ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​​បើក​​​ប្រកួត​​កីឡាការ៉ា​តេ​ដូ​​ស្វា​គមន៍​​ក្រុម​ជប៉ុន

13 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំពេញ ៖​​ ​នៅ​អំឡុង​ចុង​ខែ​​សីហា ខាង​មុខ​នេះ សហ​ព័ន្ធ​កីឡា​ការ៉ា​តេ​ដូ​កម្ពុជា​នឹង​បើក​​ការ​ប្រកួត​ការ៉ា​តេ​ដូ​ធំ​មួយ​ក្នុង​លក្ខណៈ​មិត្ត​ភាព​​ជា​មួយ​នឹង​ក្រុម​មក​ពី​ប្រទេស​ជប៉ុន​​ ។ នេះ​បើ​យោង​​តាម​ការ​បញ្ជាក់​​ពី​មន្ត្រី​​កំពូល​ប្រចាំ​ក្នុង​សហ​ព័ន្ធ​កីឡា​​ការ៉ា​តេ​ដូ​​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃទី​១១ សីហា ក្នុង​ជំនួប​​តាម​ទូរ​ស័ព្ទ​ជា​មួយ​នឹង​​ភ្នាក់​ងារ​​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព ។

លោក​ឡាច ច័ន្ទ​​សុវណ្ណ ប្រធាន​សហ​ព័ន្ធ​​ខេមរៈ​​សហ​ព័ន្ធ​​ការ៉ា​តេ​ដូ​ប្រចាំ​នៅ​កម្ពុជា បាន​អះ​អាង​ឱ្យ​ដឹង​​ពាក់​ព័ន្ធ​នឹង​គម្រោង​ប្រកួត​​កម្រិត​​ទ្វេ​ភាគ​ី​នេះ​ថា នៅ​ថ្ងៃទី​២៣ សីហា ខាង​មុខ ​តំណាង​​​សហ​ព័ន្ធ​កីឡា​​ការ៉ា​តេ​ដូ​​របស់​ជប៉ុន​នឹង​ដឹក​នាំ​កីឡា​​​ករ​ កីឡា​ការិនី​ការ៉ា​តេ​ដូ​របស់​ខ្លួ​ន​មក​ធ្វើ​ការ​ប្រកួត​ក្នុង​លក្ខណៈ​​មិត្ត​ភាព​​ធំ​មួយ​ជា​មួយ​នឹង​​កីឡា​ករ​កម្ពុជា ។ គម្រោង​ប្រកួត​ដែល​ជប៉ុន​​បាន​ខក​ខាន​យ៉ាង​ហោច​ជិត​១០​ឆ្នាំ​នៅ​កម្ពុជានេះ ​នឹង​​រៀប​ចំ​ឡើង​នៅ​បរិវេណ​​សាល​​ដំបូល​ទូក​ ឬ​ក្នុង​បរិវេណ​ទី​លាន​បាល់​ទះ​​​ស្តាត​អូឡាំ​ពិក​ក្រោម​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​​នាំ​​សហ​ព័ន្ធ​កីឡា​​គ្រប់​​ផ្នែក​ទាំង​អស់​​នៅ​ទូ​ទាំង​កម្ពុជា ។

លោក​ឡាច ច័ន្ទ​សុវណ្ណ​ បាន​បញ្ជាក់​ថា «យើង​បាន​​ទទួល​រួច​ហើយ​​សម្រាប់​លិខិត​​សុំ​ប្រកួត​ជា​មួយ​កីឡា​ករ កីឡា​ការិនី ​ផ្នែក​​ការ៉ាតេ​ដូ​​របស់​កម្ពុជា នា​ចុង​ខែ​សីហា នេះ ហើយ​ភាគី​ខាង​កម្ពុជា​​ក៏​ទើប​នឹង​បាន​បញ្ជូន​លិខិត​ឆ្លើយ​តប​​ថា សុខ​ចិត្ត​រៀប​ចំ​​ការ​ប្រកួត​មួយ​នេះ​ហើយ​នៅ​ថ្ងៃទី​២៣ សីហា​ហ្នឹង ទៅ​កាន់​ភាគី​ជប៉ុន​​វិញ​ដែរ» ។ លោក​មិន​ទាន់​ដឹង​ថា ភាគី​ជប៉ុន​នឹង​បញ្ជូន​កីឡា​​ករ​មក​ប្រកួតចំនួន​ប៉ុន្មាន​​រូប​​នៅ​ឡើយ​ទេ ប៉ុន្តែ​យោង​តាម​​បទ​ពិសោធន៍​​ដែល​ប្រទេស​នេះ​ធ្លាប់​បញ្ជូន​កីឡា​ករ​មក​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​​ជា​មួយ​កម្ពុជា​​លើក​មុន​ៗ​​គឺ​មិន​តិច​ជាង​៣០​រូប​ឡើយ ។

