ខេត្តក្រចេះ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១០ សីហា បានដឹកនាំប្រតិភូ និងមន្ត្រីក្រោមឱវាទជាច្រើនរូបចុះសួរសុខទុក្ខ និងចែកអំណោយដល់និសិ្សតស្ម័គ្រចិត្តសម្តេចតេជោ ចំនួន៥ក្រុមដែលកំពុងបំពេញបេសកកម្មការងារនៅក្នុងស្រុកឆ្លូង ។
លោកសូម សារឹទ្ធ អភិបាលស្រុកឆ្លូងបានឱ្យដឹងថា ក្រុមនិស្សិតស្ម័គ្រចិត្តដែលបានចុះមកបំពេញបេសកកម្មការងារនៅក្នុងស្រុកឆ្លូងមានចំនួន៥៥នាក់ បែងចែកជា៥ក្រុម និងបានចុះបំពេញបេសកកម្មការងារវាស់វែងដីធ្លីជូនដល់ប្រជាពលរដ្ឋដែលគិតមកទល់នឹងពេលនេះសម្រេចបានជាង៦០%ហើយ ។ លោកអភិបាលស្រុកបានលើកឡើងទៀតថា ដោយសារនៅក្នុងស្រុកឆ្លូងមានបញ្ហាភូមិសាស្ត្រស្មុគស្មាញ និងបញ្ហារបស់ប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុន ដូច្នេះការបំពេញការងារមានការយឺតយ៉ាវបន្តិច ហើយការស្នាក់នៅរបស់ក្រុមនិស្សិត និងក្រុមការងារនៅកន្លែងខ្លះអាចមានការខ្វះខាត ។
យុវនិស្សិតវ៉ា សុភ័ក្ត្រ ជាប្រធានក្រុមទី១១ បានឱ្យដឹងថា គិតមកទល់នឹងពេលនេះការចុះបំពេញបេសកកម្មការងាររបស់ពួកគេគឺទទួលបានលទ្ធផលវិជ្ជមាន ដោយប្រជាពលរដ្ឋមានក្តីសប្បាយរីករាយនឹងចូលរួមជាមួយក្រុមការងារ។ ក្នុងរដូវវស្សានេះសមាជិកក្រុមការងារបានជួបប្រទះជំងឺផ្តាសាយបន្តិចបន្តួច តែមិនមានអ្វីធ្ងន់ធ្ងរទេ ឯអ្វីដែលជាបញ្ហាចម្បងនោះ គឺកង្វះទឹកហូប និងប្រើប្រាស់ជាប្រចាំថ្ងៃ ។
អំណោយជាសម្ភារ និងគ្រឿងឧបភោគដែលនាំយកទៅផ្តល់ជូននាព្រឹកនោះរួមមានក្រុមការងារមន្ត្រីជំនាញ កងកម្លាំងការពារសន្តិសុខ ក្រុមគ្រូពេទ្យ ក្រុមអ្នកបើកបរ ចុងភៅចំនួន១៧០នាក់ ម្នាក់ៗទទួលបានកន្សែងពោះគោ១ សាបូ៊១ដុំ សាប៊ូម្សៅ១កញ្ចប់ ថ្នាំដុសធ្មេញ១ប្រអប់ ច្រាសដុសធ្មេញ១ ប្រេងកូឡា១ដប ថវិកា៥០.០០០រៀល និងជូនប៊ីចេង១០កញ្ចប់ អំបិល១០គីឡូក្រាម ស្ករស១០គីឡូក្រាម ទឹកស៊ីអីុវ១០យួរ ទឹកត្រី១០យួរ មីយើង៥កេស ត្រីខ៥កេស ទឹកបរិសុទ្ធ១០កេស ចំពោះអង្គភាពនីមួយៗផងដែរ ។
មានប្រសាសន៍សំណេះសំណាលទៅកាន់ក្រុមនិស្សិតស្ម័គ្រចិត្តនាព្រឹកនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការកោតសរសើរដល់ក្រុមនិស្សិតក្នុងការចុះបំពេញបេសកកម្មការងារយ៉ាងសកម្ម ទោះបីជានឿយហត់យ៉ាងណាក្តី ប៉ុន្តែនេះជាការដកស្រង់បទពិសោធន៍ផ្ទាល់បន្ថែមលើចំណេះដឹងដែលបានសិក្សានៅសាលា ។លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខមានចិត្តសប្បាយរីករាយណាស់ចំពោះលទ្ធផលការងារដែលក្រុមការងារសម្រេចបាន និងតែងកោតសរសើរជានិច្ចដល់ការប្តេជ្ញាចិត្តរបស់ក្រុមការងារដែលខិតខំបន្តអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ហើយសង្ឃឹមផងដែរថា ក្រុមនិស្សិតស្ម័គ្រចិត្ត និងក្រុមការងារនឹងខិតខំអនុវត្តសកម្មភាពនេះបន្តទៀត ៕


ចែករំលែកព័តមាននេះ