អគ្គលេខាធិការអ.ស.ប លោកបានគីមូនថ្លែងកាលពីថ្ងៃទី១៣សីហាថា អ.ស.ប មានការបារម្ភយ៉ាងជ្រាលជ្រៅចំពោះវិបត្តិមនុស្សធម៌នៅកូរ៉េខាងជើងក្រោយទឹកជំនន់ និងការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងកាលពីខែកក្កដា ។
យោងតាមតួលេខផ្តល់ឱ្យដោយម៉ាស៊ីនឃោសនាផ្លូវការក្រុងព្យុងយ៉ាងថា ទឹកជំនន់បណ្តាលឱ្យមនុស្សស្លាប់១៦៩នាក់ ៤០០នាក់ បាត់ខ្លួនហើយមនុស្ស២១២.២០០នាក់ត្រូវជម្លៀសចេញបំផ្លាញផ្ទៃដីដាំដុះរបស់ប្រទេសដែលរងការខ្វះខាតស្បៀងស្រាប់ដល់ទៅទំហំ៦៥០គ.មក្រឡា ។
ពេលមកបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងត្បូងលោកបានគីមូនថ្លែងទៅកាន់សារព័ត៌មានថា អ.ស.ប មានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសភាពការណ៍មនុស្សធម៌នៅកូរ៉េខាងជើង ។ យើងចាប់អារម្មណ៍ជាពិសេសដល់បញ្ហាសុខភាពរបស់បណ្តាកុមារនិងការខូចខាតបណ្តាលមកពីគ្រោះរាំងស្ងួតនិងទឹកជំនន់នាពេលថ្មីៗនេះ ។ ផ្នែកទាក់ទិននានារបស់អ.ស.ប បានផ្តល់ជំនួយចាំបាច់ហើយគ្រោងបន្ថែមជំនួយទៀត ។
ក្រុមរបស់អ.ស.ប និងរបស់កាកបាទក្រហម CICR បានទៅកាន់បណ្តាខេត្តដែលរងការប៉ះពាល់គឺខេត្តព្យុងហ្គានខាងជើងនិងព្យុងហ្គានខាងត្បូងដើម្បីវាយតម្លៃការខូចខាតដោយរៀបរាប់ពីសេចក្តីត្រូវការបន្ទាន់នូវទឹកស្អាត ស្បៀងនិងថ្នាំពេទ្យ ។
អ.ស.ប វាយតម្លៃកាលពីខែវិច្ឆិកាកន្លងទៅនេះថា ប្រជាជនកូរ៉េខាងជើង៣លាននាក់ក្នុងចំណោមប្រជាជន២៤លាននាក់ត្រូវការជំនួយស្បៀងបន្ទាន់ ៕
ចែករំលែកព័តមាននេះ