រាជធានីភ្នំពេញ ៖ កីឡាការិនីសំ សំណាង ដែលធ្លាប់ធ្វើឱ្យកក្រើកសង្វៀនប្រដាល់ដោយសារថ្វីដៃប្រកួតកន្លងមកកម្រចាញ់នោះ បានប្រកាសវិលចូលសង្វៀនប្រដាល់ជាថ្មីម្តងទៀតហើយ បន្ទាប់ពីបានដកខ្លួនអស់រយៈពេលជាង៩ខែ ដោយសារកត្តាជីវភាព ។ កីឡាការិនី ដែលមានប្រភពមកពីក្លិប«ពន្លឺសាមគ្គី» ខេត្តបាត់ដំបងរូបនេះអះអាងថា នាងមិនអាចបោះបង់អាជីពប្រដាល់តទៅទៀតទេ ទើបសុខចិត្តបោះបង់ការងារផ្សេងៗ ហើយវិលមកកាន់សង្វៀនវិញ ។
សំ សំណាង ជាកីឡាការិនីមានកេរ្តិ៍ឈ្មោះក្នុងពិភពប្រដាល់មិនធម្មតាឡើយនាអំឡុងឆ្នាំ២០០៩ បន្ទាប់ពីនាងចេញប្រកួតយ៉ាងសស្រាក់សស្រាំនៅលើសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័ន ។ សិស្សគុនរបស់លោកគ្រូសៅ ប៊ុននឿន រូបនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងអំឡុងពេលនាងប្រឡូកខ្លាំងក្នុងអាជីពកីឡា ។ ប៉ុន្តែក្នុងពេលសន្ទស្សន៍គាំទ្រកាន់តែសម្បូរមហាជនទទួលស្គាល់នាងបែរជាដកខ្លួនខ្សាកៗពីការប្រដាល់ ហើយស្ទើរតែធ្វើឱ្យអ្នកស្នេហាកីឡាមួយចំនួនភ្លេចមុខ ។ កីឡាការិនី សំ សំណាង បញ្ជាក់ថា នាងផ្អាកការប្រកួតប្រមាណជិត១ឆ្នាំមកហើយ គឺតាំងពីចុងឆ្នាំ២០១១ម៉្លេះ បន្ទាប់ពីនាងយល់ថា អាជីពនេះមិនអាចជួយឱ្យនាងរស់បានបើមិនស្វះស្វែងរកការងារដទៃ ។ អីុចឹងហើយទើបនាងសុខចិត្តចេញទៅធ្វើការជាអ្នកបេះផ្លែឈើឱ្យគេអស់រយៈពេលច្រើនខែនៅតំបន់ព្រំដែនខ្មែរ-ថៃ ក្នុងខេត្តប៉ៃលិន កាលពីមួយរយៈមុន ។
នាងនិយាយថា នាងមិនចង់ដកខ្លួនពីការប្រដាល់ទេ ប៉ុន្តែមកពីនាងយល់ថា អាជីពប្រដាល់គ្មានប្រាក់កម្រៃជាអចិន្ត្រៃយ៍ទើបនាងសុខចិត្តបោះបង់ ។ ទោះបីជាយ៉ាងណា ទំនងមកពីបេះដូងក្នុងនាមជាកីឡាការិនីរបស់នាងមិនអាចឱ្យនាងបន្តរស់ក្នុងភាពស្ងប់ស្ងាត់បែបនោះបានតទៅទៀត ទើបធ្វើឱ្យនាងសម្រេចចិត្តចាកចេញពីឡែម (ប៉ៃលិន) វិលចូលមកកាន់ការហ្វឹកហាត់ក្នុងអាជីពជាកីឡាការិនីសាជាថ្មីម្តងទៀត ។ក្នុងជំនួបចុងក្រោយតាមទូរស័ព្ទកាលពីថ្ងៃទី១២ សីហា សំ សំណាង បានប្រាប់ពីដំណើរវិលបកក្រោយនេះថា ក្នុងពេលនាងចេញទៅធ្វើការនៅព្រំដែនខ្មែរ-ថៃ បើទោះជានាងអាចរកប្រាក់កម្រៃបានច្រើនជាងមុន ប៉ុន្តែនាងនៅតែមិនសុខក្នុងពេលព្យាយាមបំភ្លេចអាជីពប្រដាល់ ។
