រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយ ២តោនកន្លះពណ៌ខៀវ មួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូម៉ាកស្តេបមួយគ្រឿង ដោះស្រាយជួយជុសជុលម៉ូតូតែ១០០ដុល្លារហើយម្ចាស់រថយន្តទៅបាត់ធ្វើឱ្យម្ចាស់ម៉ូតូមានការក្តៅក្រហាយបានទិញសាំងមកចាក់ក្នុងកាប៊ីនរថយន្តដុតឆេះហុយទ្រលោម តែសំណាងល្អត្រូវបានប្រជាពលរដ្ឋ រួមទាំងមន្ត្រីប៉ូលិសនាំគ្នាជួយពន្លត់ទាន់ពេល ចំណែកជនបង្កគេចខ្លួនបាត់ចោលម៉ូតូ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១២ សីហា ២០១២ នៅតាមផ្លូវលេខ៥៩៨ មុខផ្សារងិនអាន ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ដោះស្រាយគ្នាពុំចេញប្រមាណ៣ម៉ោងក្រោយមក ។ តាមមន្ត្រីប៉ូលិសបានឱ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១២ សីហា ២០១២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយ បុកគ្នាជាមួយម៉ូតូម៉ាកស្តេប ពណ៌លឿងលាយក្រហម ខ្មៅមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នានៅចំណុចមុខផ្សារងិនអាន ។ ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ ហើយរាយការណ៍ទៅប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកនាំយកទៅដោះស្រាយតែភាគីទាំងពីរសុំដោះស្រាយដោយខ្លួនឯង ។
ប្រភពបន្តថា ខណៈពេលដោះស្រាយមិនត្រូវគ្នា ស្រាប់តែម្ចាស់ម៉ូតូបានទៅទិញសាំងចាក់ស្រោចរថយន្តដុតតែត្រូវប៉ូលិសរួមជាមួយប្រជាពលរដ្ឋជួយពន្លត់ទាន់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