ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាំង សំអាត រក​បាន​3ពិន្ទុ​មុន​គេ​​នៅ​ក្នុង​​ពូល B ប្រកួត​​ដណ្តើម​​ខ្សែ​ក្រវាត់​ K-cement ទម្ងន់​54គ.ក្រ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​កីឡា​ករ​អាំង សំអាត មក​ពី​ក្លិប​​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿ​ង​ញៀន​មាន​សំណាង​​រក​បាន​៣​ពិន្ទុ​មុន​​គេ​ក្នុង​ព្រឹត្តិ​ការណ៍​​ប្រកួត​វគ្គ​​ជម្រុះ​វិល​ជុំ​លើក​ទី​១​នៅ​ក្នុង​ពូល B កម្ម​វិធី​​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​ K-cement ទម្ងន់​ ៥៤​​គីឡូ​ក្រាម នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​​CTN កាល​ពី​ថ្ងៃ​​អាទិត្យ​ទី១២ សីហា កន្លង​មក​នេះ បន្ទាប់​ពី​​ប្រកួត​ឈ្នះ​ពិន្ទុ​​កីឡា​ករ​ពៅ ស៊ីយ៉េត មក​ពី​ក្លិប​​ក្រុង​ប៉ោយ​ប៉ែត​​ខេត្ត​បន្ទាយ​មាន​ជ័យ ​។

នៅ​ក្នុង​ទឹក​ទី​១ ស៊ីយ៉េត ដែល​​មាន​ប្រៀប​ខាង​កម្ពស់​​ជាង​សំអាត​បន្តិច​នោះ​គេ​មិន​មាន​អារម្មណ៍​​ខ្វល់​ខ្វាយ​​ច្រើន​ឡើយ គឺ​គេ​​ដើ​រចូល​​វាយ​សម្រុក​ទៅ​លើ​សំអាត​ទាំង​កំរោល​តែ​ម្តង ខណៈ​ដែល​សំអាត ស្ថិត​នៅ​ក្នុង​​ការ​រា​រែក​ក្នុង​ចិត្ត​​នៅ​ឡើយ។ ចូល​ដល់​ទឹក​ទី​២​ សំអាត​លែង​បណ្តែត​បណ្តោយ​​ឱ្យ​ស៊ី​យ៉េត ធ្វើ​អ្វី​តាម​តែ​ចិត្ត​ទៀត​ហើយ​ដោយ​សារ​តែ​​រូប​គេចាញ់​ប្រៀប​ខាង​កម្ពស់​នោះ​ គេ​ត្រូវ​​តែបង្ខំ​ចិត្ត​ចូល​កៀក​​ប្រើ​​ស្នៀត​​កណ្តាប់​ដៃ​​វាយ​តម្រង់​មុខ​ និង​ពោះ​ទឹក​​ស៊ីយ៉េត ទើប​មាន​សង្ឃឹម​​​យក​ឈ្នះ​​ ​ប៉ុន្តែ​​ត្រូវ​ស៊ីយ៉េត ប្រើ​ស្នៀត​​ជង្គង់​​វាយ​សង​វិញ​​ដោយ​សារ​មិន​អាច​ប្រើ​ស្នៀត​ជើង​​ទាត់​​បាន​ ។

ចូល​ដល់​ទឹក​ទី​៣ និង​​​ទី​៤ ឃើញ​ថា​ស៊ីយ៉េត ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​​មិន​សូវ​ល្អ​​ដូច​មុន​ទៀត​ឡើយ ខណៈ​ដែល​សំអាត​បាន​បញ្ចេញ​ស្នៀត​ជង្គង់​វាយ​ប្រហារ​​ទៅ​លើ​​ពោះ​ទឹក​របស់​ស៊ីយ៉េត​គ្មាន​ប្រណី​​សោះ ។ ជា​ពិសេស​​​នៅ​ក្នុង​ទឹក​​ទី​៤​តែ​ម្តង ស្នៀត​ជើង​របស់​សំអាត​​បាន​ទាត់​ត្រូ​វ​ដៃ​ខាង​ឆ្វេង​របស់​ស៊ីយ៉េត​​យ៉ាង​ពេញ​ទំហឹង​​រហូត​ដល់​ថ្នាក់​ត្រូវ​អាជ្ញា​កណ្តាល​​រាប់​៨​ម្តង​ទៀតផង​ ឯ​នៅ​ទឹក​ទី​៥ សំអាត​​នៅ​តែ​​មាន​ប្រៀប​​ជាង​​ស៊ីយ៉េត​​ដដែល ។

