ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋក្រីក្រយ៉ាងតិចជាង២០គ្រួសាររស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលខ្លះជាអ្នកធានា និងខ្លះទៀតមិនមានពាក់ព័ន្ធសោះក្នុងរឿងខ្ចីបំណុលគេកំពុងរងការចោទថា បានជំពាក់បំណុលគេក្នុងម្នាក់ៗមិនតិចជាង១០លានរៀលឡើយ ។ ក្រុមប្រជាពលរដ្ឋទាំងនេះកំពុងភ្ញាក់ផ្អើលពេញភូមិ បន្ទាប់ពីមានស្ត្រីមួយក្រុមដែលអះអាងថាជា «ម្ចាស់បំណុល» បានទៅទារប្រាក់ពីពួកគាត់ជាបន្តបន្ទាប់ដល់ផ្ទះកាលពីពេលថ្មីៗនេះ ដោយមានកម្លាំងសមត្ថកិច្ចទៅអន្តរាគមន៍ និងគំរាមពួកគាត់ទៀតផង ។
តាមការបំភ្លឺពីអ្នកភូមិដែលដឹងរឿងនេះនិយាយថា ករណីនេះគឺផ្តើមចេញពីការធានា ឬធ្វើសាក្សីក្នុងរឿងខ្ចីបំណុលទីបំផុតបានក្លាយទៅជាកូនបំណុលវិញ ក្រោយពីកូនបំណុលពិតប្រាកដបានគេចខ្លួនអស់ ។ អ្នកភូមិចំការសំរោង១ដែលរងការចោទនេះមានខ្លះត្រូវគេពឹងឱ្យជួយធានា ឬសាក្សីក្នុងការខ្ចីបំណុលដោយអ្នកខ្ចីបំណុលបានសន្យាឱ្យប្រាក់កុំមីស្យុងពី៥ទៅ១០ម៉ឺនរៀល ហើយតម្រូវឱ្យអ្នកធានាយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារមកថតចម្លងដើម្បីប្រគល់ឱ្យម្ចាស់បំណុល ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះ គឺអ្នកភូមិមួយចំនួនដែលមិនបានដឹងខ្លួន ឬមិនពាក់ព័ន្ធសោះបែរជាមានឈ្មោះ និងមានអត្តសញ្ញាណប័ណ្ណថតចម្លងនៅក្នុងបញ្ជីជំពាក់ប្រាក់គេដែរ ហើយត្រូវស្ត្រីមួយក្រុមដែលអះអាងថាជា «ម្ចាស់បំណុល» ទៅបង្ខំទារប្រាក់ពីពួកគាត់បន្តបន្ទាប់តាំងពីខែកក្កដា រហូតមក ។
ស្ត្រីដែលអះអាងថាជាម្ចាស់បំណុលត្រូវគេស្គាល់ឈ្មោះហ៊ សុផា និងឈ្មោះសុគន្ធ រីឯឈ្មោះសាក់ លក្ខណា ជាអ្នកដើរទារបំណុល។ ដោយឡែកកូនបំណុលដែលតែងខ្ចីបំណុលស្ត្រីខាងលើនេះជាស្ត្រីមានឈ្មោះឈន ណា ឈ្មោះស៊ឹម សាវិត និងមានប៉ុន្មាននាក់ផ្សេងទៀត ។ ក្រុមនេះតែងមកបញ្ចុះបញ្ចូលឱ្យអ្នកភូមិជួយធានាក្នុងការខ្ចីប្រាក់ពីម្ចាស់បំណុលឈ្មោះហ៊ សុផា និងឈ្មោះសុគន្ធ តែពេលនេះបែរជាមានឈ្មោះសាក្សី ឬអ្នកធានាជាង២០នាក់ក្លាយជាកូនបំណុលជំនួសវិញ ដែលមិនខុសពីពាក្យថាទូកទៅកំពង់នៅឡើយ ។
ស្ត្រីឈ្មោះញេម នឿន អាយុ៥៧ឆ្នាំ ដែលរងការចោទថា ជំពាក់ប្រាក់គេនិយាយថា ឈ្មោះឈន ណា មកសុំគាត់ឱ្យជួយទៅធានាខ្ចីប្រាក់ពីម្ចាស់លុយខាងលើ ដោយឱ្យកុំមីស្យុង១០ម៉ឺនរៀល កាលពីអំឡុងខែតុលា ឆ្នាំ២០១១ ។ ឈន ណា បានយកអត្តសញ្ញាណប័ណ្ណរបស់គាត់ទៅថតចម្លង លុះក្រោយមកឈន ណា បាននាំគាត់ទៅជួបម្ចាស់លុយឈ្មោះសុផា ។ គ្រានោះឈ្មោះសុផា បានរាប់លុយចំនួន៦លានរៀលឱ្យទៅឈ្មោះឈន