តាមទីភ្នាក់ងារព័ត៌មាន AFP ផ្សាយឱ្យដឹងថា សេដ្ឋកិច្ចសិង្ហបុរីបានធ្លាក់ចុះ០,៧% ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០១២ ដែលបញ្ចប់កាលពីខែមិថុនា កន្លងមក តាមរយៈការបង្ហើបឱ្យដឹងរបស់អាជ្ញាធរសិង្ហបុរី ។កាលពីមុននេះ នៅត្រីមាសដំបូងនៃឆ្នាំ២០១២ អត្រាកំណើននៃផលិតផលសរុបក្នុងប្រទេសរបស់សិង្ហបុរីបានកើនឡើងយ៉ាងឆាប់រហ័សដល់ទៅ៩,៥% ប៉ុន្តែក្នុងពេលឈានចូលដល់ត្រីមាសទី២ សេដ្ឋកិច្ចសិង្ហបុរីបែរជាធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ។
ទោះជាយ៉ាងណាក៏ដោយ ចំពោះតួលេខនៃការធ្លាក់ចុះ០,៧% នៅចាត់ទុកថាជាតួលេខល្អជាងការរំពឹងទុករបស់រដ្ឋាភិបាលកាលពីខែមុនដែលបញ្ជាក់ថា សេដ្ឋកិច្ចអាចធ្លាក់ចុះដល់ទៅ១,១% ក្នុងរវាងពីខែមេសា ដល់ខែមិថុនា ។នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានបញ្ជាក់ពីមូលហេតុសំខាន់លើការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចខាងលើថា បណ្តាលមកពីផ្នែកឧស្សាហកម្មជាច្រើនរបស់សិង្ហបុរីត្រូវពឹងផ្អែកលើចំណូលពីការនាំចេញជាចម្បង ដូចជាឧស្សាហកម្មអេឡិចត្រូនិកមានចំណូលធ្លាក់ចុះយ៉ាងគំហុក ដោយសារស្ថានភាពរអាក់រអួលផ្នែកសេដ្ឋកិច្ចដែលកើតឡើងនៅសហរដ្ឋអាេមរិក រួមទាំងវិបត្តិបំណុលតាមបណ្តាប្រទេសនៅអឺរ៉ុបធ្វើឱ្យការកុម្មង់ទិញពីបរទេសធ្លាក់ចុះ ។
ស្របពេលជាមួយគ្នានេះ លោកលី ស៊ានលុង នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី អាយុ៦០ឆ្នាំ ដែលឡើងកាន់អំណាចតាំងពីឆ្នាំ២០០៤បានបង្ហើបឱ្យដឹងកាលពីពេលថ្មីៗកន្លងមកដោយសម្តែងនូវភាពប្រាកដក្នុងចិត្តថា ទោះបីជាសិង្ហបុរីត្រូវប្រឈមមុខនឹងស្ថានភាពមិនប្រាកដប្រជានៃកត្តាផ្សេងៗនៅខាងក្រៅប្រទេសក៏ដោយ ប៉ុន្តែអត្រាការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសដែលធ្លាក់ចុះក្នុងអំឡុងពេលឆ្នាំនេះ អាចស្ថិតក្នុងរវាងពី១,៥ទៅ២,៥ភាគរយ ដោយចាត់ទុកថាជាអត្រានៅខ្ពស់ជាងប្រទេសជាច្រើនក្នុងភូមិភាគ ៕
ចែករំលែកព័តមាននេះ