ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ស្រវឹង​ធ្លាក់​​ភ្នែក​ជិះ​បុក​ម៉ូតូ​​សង់​ចិន​បើក​​ដោយ​នារី​ដួល​​បែក​មុខ​​មាត់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នារី​​​ម្នាក់​របួស​បែក​មុខ​​​មាត់​ និង​យុវជន​​ម្នាក់​ទៀត​ជាំ​ភ្នែក​​​ខាង​ស្តាំ​​ ខណៈ​ពេល​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​​នៅ​ចំណុច​ផ្លូវកែង​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​​១២ សីហា តាម​មហា​វិថី​ព្រះ​នរោត្តម​​កែង​មហា​វិថី​ព្រះ​សីហនុ ​នៅ​មុខ​ធនា​គារ​ឯក​ទេស​វិនិ​យោគ​ទី​១ ក្នុង​សង្កាត់​ទន្លេ​​បាសាក់ ខណ្ឌ​ចំការ​មន ។

​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​​ដឹង​ថា ម៉ូតូ​ស្មាស់​រីវូ ពណ៌​ខៀវលាយ.ស ​បើកដោយ​​​យុវជន​​ម្នាក់​ក្នុង​សភាព​ស្រវឹង​ជោក​​តាម​​មហា​វិថី​ព្រះ​​នរោត្តម ពី​ត្បូង​ទៅ​ជើង ​។ ចំណែក​ម៉ូតូ​សង់​ចិន​សេ១១០ ​ពណ៌សំបក​ឪឡឹក ​បើក​ដោយ​នារី​ម្នាក់​​តាម​មហា​វិថី​ព្រះ​សីហនុ ពីលិច​ទៅ​​កើត ខណៈ​​មក​ដល់​ចំណុច​​ផ្លូវកែង ម៉ូតូ​សង់​ចិន​កំពុង​បើក​ឆ្លង​ផ្លូវ ស្រាប់តែ​​មាន​ម៉ូតូស្មាស់​រីវូ​បើក​​លឿន​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង បណ្តាល​ឱ្យ​នារី​បើក​ម៉ូតូ​ដួល​បែក​មុខ​មាត់ រីឯ​អ្នក​បុកគេ​​ដួល​ជាំ​ផ្នែក​ខាង​ស្តាំ ។

នារី​​អ្នក​បើក​ម៉ូតូសង់​ចិន​​មាន​ឈ្មោះ​គី ណាំគា អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល ​ខណ្ឌដូនពេញ ។ ​ចំណែក​អ្នក​បើក​​​ម៉ូតូ​ស​្មាស់​រីវូ​មាន​ឈ្មោះ​លឹម គឹម​លាភ ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ជា​កម្ម​ករ​រោងចក្រ​​ស្នាក់​នៅ​​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល បាន​ឱ្យ​ដឹង​ថា រូប​គេ​ទើប​នឹង​ចេញពី​ហូប​​ការ​​មិត្តភក្តិ​​ផឹកជ្រុល​បន្តិច​​ ទើប​បាត់​បង់​ភាព​ម្ចាស់​ការ​​គ្រប់​គ្រង​ខ្លួន​ឯង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