ខេត្តបន្ទាយមានជ័យ ៖ សព្វពស់វែកចម្រុះមានទម្ងន់ប្រហែល៣០គីឡូក្រាមត្រូវបានអ្នកបើករថយន្តក្រុមហ៊ុនដឹកជញ្ជូនផារ៉ាម៉ោនអង្គរ ប្រគល់ឱ្យទៅសមត្ថកិច្ចជំនាញខេត្ត កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ សីហា ២០១២ នៅស្នាក់ការសាខាក្រុមហ៊ុនទល់មុខមន្ទីរប្រៃសណីយ៍ខេត្ត ក្រុងសិរីសោភ័ណ បន្ទាប់ពីអ្នកបើករថយន្តសង្ស័យធ្វើការឆែកឆេរ ទើបដឹងថា ក្នុងឡាំងដាក់អីវ៉ាន់គេបង្កប់ដាក់សត្វពស់។
បើតាមប្រភពព័ត៌មានពីអ្នកបើករថយន្តប្រាប់ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ សីហា ២០១២ រថយន្តបានដឹកអ្នកដំណើរចេញពីសាខាក្រុមហ៊ុនស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ហើយមានបុរសម្នាក់អាយុប្រហែល៣០ឆ្នាំ យកអីវ៉ាន់មកផ្ញើទៅក្រុងសិរីសោភ័ណ ដោយប្រាប់ថា រូបគេទៅមុនចាំជិះរថយន្តនៅឯស្រុកស្រីស្នំ ខេត្តសៀមរាប ។ លុះរថយន្តចេញដំណើរមកដល់ស្រុកស្រីស្នំ មិនឃើញបុរសម្ចាស់អីវ៉ាន់ ក៏បានចេញចោល។ គ្រាដែលរថយន្តចេញដំណើរបានមួយសន្ទុះធំ ស្រាប់តែបុរសម្ចាស់អីវ៉ាន់បានទូរស័ព្ទមកគាត់ (អ្នកបើករថយន្ត) ថា ហេតុអីចេញចោលគេ ហើយគាត់ប្រាប់ទៅវិញថា ចាំជិះរថយន្តជើងទី២វិញទៅ ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ទំនងជាខ្លាចរឿងនេះបែកការណ៍ដល់សមត្ថកិច្ចបុរសម្ចាស់អីវ៉ាន់ លុះជិះរថយន្តជើងទី២មកដល់ស្រុកព្រះនេត្រព្រះ បានឈប់ចុះចេញពីរថយន្តបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