ណា តែគាត់មិនបានផ្តិតមេដៃទេ លុះដល់ខែកក្កដា ឆ្នាំ២០១២ នេះ ស្រាប់តែឈ្មោះសុផា មកទារលុយពីគាត់ដោយចោទថា គាត់ជាអ្នកជំពាក់ទៅវិញ ។ រីឯស្ត្រីម្នាក់ទៀតឈ្មោះពៅ លី អាយុ៤២ឆ្នាំ ជាអ្នកដាំបន្លែបានឱ្យដឹងថា គាត់ក៏ត្រូវឈ្មោះឈន ណា មកអង្វរឱ្យជួយធានារឿងខ្ចីលុយគេដែរ ។ គាត់ប្រាប់ថា កាលនោះគាត់មិនបានផ្តិតមេដៃទេ ហើយក៏មិនដឹងថា ឈន ណា ខ្ចីលុយគេប៉ុន្មានដែរ ។ លុះនៅខែមុននេះស្រាប់តែឈ្មោះសុផា ឈ្មោះលក្ខណា និងឈ្មោះសុគន្ធ មកតាមទារលុយពីគាត់ដល់ផ្ទះដោយចោទថា គាត់ជំពាក់ប្រាក់ពួកគេចំនួន២.២៥០ដុល្លារ ។ គាត់ហួសចិត្តតែម្តង ការពិតរូបគាត់បានប្រាក់កុំមីស្យុងពីឈ្មោះឈន ណា តែ១០ម៉ឺនរៀលប៉ុណ្ណោះ ។
ស្ត្រីឈ្មោះថង ពៅ អាយុ៣៦ឆ្នាំ បាននិយាយថា ក្នុងអំឡុងចុងឆ្នាំ២០១១ ខណៈពេលគាត់កំពុងកាប់ដីដាំដំណាំ មានស្ត្រីម្នាក់ឈ្មោះស៊ឹម សាវិត ធ្វើការនៅមណ្ឌលកុមារកំព្រាមួយកន្លែងមកជួបគាត់រួចនិយាយថា ដោយឃើញគាត់វេទនាចង់ជួយ ហើយបើមានអត្តសញ្ញាប័ណ្ណ ឬសៀវភៅគ្រួសារត្រូវយកមកដាក់នៅមណ្ឌលកុមារកំព្រាក្រែងកូនគាត់រកបានម៉ែធម៌ ឪពុកធម៌នៅបរទេសអាចជួយឧបត្ថម្ភបានធូរស្រាលបន្ទុកខ្លះ ។ ឮដូច្នេះគាត់ក៏សួរបញ្ជាក់បន្ថែមហើយក៏បានយកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារថតចម្លងឱ្យទៅឈ្មោះសាវិតនោះ ហើយរូបគាត់ក៏មិនដែលសួរនាំទៀតដែរ ។ លុះដល់ថ្ងៃទី១៦ មិថុនា ឆ្នាំ២០១២ ស្រាប់តែស្ត្រីឈ្មោះសាក់ លក្ខណា មកទារលុយគាត់ដល់ផ្ទះដោយចោទថា គាត់ជំពាក់លុយ៨លានរៀលខណៈដែលរូបគាត់មិនបានដឹងខ្លួនសោះ ។ ស្ត្រីរូបនេះថា ឈ្មោះលក្ខណា បាននិយាយថា បើមិនជំពាក់ប្រាក់គេទេ ហេតុអ្វីមានអត្តសញ្ញាណប័ណ្ណនៅក្នុងបញ្ជីបំណុលរបស់ពួកគេ? ស្ត្រីឈ្មោះថង ពៅ បញ្ជាក់ថា គាត់មិនដឹងអ្វីទាំងអស់រឿងប្រាក់បំណុលនេះ ហើយក៏មិនដឹងថា ហេតុអ្វីបានជាអត្តសញ្ញាណប័ណ្ណគាត់នៅក្នុងដៃគេដែរ ។ អ្នកភូមិខ្លះបានទៅធ្វើជាកម្មករនៅឯស្រុកសៀមរាប់ឆ្នាំមិនដែលមកអើតផ្ទះសោះ បែរជាមានឈ្មោះ និងអត្តសញ្ញាណប័ណ្ណជំពាក់ប្រាក់គេដែរ ។
មេភូមិចំការសំរោង១ លោកជួប ប៊ុនហាន ហៅហិប បានបំភ្លឺជុំវិញបញ្ហានេះថា លោកមិនបានចាប់អារម្មណ៍លើការខ្ចីបុលគ្នានេះទេ តែលោកបានដឹងនៅពេលប្រជាពលរដ្ឋជាច្រើនគ្រួសារមកសួរនាំលោកដល់ផ្ទះ ។ លោកបន្តថា ឈ្មោះឈន ណា និងឈ្មោះស៊ឹម សាវិត តែងយកកិច្ចសន្យាខ្ចីប្រាក់មកឱ្យលោកស៊ីញ៉េជាបន្តបន្ទាប់ ដែលភាគច្រើនកិច្ចសន្យានោះជាឈ្មោះអ្នកដទៃ (ឈ្មោះអ្នកភូមិ) ។ លោកបានសួរនាំពីបញ្ហានេះដែរ តែស្ត្រី២នាក់នេះប្រាប់ថា មិនអីទេ ព្រោះជាលុយរាប់ឡើងប្រចាំថ្ងៃ១ម៉ឺន