ជាមួយនឹងលទ្ធផលពិន្ទុចុងក្រោយ១បឺឌី(birdie)នាំឱ្យកីឡាការិនីកូរ៉េខាងត្បូង So Yeon Ryuក្លាយជាម្ចាស់ពានកម្មវិធីប្រកួត Jamie Farr Toledo Classic ដែលមានទឹកប្រាក់រង្វាន់សរុប ១លាននិង៣សែនដុល្លារអាមេរិក ។ នៅលើទីលានប្រកួត Owens Corning and O-I at Highland Meadows Golf Clubក្នុងទីក្រុង Sylvaniaរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យទី ១២សីហា នាងYeon Ryuបញ្ចប់ការប្រកួតជុំផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៩អាន់ឌ័រប៉ា ៦២ ។
សរុបលទ្ធផលប្រកួតទាំង៤ជុំ កីឡាការិនីវ័យ២២ឆ្នាំរូបនេះធ្វើបាន ២០ អាន់ឌ័រ ២៦៤នាំមុខក្នុងគម្លាតពិន្ទុ ៧ស្ត្រូកពីនាង Angela Stanfordដែលឆ្លងកាត់៤ជុំប្រកួតធ្វើបានលទ្ធផល ១៣ អាន់ឌ័រ ២៧១ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ។ ចំណាត់ថ្នាក់លេខ៣ស្ទួនបានទៅលើកីឡាការិនីកូរ៉េខាងត្បូងដដែលគឺនាង Chella Choiនិងនាង Inbee Park។ ឆ្លងកាត់ការប្រកួតអស់៤ជុំ អ្នកទាំង២ធ្វើបានលទ្ធផលស្មើគ្នា ១២ អាន់ឌ័រ ២៧២ ។
ចំណែកនាង I.K. KimនិងនាងJennie Leeក៏ធ្វើបានលទ្ធផលស្មើគ្នាផងដែរនិងស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ស្ទួន។ ពួកគេទាំង២នាក់ធ្វើបានពិន្ទុ ១១អាន់ឌ័រ ២៧៣ ។ សម្រាប់ទឹកប្រាក់រង្វាន់វិញ នាងYeon Ryuដែលជាជើងឯកទទួលបាន ១៩៥ពាន់ដុល្លារអាមេរិក ខណៈនាង Angela Stanfordជ័យលាភីលេខ២ទទួលបានជាង ១១៩ពាន់ដុល្លារ ។ ដោយឡែកនាង Chella Choiនិងនាង Inbee Parkជ័យលាភីលេខ៣ស្ទួនទទួលបានទឹកប្រាក់រង្វាន់ក្នុងម្នាក់ៗ៧៧ពាន់និង៤៥ដុល្លារ៕


ចែករំលែកព័តមាននេះ