នាងនិយាយថា មូលហេតុដែលនាងបង្ខំចិត្តដកខ្លួនពីសង្វៀនប្រដាល់មួយរយៈនេះ គឺដោយសារតែនាងទទួលរងបន្ទុកគ្រួសាររឿងចិញ្ចឹមប្អូន៣នាក់ បូករួមទាំងម្តាយម្នាក់ផង ធ្វើឱ្យនាងមិនអាចរែកពន់ដោយការប្រកាន់យកអាជីពប្រដាល់បានឡើយ ។ ប៉ុន្តែពេលនាងគិតយូរទៅស្រាប់តែនាងដឹងថា ចិត្ត និងបេះដូងទាំងមូលរបស់នាងគឺមិនអាចចោលអាជីពប្រដាល់កើតទេ ទើបគិតថា ត្រូវតែបន្ត ។ នាងអះអាងថា បើទោះជាអាជីពនេះធ្វើឱ្យនាងទទួលរងការរិះគន់ ហើយមិនមានការគាំទ្រទាល់តែសោះពីសំណាក់សាច់ញាតិបងប្អូន ប៉ុន្តែនាងនៅតែសុខចិត្តវិលបកក្រោយដោយមិនមានគម្រោងបោះបង់ ឬបាត់មុខពីសង្វៀនប្រដាល់ម្តងទៀតឡើយ ។
នាងបានបញ្ជូនព័ត៌មាននេះទៅកាន់គ្រូបង្វឹក និងអតីតរៀមច្បងដែលធ្លាប់ជ្រោមជ្រែងឱ្យនាងមានមុខឡើងសង្វៀនប្រដាល់រួចរាល់ហើយ ដោយភាគីអ្នករៀបចំការប្រកួតផ្នែកប្រដាល់មួយចំនួនបានទាំងសាទរចំពោះដំណើរវិលវិញរបស់នាង ព្រោះតែចង់ឃើញនាងបង្ហាញមុខលើរេញប្រដាល់ដូចដើមទៀតផង ។ នាងមិនទាន់ដឹងថា ដំណើរវិលវិញនេះនឹងជួយឱ្យនាងល្បីលេចធ្លោដូចមុន ឬយ៉ាងណានោះទេ ក្នុងពេលដែលមានការផុសឡើងនូវពន្លកកីឡាការិនីដែលពោរពេញដោយសមត្ថភាពកាន់តែច្រើននាពេលចុងក្រោយនេះ ។ នាងពោលដោយស្ទាក់ស្ទើរថា «ខ្ញុំមិនទាន់ជឿជាក់ថា ដំណើរវិលចូលសង្វៀនប្រដាល់របស់ខ្ញុំជាថ្មីនេះអាចធ្វើឱ្យមានជ័យជម្នះគ្រប់ការប្រកួតដូចមុន ឬយ៉ាងណាទេ ក្នុងពេលខ្ញុំខានឡើងរេញ និងចូលហ្វឹកហាត់ជាង៩ខែ ហើយស្ថានភាពជីវភាពរបស់ខ្ញុំក៏ច្រើនប្រឈមនឹងភាពខ្វះខាតមិនអស់មិនហើយដែរ»។
ទោះយ៉ាងណា នាងនឹងប្រឹងប្រែងពុះពារដណ្តើមយកកេរ្តិ៍ឈ្មោះមិនឱ្យបាក់មុខក្នុងពេលសម្រេចចិត្តចេញប្រកួតជាថ្មីម្តងទៀតទេ បើទោះជាការវិនិយោគពេលវេលារបស់នាងត្រូវគេគិតថា កំពុងចាប់ផ្តើមពីចំណុចសូន្យឡើងវិញ ដែលពិបាកប្រមូលយកជ័យជម្នះដូចកាលពីអតីតកាលនោះក៏ដោយ ។ សំ សំណាង ឱ្យដឹងថា រហូតមកដល់ពេលនេះនាងបានដំណើរការហ្វឹកហាត់ក្បាច់គុនឡើងវិញម្តងទៀតហើយ ដោយគ្រូប្រចាំក្លិបរបស់នាងគ្រោងនឹងចាត់តាំងឱ្យនាងចេញប្រកួតបើកឆាកនៅអំឡុងចុងខែសីហានេះយ៉ាងយូរ ។
គួរបញ្ជាក់ថា កីឡាការិនីសំ សំណាង បានចាប់ផ្តើមអាជីពប្រដាល់កាលពីឆ្នាំ២០០៤ ក្នុងទឹកដីខេត្តបាត់ដំបង ប៉ុន្តែនាងទើបតែជាប់ឈ្មោះជាកីឡាការិនីល្បីឈ្មោះខ្លាំងក្នុងអំឡុងឆ្នាំ២០០៩ ប៉ុណ្ណោះ ។ នាងបានលេចមុខមាត់ខ្លាំងតាមរយៈស្ថានីយទូរទស្សន៍បាយ័ន ហើយគ្មានអ្នកស្នេហាកីឡាប្រដាល់ណាម្នាក់មិនទទួលស្គាល់សមត្ថភាពប្រកួតរបស់នាងនោះទេ ខណៈដែលនាងគឺជាកីឡាការិនីឆ្នើមតែម្នាក់គត់កាលពីមុនឆ្នាំ២០១១នោះ ៕


ចែករំលែកព័តមាននេះ