រាជធានីភ្នំពេញ ៖ ផ្ទះសំណាក់វិមានសួគ៌ស្ថិតនៅតាមផ្លូវជាតិលេខ៦(ក្បែរសណ្ឋាគារវ៉ាស៊ីនតោន)ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ត្រូវចោរ២នាក់ប្រដាប់ដោយអាវុធខ្លី២ដើមឆ្មក់ចូលភ្ជង់សន្តិសុខយាមទីនោះនាំទៅគោះទ្វារចូលប្លន់ស្រ្តីពីរនាក់បងប្អូនជីដូនមួយរួមទាំងកូនតូចម្នាក់ផងក្នុងបន្ទប់ដេក យកគ្រឿងអលង្ការគិតជាប្រាក់ប្រមាណជិត១ម៉ឺនដុល្លារហើយជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។ នេះជាអំពើប្លន់ក្នុងបន្ទប់ផ្ទះសំណាក់គួរឱ្យភ្ញាក់ផ្អើល ព្រោះមិនធ្លាប់កើតមានបែបនេះទេ និងបានចោទជាសំណួរថា តើចោរដែលប្លន់នេះហេតុអ្វីបានជាដឹងថាភ្ញៀវស្នាក់នៅក្នុងផ្ទះសំណាក់មានគ្រឿងអលង្ការ ហើយចូលប្លន់ ។ ទោះបីជាបែបណានេះមិនមែនជាករណីប្លន់ដោយចៃដន្យនោះទេ ។
អំពើប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២សីហា ឆ្នាំ២០១២នៅបន្ទប់លេខ៦ នៃផ្ទះសំណាក់វិមានសួគ៌ ខណៈពេលស្រ្តីរូបនោះមានទំនាស់គ្នាជាមួយប្តី ហើយក៏ជិះរថយន្តម៉ាកអាតុ ពណ៌ខៀវលាយទឹកប្រាក់មានស្លាកលេខភ្នំពេញ ២M-៧៩៣៤ មួយគ្រឿងធ្វើដំណើរទៅដេកផ្ទះសំណាក់ខាងលើ ។ អ្វីដែលមានការចាប់អារម្មណ៍នោះ គឺបន្ទាប់ពីកើតមានអំពើប្លន់រួចមក ម្ចាស់ផ្ទះសំណាក់រួមទាំងបងប្អូនសាច់ញាតិពុំទទួលស្គាល់ការពិតទេ ដោយមានការសង្ស័យនិងចោទថាជាការប្រឌិតទោះបីមានការបំភ្លឺពីសន្តិសុខពីរនាក់ដែលប្រចាំការយ៉ាងណាក៏ដោយ ។
ស្រ្តីដែលត្រូវចោរភ្ជង់ប្លន់នេះឈ្មោះធុល ស្រីពៅ អាយុ២៧ឆ្នាំ ជាអ្នកលក់ដូរ មានលំនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទើបមកស្នាក់នៅផ្ទះសំណាក់វិមានសួគ៌បានតែ២យប់ មួយយប់ថ្លៃ១០ដុល្លារ ។
មន្រ្តីប៉ូលិសបានឱ្យដឹងថា ក្រុមចោរប្លន់មានបក្សពួក២នាក់ប្រដាប់ដោយកាំភ្លើងខ្លី២ដើម ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅមួយគ្រឿងបិទស្លាកលេខហើយស្កុតពណ៌ខ្មៅ បានជិះចូលក្នុងផ្ទះសំណាក់ ហើយភ្ជង់សន្តិសុខម្នាក់នាំទៅគោះទ្វារបន្ទប់លេខ៦ឱ្យបើក រួចចូលទៅភ្ជង់កាំភ្លើងប្លន់ឱ្យដោះចិញ្ចៀនដាំពេជ្រ២វង់ ចិញ្ចៀនដាំត្បូងធម្មតា១វង់ និងទូរស័ព្ទចំនួន៣គ្រឿងហើយគេចខ្លួនបាត់ ដូចបានរៀបចំជាមុន ។
