រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិថៃម្នាក់ បានត្រូវមន្ត្រីគយនិងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៣ សីហា នៅចំណុចច្រកអ្នកដំណើរមកដល់(Lost and Found) ក្នុងអាកាសយានដ្ឋាន ក្រោយពីសមត្ថកិច្ចគយរកឃើញម្សៅពណ៌ទឹកក្រូចជិត៥គីឡូក្រាម និងសង្ស័យថាជាគ្រឿងញៀនដែលស្ត្រីរូបនេះលាក់ក្នុងវ៉ាលីស ។
កងសន្តិសុខប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឱ្យដឹងថា កម្លាំងគយប្រចាំការនៅចំណុចច្រកអ្នកដំណើរមកដល់ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពិតជាបានឃាត់ខ្លួនស្ត្រីថៃម្នាក់ឈ្មោះ Piw Jansod Utsanee អាយុ២០ឆ្នាំ កាន់លិខិតឆ្លងដែនលេខC៩០៩៩៣៥ ធ្វើដំណើរតាមជើងយន្តហោះ MI លេខ៦២២សិង្ហបុរី-ភ្នំពេញ ខណៈពេលស្ត្រីរូបនេះមកដល់កម្ពុជា ។ ការរកឃើញម្សៅដែលសង្ស័យនេះ គឺខណៈពេលដែលមន្ត្រីគយឱ្យបំពេញសំណុំលិខិតរាយការណ៍មុខទំនិញ តែស្ត្រីនេះប្រាប់សមត្ថកិច្ចគយថាគ្មានអីវ៉ាន់ទេ ។ យោងតាមមន្ត្រីជំនាញឱ្យដឹងថា ស្ត្រីជនជាតិថៃនេះមានប្តីជាជនជាតិហ្គាណា និងធ្វើដំណើរមកពីប្រទេសហ្គាណាផងនោះ ក៏បានដាក់ការសង្ស័យនិងអញ្ជើញឱ្យចូលបន្ទប់ ដើម្បីធ្វើការត្រួតពិនិត្យវ៉ាលីស ។ នៅពេលពិនិត្យក្នុងវ៉ាលីសបានរកឃើញម្សៅពណ៌ទឹកក្រូចចំនួន៣ដុំ ស្មើនឹងទម្ងន់៤.៧៤៧ក្រាម ជាប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ដែលគេលាក់នៅតាមជញ្ជាំង និងបាតវ៉ាលីស ។
ស្ត្រីជនជាតិថៃរូបនេះ ត្រូវបានការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រគល់ឱ្យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃរួមទាំងវត្ថុតាងនារសៀលថ្ងៃដដែលនោះ ។ កងសន្តិសុខព្រលានយន្តហោះបញ្ជាក់ថា នេះជាលើកទី២ហើយសម្រាប់ខែសីហា ឆ្នាំ២០១២ នេះ ដែលការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនកាត់តាមអាកាសយានដ្ឋានអន្តរជាតិ ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៧ ខែសីហា មន្ត្រីគយនិងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់ខ្លួនស្ត្រីជនជាតិថៃ២នាក់ គឺឈ្មោះPhumdee Varangkana អាយុ២៩ឆ្នាំ និងឈ្មោះ Tangboon Ketkarn អាយុ២៩ឆ្នាំដូចគ្នា ក្រោយពីសមត្ថកិច្ចឆែកឆេររកឃើញគ្រឿងញៀនប្រភេទកូកាអីុនចំនួន៦ដុំ ស្មើនឹង៣.៦០៦,៦ក្រាម ដែលលាក់ទុកក្នុងវ៉ាលីសដាក់ខោអាវពណ៌ខ្មៅ ។
ស្ត្រីសង្ស័យខាងលើធ្វើដំណើរពីប្រទេសអេក្វាទ័រឆ្ពោះទៅប្រទេសថៃ ដោយឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះ MI ៦០៨សិង្ហបុរី-ភ្នំពេញនាវេលាម៉ោង៥និង៥០នាទីល្ងាច ។ ការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងប្រទេសចំនួន២ករណី ក្នុងខែសីហា ឆ្នាំ២០១២ ដោយការិយាល័យគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺជាការបង្ហាញឱ្យឃើញថា គយ និងរដ្ឋាករនៃព្រះរាជាណាចក្រកម្ពុជាមានសមត្ថភាព និងជំនាញខ្ពស់ក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀន ស្របតាមការចង់បានរបស់សមាគមអាស៊ានគ្មានគ្រឿងញៀនឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