ទោះ​ជាយ៉ាង​ណា លោក​បាន​ត្រៀម​កីឡា​ករ​ ​កីឡា​ការិនី ប្រមា​ណ​តែ​១០​រូប​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ចេញ​ប្រកួត​ក្នុង​គម្រោង​ស្វា​គមន៍​​ដល់​វត្ត​មាន​របស់​កីឡា​ករ​ការ៉ា​តេ​ដូ​មក​ពី​ជប៉ុន​នេះ ។ ចំពោះ​​គម្រោង​បញ្ចេញ​​ចំនួន​កីឡា​ករ​តិច​​តួច​ក្នុង​កាលៈ​ទេសៈ​ដែល​កម្ពុជា​ត្រូវ​គេ​ដឹង​​ថា ​មាន​កីឡា​ករ​ឆ្នើម​ៗ​​ផ្នែក​ការ៉ា​តេ​ដូ​យ៉ាង​ហោច​ជាង​៣០​រូប​នា​ពេល​នេះ គឺ​មិន​មែន​ដោយ​សារ​មូល​ហេតុ​ចង់​បិទ​កីឡា​ករ​ខ្មែរ​មិន​ឱ្យ​ចេញ​មុខ​នោះ​ទេ ប៉ុន្តែ​​គឺ​វា​ជា​ការ​ការ​ពារ​មុខ​មាត់​ដល់​​​កម្ពុជា​នៅ​ក្រោយ​ការ​ប្រកួត​បែប​មិត្ត​ភាព​ថ្នាក់​អន្តរ​ជាតិ​​នោះ​ច្រើន​ជាង។

លោក​ឡាច ច័ន្ទ​សុវណ្ណ ​បញ្ជាក់ថា «បើ​គ្រាន់​តែ​​ចង់​ល្ប​ង​សមត្ថ​ភាព ទោះ​ភាគី​ជប៉ុន​បញ្ជូន​​កីឡា​ករ​មក​៣០​-៤០​រូប​ ក៏​សហ​ព័ន្ធ​ខ្ញុំ​​មិន​ខ្វះ​កីឡា​ករ​ឱ្យ​ប្រកួត​ជា​មួយ​ដែរ ប៉ុន្តែ​​ខ្ញុំ​មិន​​អាច​ធ្វើ​អីុចឹង​​បាន​ទេ ព្រោះ​​ខ្ញុំ​គិត​ថា ជប៉ុន​​គេ​មិន​ចេះ​តែ​បញ្ជូន​អ្នក​មិន​ចេះ​មក​នោះ​ទេ ដូច្នេះ​​ហើយ​ទើប​ខ្ញុំ​​ត្រៀម​​បម្រុង​តែ​កីឡា​ករ​១០​រូប​ដែល​ខ្ញុំ​ជឿជាក់​ថា ​​មាន​សង្ឃឹម​​ឈ្នះ​ជប៉ុន​ភាគ​ច្រើន​ឱ្យ​ចូល​ប្រកួត​​ ហើយ​ខ្ញុំ​បាន​​​ផ្ញើ​​លិខិត​ទៅ​ភាគី​ជប៉ុន​​រួច​ហើយ​ថា ការ​ដឹក​នាំ​​កីឡា​ករ​មក​ប៉ុន្មាន​​នាក់​ គឺ​អត់​សំខាន់​ទេ ប៉ុន្តែ​​សម្រាប់​កម្ពុជា​​គឺ​ផ្តល់​សិទ្ធិ​ឱ្យ​ប្រកួត​តែ​ជា​មួយ​កីឡា​ករ​​១០​រូប​​ប៉ុណ្ណោះ» ។ លោក​មាន​ជំនឿ​ថា ការ​ប្រកួត​ទ្វេ​ភាគី​ដែល​គ្រោង​ធ្វើ​ឡើ​ង​នៅ​ថ្ងៃទី​២៣ សីហា នៅ​បរិ​វេណ​​ស្តា​ត​អូឡាំពិក​នោះ កម្ពុជា​​មាន​សង្ឃឹម​​ទទួល​បាន​​ជោគ​ជ័យ​​ច្រើន​ជាង​​កីឡា​ករ​​ជប៉ុន​​ដូច​ការ​ប្រកួត​​មិត្ត​ភាព​ដណ្តើម​​ពាន​លើក​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​សៀម​រាប ។