ស្រ្តីឈ្មោះធុល ស្រីពៅ ជាជនរងគ្រោះ ដែលត្រូវចោរប្លន់និយាយថា នៅថ្ងៃទី១១ សីហា នាងនិងប្អូនស្រីជីដូនមួយឈ្មោះធុល លីន អាយុ១៨ឆ្នាំ រួមជាមួយកូនប្រុសតូចម្នាក់បានចូលទៅស្នាក់នៅផ្ទះសំណាក់វិមានសួគ៌បន្ទប់លេខ០៥ ។ លុះនៅវេលាយប់ថ្ងៃទី១២ សីហា ឆ្នាំ២០១២ ក៏បានដូរមកដេកនៅបន្ទប់លេខ០៦វិញ ។នៅវេលាម៉ោងប្រមាណ៧យប់នាងបានចូលក្នុងបន្ទប់តែមិនទាន់ដេកទេរហូតដល់ម៉ោងប្រមាណជិត១០យប់សន្តិសុខបានទៅគោះទ្វារហៅឱ្យយកតេឡេម៉ាស៊ីនត្រជាក់ ហើយប្អូនស្រីបើកទ្វារ ស្រាប់តែមានជនម្នាក់ស្ទុះចូលទៅក្នុងបន្ទប់ដកកាំភ្លើងខ្លីភ្ជង់និងម្នាក់ទៀតចូលទៅតាមក្រោយដកកាំភ្លើងខ្លីភ្ជង់ដែរ ។ ក្រុមចោរប្លន់ទាំងពីរនាក់បានភ្ជង់គំរាមឱ្យនៅស្ងៀមនិងដោះយកចិញ្ចៀនពីដៃចំនួន៣វង់និងទូរស័ព្ទចំនួន៣គ្រឿងរួចគេចខ្លួនចេញទៅបាត់ ។
ស្រ្តីរូបនេះបន្តទៀតថា សម្ភារដែលក្រុមចោរប្លន់យកទៅនោះមានចិញ្ចៀនពេជ្រចំនួន២វង់តម្លៃ៧ពាន់ដុល្លារ ចិញ្ចៀនដាំត្បូងធម្មតា១វង់តម្លៃ៧០ដុល្លារ ទូរស័ព្ទម៉ាកអាយហ្វូន ១គ្រឿង ម៉ាកណូគាC៧មួយគ្រឿង និងម៉ាកសាំស៊ុង១គ្រឿង ដែលទូរស័ព្ទទាំងបីគ្រឿងមានតម្លៃប្រមាណជាង១ពាន់ដុល្លារ សរុបទាំងអស់ប្រមាណជិត១ម៉ឺនដុល្លារ ។
សន្តិសុខផ្ទះសំណាក់ឈ្មោះម៉ៃ ផែន ភេទប្រុស អាយុ១៦ឆ្នាំ និយាយថា នៅមុនពេលកើតហេតុខ្លួន និងសន្តិសុខម្នាក់ទៀតនៅយាមផ្ទះសំណាក់ពេលភ្ញៀវចេញចូល តែម្នាក់ទៀតនៅឆ្ងាយ ។ ខណៈនោះស្រាប់តែមានជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅចូលមកដល់ ហើយជនម្នាក់បានដកកាំភ្លើងភ្ជង់គំរាមឱ្យទៅបើកទា្វរបន្ទប់លេខ៧ និងម្នាក់ទៀតដើរតាមក្រោយ ។ បន្ទាប់ពីធ្វើសកម្មភាពប្លន់ហើយ ជននោះបានជិះម៉ូតូចេញទៅបាត់ដោយម៉ូតូបិទស្លាកលេខ ។
នៅយប់នោះ ស្រ្តីរងគ្រោះបានទូរស័ព្ទទៅឪពុកមាធ្វើជាមន្រ្តីប៉ូលិសនិងបានទាក់ទងទៅអធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវ និង ប៉ូលិសប៉ុស្តិ៍ចុះទៅផ្ទះសំណាក់ដើម្បីសួរនាំ។ លុះពេលកម្លាំងសមត្ថកិច្ចចុះទៅសួរនាំ ម្ចាស់ផ្ទះសំណាក់រួមទាំងបងប្អូនបែរជាមានការសង្ស័យថា ជារឿងប្រឌិតព្រមទាំងប្រុងឃាត់ខ្លួនស្រ្តីរងគ្រោះរង់ចាំដោះស្រាយសិន ឯស្ត្រីរងគ្រោះក៏បានចេញពីផ្ទះសំណាក់ទាំងយប់ បន្ទាប់ពីសមត្ថកិច្ចសាកសួរជាហេតុធ្វើឱ្យមានទំនាស់ពាក្យសម្តីគ្នាផងដែរ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរូបនេះបានធ្វើដំណើរមករកប្តីនៅភ្នំពេញ និងមានទំនាស់គ្នា ហើយបាននាំកូនប្រុសទើបមានអាយុ២ខែទៅដេកផ្ទះសំណាក់ ស្រាប់តែត្រូវក្រុមចោរចូលធ្វើសកម្មភាពដល់ផ្ទះសំណាក់តែម្តង ។ មិនទាន់ដឹងថា តើដំណោះស្រាយមានលទ្ធផលបែបណានៅឡើយទេ ៕



ចែករំលែកព័តមាននេះ