ដកខ្លួនថយចេញពីអំណាចចាប់តាំងពី៦ឆ្នាំមកហើយលោកហ្វីដែលកាស្ត្រូ ដែលដឹកនាំប្រទេសគុយបាក្នុងកណ្តាប់ដៃដែករយៈពេលជិតកន្លះសតវត្សបានប្រារព្ធធ្វើកាលពីព្រឹកថ្ងៃទី១៣សីហា នូវខួបកំណើតគម្រប់៨៦ឆ្នាំរបស់លោកដោយស្ងាត់ៗ ។
ដោយទទួលបានមេដាយមាសក្នុងការប្រកួតកីឡាអូឡាំពិកក្រុងឡុងដ៍ នាង អុីដាលីស អ័រទីស កីឡាការិនីគុយបា ផ្នែកយូដូ បានថ្លែងអំណរគុណដល់គ្រួសារនាង បណ្តាលមិត្តភក្តិ គ្រូបង្វឹករបស់នាងព្រមទាំងប្រធានាធិបតីលោករ៉ាអ៊ុលកាស្ត្រូ និងបងប្រុសលោកហ្វីដែលកាស្ត្រូ ។
ការបង្ហាញមុខជាសាធារណៈចុងក្រោយទាំងឡាយរបស់លោកហ្វីដែលកាស្ត្រូ មានកាលពីរដូវផ្ការីកកន្លងមកនេះ ។ ពេលនោះលោកបានជួបជាពិសេសជាមួយសម្តេចប៉ាបបេណតទី១៦ ពេលសម្តេចប៉ាបយាងមកកាន់គុយបាកាលពីដំណាច់ខែមីនា ។
ជាផ្លូវការពុំុមានការគ្រោងរៀបចំពិធីខួបកំណើតគំរប់៨៦ឆ្នាំរបស់លោកកាស្ត្រូ ដែលដឹកនាំប្រទេសគុយបាពីខែមករា ១៩៥៩រហូតដល់ពេលលោកឈឺធ្ងន់ កាលពីខែកក្កដា ឆ្នាំ២០០៦រួចផ្ទេរអំណាចឱ្យដល់ប្អូនប្រុសលោកឡើយ ។
គេគិតថា លោកហ្វីដែលកាស្ត្រូ ទោះបីជាលោកចូលនិវត្តន៍ ក៏ប៉ុន្តែលោកអាចនៅតែរារាំងឆន្ទៈកែទម្រង់របស់ប្អូនប្រុសលោកដែលតែងអំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតដើម្បីជំរុញការធ្វើបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចគុយបាដែលលោកលើកឡើងកាលពីឆ្នាំ២០១១ ៕
ចែករំលែកព័តមាននេះ