទ្រង់​មិន​មាន​​ប្រជា​ប្រិយ​​ភាព​​ ។ ​​ជីវិត​​នយោ​បាយ​​របស់​លោក​​នឹង​​ត្រូវ​ស្លាប់​​ក្នុង​​ឆ្នាំ​​​២០១៣​​ បើ​សិន​​ជា​លោក​មិន​​ដឹក​នាំ​​គណ​បក្ស​​នរោ​ត្តម​ រណប្ញទ្ធិ​ ​​ចូល​​ជាមួយ​ហ៊្វុន​ស៊ិន​ប៉ិច​ទេ ។​

​លោក​សៅ​ រ៉ានី ​បាន​អះ​អាង​ថា ដោយ​សារ​តែ​​ការ​លា​ឈប់​​​របស់​សម្តេច​​​ក្រុម​ព្រះ​​ លោក​​ឈឹម ​សៀក​ឡេង ​និង​លោក​​ប៉ែន ​សង្ហា ​គណ​បក្ស​​របស់​លោក​​ក៏​បាន​​បើក​កិច្ច​ប្រជុំ​​បន្ទាន់​មួយ​​របស់​​ថ្នាក់​ដឹក​នាំ​​សំខាន់​ៗ​​មក​ពី​​២៤​ខេត្ត​​-​ក្រុង​ទូ ទាំង​​ប្រទេស​ ក្នុង​គោល​បំណង​​បញ្ជាក់​ពី​ការ​លា​ឈប់​​ និង​ការ​​ធ្វើ​​សមាជ​​តែ​ម្តង ។​​ ​លោកសៅ​ រ៉ា​នី ​​បញ្ជាក់​​ថា លោក​​​គ្រោង​​នឹង​ដក​​​ពាក្យ​​បណ្តឹង​ពី​​សា​លា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​ដែល​​លោក​បាន​​ដាក់​​ប្តឹង​​លោក​​ នរ៉ាណា​ប្ញទ្ធិ ​អាន្ទន​​ដា​​យ៉ាត​​ និង​លោក​​ប៉ែន សង្ហា ប៉ុន្តែ​​លោក​មិន​​ដែល​បាន​​ដាក់​ពាក្យ​​​ប្តឹង​​សម្តេច​ក្រុម​ព្រះ​ទេ ៕​