គួរ​បញ្ជាក់​ថា សហ​ព័ន្ធ​ការ៉ា​តេ​ដូ​ជប៉ុន​​បាន​ដឹក​នាំ​កីឡា​​ករ​មក​ប្រកួត​ជា​មួយ​​កម្ពុជា​​ចំនួន​៣​លើក​រួួច​មក​ហើយ ដោយ​ការ​ប្រកួត​លើក​ទី​១​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ២០០០ នៅ​ទី​លាន​​ការ៉ា​តេដូ​​ខាង​ក្រោយ​​មន្ទីរ​ពេទ្យ​លោក​សង្ឃ លើក​ទី​២​ក្នុង​​ឆ្នាំ​២០០១ នៅ​ស្តាត​អូឡាំពិក​​ និង​លើក​ទី​៣ គឺ​ជា​ការ​​ប្រកួតដណ្តើម​​ពាន​រង្វាន់​​សម្តេច​តេជោ​ ហ៊ុន សែន បែប​ទ្វេ​ភាគី​តែ​ម្តង ​នៅ​លើ​ទឹក​​ដី​ខេត្ត​សៀម​រាប ។ លោកឡាច ច័ន្ទ​សុវណ្ណ អះ​អាង​ថា ការ​បញ្ជូន​កីឡា​ករ​ កីឡា​ការិនី របស់​ជប៉ុន​​លើក​នេះ​នៅ​មិន​ទាន់​ដឹង​ថា មាន​​សមត្ថ​ភាព​​ខ្ពស់​បែប​ណា​នោះ​ទេ ។ ប៉ុន្តែ​លោក​នៅ​តែ​មាន​ជំនឿ​ថា កម្លាំង​ដែល​​កម្ពុជា​បាន​ត្រៀម​ទុក​នោះ​ គឺ​​ជា​ធន​ធាន​មួយ​ដែល​លោក​​អាច​ជឿ​ទុក​ចិត្ត​បាន​ បើ​ទោះ​ជា​កីឡា​ករ​ កីឡា​ការិនី​ការ៉ាតេ​ដូ របស់​កម្ពុជា​​ទាំង​នេះ​មិន​មាន​ការ​ហ្វឹក​​ហ្វឺន​​បន្ថែម​ក្នុង​បែប​ផែន​​ពិសេស​នៅ​ក្រៅ​ប្រទេស​​ នៅ​អំឡុង​​ការ​ប្រកួត​មិត្ត​ភាព​មិន​ទាន់​ចាប់​ផ្តើម​​នេះ​ក៏​ដោយ ។

ប្រធាន​សហ​ព័ន្ធ​​រូប​នេះ​ថ្លែង​ថា «សម្រាប់​ធន​ធាន​កីឡា​ករ​ខ្ញុំ​អត់​​បារម្ភ​ទេ ព្រោះ​យើង​​ក៏​ទើប​តែ​ជ្រើសរើស​បាន​ជើង​ឯក​កាល​ពី​ចុង​ខែ​កក្កដា​​​មុន​នេះ​​ដែរ ប៉ុន្តែ​​អ្វី​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ គឺ​គម្រោង​ប្រកួត​នេះ​មាន​ភាព​តក់​ក្រហល់​ពេក​ដែល​​អាចធ្វើ​ឱ្យ​​ខ្ញុំ​ស្មុគ​ស្មាញ​រឿង​រៀប​ចំ​​វេទិកា​​ជ្រើស​​រើស​គណៈ​កម្ម​ការ និង​​ការ​បញ្ជូន​ព័ត៌​មាន​​ឱ្យ​គ្រប់​ក្លិប​​ការ៉ាតេ​ដូ​​នៅ​ទូ​ទាំង​កម្ពុជា​​បាន​មក​ចូល​រួម​មើល​ការ​ប្រកួត​​។ លោក​ឡាច ច័ន្ទសុវណ្ណ បញ្ជាក់​ថា ទោះ​នោះ​​ជា​ការ​ប្រកួត​បែប​មិត្ត​ភាព​ ប៉ុន្តែ​​កម្ពុជា​មិន​​អាច​រៀប​ចំ​ការ​ប្រកួត​មួយ​នេះ​ក្នុង​រូប​ភាព​ខ្វះ​​មុខ​ខ្វះ​ក្រោយ​​កើត​ទេ អីុចឹង​ហើយ​ទើប​កាន់​តែ​ខ្វែង​ដៃ​ខ្វែង​ជើង​​ដើម្បី​ឱ្យ​ការ​ប្រកួត​​មិត្ត​​ភាព​ដ៏​ធំ​មួយ​នេះ​​មិន​ធ្វើ​ឱ្យ​កម្ពុជា​​បាក់​មុខ​ និង​ក៏​ដូច​ជា​បង្ហាញ​​ពី​ភាព​រីក​ចម្រើន​​នៃ​វិស័យ​ការា៉​តេ​ដូ​នៅ​កម្ពុជា ៕