ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយ​លុយ​400$​ក្លែង​ក្លាយ ច្រៀង​ខារ៉ា​អូខេ​ត្រូ​វចាប់​ខ្លួន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​​​​​ខ្មែរ​អ៊ិស្លាម​​ ​​ម្នាក់​បាន​យក​ប្រាក់ដុល្លារ​ក្លែង​ក្លាយ​ក្រដាស​​​១០០​​​ដុល្លារ​​ចំនួន​៤សន្លឹក​ ទៅផឹកស៊ី​ច្រៀងលេង​កម្សាន្ត​នៅ​ខារ៉ាអូខេ​ឌីយ៉ាម៉ង់​ ស្ថិតនៅផ្លូវ​ភ្លោះ​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌឫស្សី​កែវ​ ហើយ​​ក៏​ត្រូវគេ​ដឹង​នៅ​ពេលដូរ​សន្លឹក​ទី២ និងត្រូវ​​បាន​ចាប់​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង២រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី១៣ សីហា ។ ជនដែលចាយ​ប្រាក់​ក្លែង​កា្លយនេះឈ្មោះ​ហ្វា គ្រីយ៉ា អាយុ២៤​ឆ្នាំ មានទី​លំ​នៅ​ភូមិ​ថ្នល់​កែង ​ឃុំសេដា ស្រុក​តំបែរ ខេត្ត​កំពង់ចាម ​។ នៅ​ពេល​ចាប់​ខ្លួនសមត្ថ​កិច្ច​ដកហូត​បាន​ប្រាក់ដុល្លារ​ក្លែងក្លាយ​​ប្រភេទ​ក្រដាស១០០​ចំនួន​៤សន្លឹក ។

តាមមន្ត្រី​ប៉ូលិស​​ឱ្យដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១០យប់ថ្ងៃទី១២  សីហា ជន​នេះ​បាន​ចូល​ទៅផឹក​​ស៊ី​និង​ច្រៀង​លេង​នៅខារ៉ាអូខេ​ឌីយ៉ាម៉ង់​ ស្ថិត​នៅ​ផ្លូវ​ភ្លោះ​សង្កាត់​ជ្រោយចង្វា ​។ នៅពេល​ឈប់​ច្រៀង​គិត​ប្រាក់អស់៤០​ដុល្លារ​​ក៏​ឱ្យគេ​១០០ដុល្លារ​ហើយ​គេអាប់​មកវិញ​៦០​ដុល្លារ ។ លុះ​ក្រោយ​មកក៏បានឱ្យប្រាក់១០០​ដុល្លារ​ទៀតដូរ​ដើម្បី​ឱ្យ​លុយ​ធីប​ស្ត្រី​​ខារ៉ាអូខេ​​ ហើយ​ដោយ​មាន​ការសង្ស័យ​អ្នកគិត​លុយ​​ត្រួត​ពិនិត្យ​ក៏ដឹងថា​​​ក្លែង​ក្លាយ​ហើយ​ពិនិត្យ​​មើល​ក្រដាស​១០០ដុល្លារ​ដែលឱ្យ​លើក​មុន​ក៏សុទ្ធ​​​​តែក្លែងក្លាយ​​ទើប​ប្តឹងប៉ូលិស​ប៉ុស្តិ៍​​ឱ្យ​ឃាត់​​ខ្លួន​​​។  បន្ទាប់​​មក​​នៅពេល​ត្រួត​ពិនិត្យ​រក​ឃើញ​ប្រាក់ក្លែង​ក្លាយ​ប្រភេទ​ក្រដាស​១០០​ដុល្លារ​ចំនួន​​៤សន្លឹក​ក៏ចាប់​បញ្ជួន​ទៅកាន​់អធិការ​ដ្ឋាន​ខណ្ឌ​ឫស្សីកែវ​ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច​​ យុវជននេះឆ្លើយ​​​ថា ប្រាក់​នោះ​ខ្លួនពុំបាន​ដឹងថា ជាប្រាក់​ក្លែង​ក្លាយ​ទេ គឺគេឱ្យ​ថ្លៃលក់​ម៉ូតូហើយ​ធ្វើ​ដំណើរ​មក​ស៊ីចាយ​នៅ​ភ្នំពេញស្រាប់តែ​គេថាក្លែង​ក្លាយ។ ​កាលពី​ថ្ងៃ​ទី១០ សីហា ឆ្នាំ២០១២ ឪពុកបានឱ្យ​យកម៉ូតូ​ម៉ាក​​ឌ្រីម​សេ១២៥ ស៊េរី​២០០៦​មួយ​គ្រឿង​ទៅ​លក់​នៅ​ស្រុកមេមត់ បានតម្លៃ៩០០ដុល្លារ​ហើយ​គេ​កក់​ចំនួន៥០០ដុល្លារ​យក​ទៅឱ្យ​ឪពុក ។ លុះ​នៅ​ថ្ងៃទី១១ ខែសីហា ខ្លួន​​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ដេក​នៅផ្ទះសំណាក់​វិមានសួគ៌​ ហើយនៅ​វេលា​ម៉ោង​៥និង៣០​នាទីល្ងាចក៏​បានទាក់ទង​ឱ្យ​គេ​យក​ប្រាក់មកឱ្យ​នៅស្ពាន​ព្រែក​តាមាក់​ ចំនួន​៤០០​ដុល្លារទៀត​ ។​ នៅ​ពេលបាន​ប្រាក់ហើយ​ក៏បាន​ទៅ​ច្រៀង​នៅហាង​ខារ៉ាអូខេឌីយ៉ាម៉ង់​​​​ដោយ​យក​ប្រាក់​នោះ​ទៅ​ចាយ​ ស្រាប​់គេថាក្លែង​ក្លាយ​​​និង​ត្រូវចាប់ខ្លួនតែម្តង​ ៕