ដោ​យ​ឡែក​សម្រាប់​គូ​ប្រកួត​​លក្ខណៈ​មិត្ត​ភាព​​វិញ កីឡា​ករ​​សាំង ស៊ីថា មក​ពី​សមា​គម​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​ ​បាន​ធ្វើ​ឱ្យ​កីឡា​ករ​​ផាវ ភឿត មក​ពី​ក្លិប​​កង​ពល​ធំ​អន្តរា​គមន៍​​លេខ​៣​ព្រះ​វិហារ ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ ទាំង​មិន​អស់​ចិត្ត​ឡើយ ។ ចំណែក​សុខ ចិន្តា មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​​ពោធិ៍​សាត់ ប្រកួត​​ឈ្នះ​ពិន្ទុ ធិន សុវណ្ណ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០ ។
ស៊ី​ថា និង​ផាវ ភឿត សុទ្ធ​តែ​ជា​កំពូល​​អ្នក​ប្រដាល់​​ចាស់​វស្សា​​ដូច​គ្នា ប៉ុន្តែ​​ល្បិច​​ប្រយុទ្ធ​​នៅ​លើ​សង្វៀន​​មិន​ដូច​គ្នា​នោះ​ទេ ។ ស៊ីថា បាន​ព្យា​យាម​​ប្រើ​ស្នៀត​ជើង​ទាត់​​ស្រាល​ៗ​​ទៅ​លើ​ផាវ​ ភឿត នៅ​ក្នុង​ទឹក​ទី​១ ក្នុង​គោល​បំណង​​សាក​ល្បង​​កម្លាំង​​សិន ព្រោះ​​អ្នក​ណា​ក៏​​បាន​ដឹង​ដែរ​​ថា ផាវ ភឿត ពូកែ​ខាង​កម្លាំង​​ជាង​បច្ចេក​ទេស​ ។ ចូល​ដល់​ទឹក​ទី​២ ស៊ី​ថា នៅ​តែ​បន្ត​វាយ​​​ក្នុង​លក្ខណៈ​ស្ទាប​ស្ទង់​​ដដែល​​ ប៉ុន្តែ​​ផាវ ភឿត មិន​ចេះ​​ស្ទាប​ស្ទង់​​ឡើយ​គេ​បាន​វាយ​​ទាំង​កំរោល ​ដោយ​ប្រើ​ស្នៀត​​​កណ្តាប់​ដៃ និង​ស្នៀត​ជើង​ធ្វើ​ឱ្យ​ស៊ីថា ដក​ថយ​អែប​ខ្សែ​រេញ​​ទាំង​ភ្នែក​នៅ​កញ្ចឹង​ក ​។

ទោះ​ជា​យ៉ាង​ណា ការ​ចំណាយ​​កម្លាំង​​យ៉ាង​ច្រើន​​របស់​ផាវ ភឿត ចាប់​ពី​ទឹក​ទី​២​រហូត​ដល់​ទឹក​ទី​៤ គឺ​មិន​សូវ​​ទទួល​បាន​ផល​ល្អ​ឡើយ ព្រោះ​​រាល់​​ពេល​ដើរ​ចូល​​វាយ​ទាំង​កំរោល​​របស់​​គេ​មិន​ខុស​ពី​ផ្ទាំង​ស៊ីប​របស់​ស៊ី​ថា​ឡើយ ។ សុខ ចិន្តា និង​ធិន សុវណ្ណ ក៏​សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​​ជើង​ចាស់​​ដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​​លើ​សង្វៀន​ក្រាស់​ដូច​គ្នា​  ប៉ុន្តែ​​ការ​​មក​ប៉ះ​គ្នា​​​លើក​នេះ​​ សុវណ្ណ ធ្វើ​មិន​​​បាន​ល្អ​​ចាប់​តាំង​ពី​ទឹក​ទី​២​មក​ម៉្លេះ បើ​ទោះ​ជា​​សុខ ចិន្តា មិន​មាន​​ឱកាស​វាយ​ផ្តួល​​​សុវណ្ណ​ឱ្យ​សន្លប់​​បាន​មែន តែ​យ៉ាង​ហោច​ណាស់​ក៏​គេ​អាច​យក​ឈ្នះ​ពិន្ទុ​បាន​ដែរ ខណៈ​ពេល​ទឹក​ទី​៤ និង​ទឹក​៥ សុវណ្ណ​​ចាញ់​ប្រៀប​​ចិន្តា​ដាច់​តែ​ម្តង ។

កីឡា​ករ​នូវ​ ស៊ីថា មក​ពី​​ក្លិប​​រាជ​សីហ៍​​បង្ក្រាប​គ្រឿង​ញៀន​ខេត្ត​រតន​គិរី ប្រកួត​ឈ្នះ​​កីឡា​ករ​ឡុង ប៊ុន​រ៉ាត់ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​​ ដោយ​ពិន្ទុ និង​កីឡា​ករ​ជ័យ ប៊ុន​សង់ មក​ពី​​ក្លិប​​ខេមរិន្ទ​មាន​ឫទ្ធិ​​ ប្រកួត​​ឈ្នះ​កីឡា​ករ​​កុសល វិសាល មក​ពី​ក្លិប​​សាល​វ័ន្ត​កីឡា​ ដោយ​ពិន្ទុ ៕