ឬ២ម៉ឺនរៀល ម្យា៉ងក្នុងកិច្ចសន្យានោះមានទឹកប្រាក់យ៉ាងច្រើន១០ម៉ឺនរៀលប៉ុណ្ណោះ និងឃើញមានអត្តសញ្ញាណប័ណ្ណថតចម្លងរបស់សាមីខ្លួនភ្ជាប់មកជាមួយផង ទើបលោកចេះតែស៊ីញេ៉ឱ្យទៅ ។ពេលនេះបែរជាបែកធ្លាយរឿងប្រជាពលរដ្ឋរាប់សិបគ្រួសារជំពាក់បំណុលគេពេញភូមិខ្លះ៥លានរៀល ខ្លះ៨លានរៀល និងខ្លះជាង១០លានរៀល ក៏មាន ។ លោកមេភូមិបញ្ជាក់ថា ក្រោយពេលបែកធ្លាយរឿងនេះ លោកបានឆែកបញ្ជីមើលស្រាប់តែឈ្មោះខ្លះខ្ចីលុយគេ៨ម៉ឺនរៀលសោះ តែពេលនេះបែរជាជំពាក់គេដល់៨លានរៀលទៅវិញ ។ ដូចជាអ្នកភូមិឈ្មោះម៉ុត សាម៉ុន ភេទប្រុស ជាដើមដែលឈ្មោះឈន ណា កាន់កិច្ចសន្យាមកស៊ីញ៉េខ្ចីលុយគេ៨ម៉ឺនរៀល បែរជាមានឈ្មោះជំពាក់៨លានរៀល ។ លោកគិតថា រឿងនេះមិនប្រក្រតីហើយ តែឈ្មោះឈន ណា និងឈ្មោះសាវិត បានគេចខ្លួន ឯអ្នកវ័ណ្ឌ.ក គឺអ្នកធានាដែលចង់បានកុំមីស្យុងទៅវិញ ។ លោកបញ្ជាក់ថា អ្នកភូមិយ៉ាងតិចជាង២០គ្រួសារដែលមានឈ្មោះជំពាក់បំណុលគេពេលនេះ លោកសង្ស័យថាទំនងមានអ្នករៀបចំក្នុងរឿងនេះ ។
កោះសន្តិភាពមិនទាន់អាចសុំការបំភ្លឺពីភាគីម្ចាស់បំណុលបានទេនៅពេលនេះ ។ ប៉ុន្តែមួយរយៈនេះអ្នកភូមិនិយាយថា ម្ចាស់បំណុលឈ្មោះហ៊ សុផា ឈ្មោះសុគន្ធ និងឈ្មោះលក្ខណា តែងទៅទារប្រាក់ពីប្រជាពលរដ្ឋញឹកញាប់ណាស់ ថែមទាំងនាំកម្លាំងនគរបាល២នាក់ទៅគំរាមទៀតផង ។ ដូច្នេះហើយទើបអ្នកភូមិនាំគ្នាទៅពឹងឱ្យអង្គការការពារសិទ្ធិមនុស្សអាដហុកជួយអន្តរាគមន៍តាមផ្លូវច្បាប់ ។ លោកយិន ម៉េងលី មន្ត្រីស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក បាននិយាយដែរថា ប្រជាពលរដ្ឋមួយចំនួនត្រូវម្ចាស់បំណុលបង្ខំឱ្យផ្តិតមេដៃលើក្រដាសស ឬលើក្រដាសដែលមានតែអត្តសញ្ញាណប័ណ្ណថតចម្លងគ្មានសរសេរអក្សរមួយតួសោះ ដើម្បីបង្ខំឱ្យពួកគាត់ទទួលស្គាល់ថា បានខ្ចីប្រាក់ពួកគេ ។ មន្ត្រីរូបនេះបញ្ជាក់ថា តាមផ្លូវច្បាប់កិច្ចសន្យាគឺត្រូវធ្វើឡើងដោយគ្មានការបង្ខិតបង្ខំ ហើយភាគីទាំង២ត្រូវមានឯកសារនេះរក្សាទុកក្នុងដៃរៀងៗខ្លួន តែក្នុងសំណុំរឿងនេះបែរជាម្ចាស់បំណុលមានឯកសារ ឯភាគីកូនបំណុលគ្មានអ្នកណាម្នាក់មានកិច្ចសន្យានេះ ក្នុងដៃទៅវិញ ។ រីឯមន្ត្រីនគរបាលវិញមិនគួរដើរតួជាអ្នកធ្វើកិច្ចសន្យានេះទេ ព្រោះជាករណីរដ្ឋប្បវេណី ហើយក៏មិនត្រូវបង្ខំឱ្យប្រជាពលរដ្ឋផ្តិតមេដៃផ្តេសផ្តាសតាមការបញ្ជារបស់ម្ចាស់បំណុលដែរ ។ លោកថា សំណុំរឿងជំពាក់បំណុលនេះគឺមិនប្រក្រតី ហើយសមាគមអាដហុកនឹងផ្តល់មេធាវីជូនប្រជាពលរដ្ឋបើក្នុងករណីត្រូវប្រឈមមុខតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