ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកបានបន្តិច និង៤នាក់ទៀតរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៣ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៦ និង៤៧ ត្រង់ចំណុចមុខរោងចក្រស្រាបៀរភ្នំពេញ ស្ថិតក្នុងភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
មន្ត្រីប៉ូលិសចរាចរផ្លូវគោកខេត្តបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តយីឌុប ម៉ាកហ៊្វុយហ្សូរបស់ក្រុមហ៊ុនអានកូ បើកដោយជនពុំស្គាល់ឈ្មោះបានជែងរថយន្តមួយគ្រឿងផ្សេងទៀតក្នុងដំណើរស្របគ្នាក៏ជ្រុលទៅបុកកៀររថយន្តតាក់ស៊ីម៉ាកកាមរីស៊េរី១៩៩៣ ពណ៌ស ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យកៀបក្រពឹតអស់មួយចំហៀងខាងឆ្វេង ចំណែកអ្នកជិះក្នុងរថយន្តកាមរីចំនួន៥នាក់បានរងរបួសធ្ងន់ និងស្រាល។
ក្រោយពេលកើតហេតុរថយន្តបង្កព្យាយាមបើករត់គេចបានជាង៥គីឡូម៉ែត្រត្រូវប៉ូលិសចាប់បានតែម្តង ។ ដោយឡែកអ្នករងរបួសត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ប៉ុន្តែដោយរបួសធ្ងន់ពេកស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកស្ត្រីម្នាក់ទៀតឈ្មោះម៉ាត ស្រីចាន់ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង រងរបួសជាទម្ងន់គ្រូពេទ្យប្រាប់ថា គ្មានសង្ឃឹម និងមនុស្ស៣នាក់ទៀតរងរបួសស្រាល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