ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ត្រូវឃាត់​ខ្លួន​​បញ្ជូន​ទៅ​សាលា​ដំបូង​​ក្នុងករណី​​ហិង្សា​​ផ្សេង​គ្នា​

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖​​ ​​បុរស​​២​នាក់​ត្រូវ​កម្លាំ​ង​កង​​រាជ​អាវុធ​ហត្ថ​​ខេត្ត​ស្ទឹង​ត្រែង​​ ឃាត់​ខ្លួន​​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត បន្ទាប់​ពី​​មាន​ពាក្យ​បណ្តឹង​​​ថា បុរស​ទាំង​២​នាក់​​ខាង​លើ​ប្រើ​អំពើ​ហិង្សា​​ទៅ​លើ​ជន​រង​គ្រោះ​​២​ករណី​​ផ្សេង​ពី​គ្នា​ ។លោក​វរ​សេនីយ៍​ត្រី ភុយ ខ្វៃ អនុ​ប្រធាន​​មន្ទីរ​ស្រាវ​ជ្រាវ​ និង​​យុត្តិ​ធម៌​​នៃ​កង​រាជ​អាវុធ​​ហត្ថ​​​ខេត្ត បាន​មាន​ប្រសាសន៍​ថា ជន​ទាំង​២​នាក់​ខាង​លើ​ត្រូវ​​បាន​ឃាត់​ខ្លួន​យោង​តាម​​ពាក្យ​បណ្តឹង​ជន​រង​គ្រោះ​​ចោទ​ប្រកាន់​​ថា បាន​​ប្រើ​អំពើ​ហិង្សា​​ដោយ​​ចេតនា​​ដែល​ករណី​ទី​១ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦ និង​២៥​នាទី​ព្រឹក​​ថ្ងៃទី​១០ សីហា ស្ថិត​នៅ​​ផ្សារ​ស្ទឹង​ត្រែង ភូមិ​​ត្រពាំង​​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

ជន​សង្ស័យ​​ឈ្មោះ​ហុង វ៉ាង​អាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ជាតិ​វៀតណាម មុខ​របរ​លក់​ត្រី​ រស់​នៅ​​ភូមិ​ព្រែក​​ សង្កាត់​​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បាន​យក​ដែក​បំពង​់​ទីប​ទៅ​វាយ​ក្បាល​ជន​រង​គ្រោះ​ឈ្មោះ​​លឹម ចាន់​ទ្រី ភេទ​ស្រី អាយុ​​៤៧​ឆ្នាំ ជន​ជាតិ​​វៀតណាម​ មុខ​របរ​លក់​ត្រី​ដូច​គ្នា រស់​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ដោយ​​សារ​ជន​សង្ស័យ​ខឹង​​​រឿង​​ដណ្តើម​ទិញ​ត្រី​យក​មក​លក់ ។

ចំណែក​​ករណី​ទី២ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៤០​ល្ងាច​ថ្ងៃទី​​១១ សីហា ឆ្នាំ​២០១២ នៅភូមិ​អូរ​តា​ព្រៃ​ ភូមិ​​ក្រឡាពាស ឃុំ​​ព្រះ​រំ​កិល ស្រុក​ថាឡា​បរិវ៉ាត់ ។ ជន​សង្ស័យ​ឈ្មោះ​អិុន ភុំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្ម​ករ​សំណង់ រស់​នៅ​ភូមិ​​​​កើត​ហេតុ​​ខាង​លើ បាន​យក​ដែក​​​សរ​សៃ​ទំហំ​១២​លី​ ប្រវែង​​១​ម៉ែត្រ​វាយ​ក្បាល​​ជន​រង​គ្រោះ​ឈ្មោះ​​ទិត្យ រស់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មេការ​សំណង់​​ រស់​នៅ​​ភូមិ​បាចុង សង្កាត់​ព្រះ​បាទ ក្រុង​ស្ទឹង​ត្រែង ដោយ​សារ​ខឹង​​​ជន​​រង​គ្រោះ​មិន​ព្រម​​បើក​ប្រាក់​ឈ្នួល​​ពល​កម្ម​​ឱ្យ ខណៈ​ប្រពន្ធ​​មាន​ផ្ទៃ​ពោះ​ជិត​ឆ្លង​ទន្លេ។

លោក​វរសេនីយ៍​​ត្រី ភុយ ខ្វៃ បាន​បញ្ជាក់​​ថា ជន​សង្ស័យ​​ក្នុង​ករណី​ទី​១ ត្រូវ​​បាន​បញ្ជូន​​​ទៅ​សាលា​ដំបូង​​ខេត្ត និងត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​​ពន្ធ​​នា​គារ​បណ្តោះ​អាសន្ន ។ ចំណែក​ជន​សង្ស័យ​ក្នុង​ករណី​ទី​២ កំពុង​​សាក​សួរ​​​​កសាង​សំណុំ​រឿង​​តាម​នីតិ​វិធី​​ រួច​នឹង​​បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត​ក្រោយ​បញ្ចប់​​ការ​ស៊ើប​អង្កេត​បើ​មាន​ស្ថាន​ទម្ងន់​​ទោស។ ​ចំណែ​កជន​​រង​គ្រោះ​ក្នុង​ករណី​​ប្រើ​អំពើ​ហិង្សា​ទាំង​២​នាក់​ខាង​​លើ​កំពុង​សម្រាកព្យា​​បាល​​របួស​​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​​រៀង​ខ្លួន ៕