ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ចាប់​ជន​​មុខ​សញ្ញា​​គាស់​ផ្ទះ​ ​វាយ​និង​​លើក​គ្នា​​ទាំង​យប់​​ទៅ​ប៉ុស្តិ៍​​សុំ​​ឱ្យ​​ដាក់​ទោស​​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​ ៖ ប្រជាពល​រដ្ឋ​ប្រមាណ​ជិត១០០នាក់​បាននាំ​​​គ្នាមកប៉ុស្តិ៍​ទួលសង្កែ​ទាំងយប់ ដោយ​​នាំ​គ្នាផ្តិត​មេដៃសំណូម​ពរឱ្យ​សមត្ថ​កិច្ចបញ្ជូន​ជនសង្ស័យ​ជាមុខសញ្ញា​ចោរ​គាស់​​ផ្ទះម្នាក់​ទៅតុលា​ការកាត់​ទោសដាក់ពន្ធ​នា​គារ​ បន្ទាប់ពីពួក​គេចាប់​ខ្លួន​បានហើយ​​វាយ​ដំដោយ​​​កំហឹង​រហូត​ទ្រមខ្លួន​ពេលចេញ​ធ្វើ​សម្មភាព​ ព្រម​ទាំង​​​​យក​កូន​កាំបិតដេញ​ចាក់គេ​​ឯង​​ទៀត​ ។

​ហេតុការណ៍​នេះបាន​ធ្វើឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាល​ពីវេលា​ម៉ោង៩យប់​ថ្ងៃទី១០​​ សីហា​ នៅ​ក្នុងភូមិផ្សារ​តូច​ សង្កាត់ទួល​សង្កែ​ ​ខណ្ឌ​ប្ញស្សី​កែវ​ ។ ជនសង្ស័យ​ដែលត្រូវ​ចាប់ខ្លួន​​ឈ្មោះ​អាង​ ​ប៊ុន​ធឿន​ ហៅ​វែង​ ​ភេទប្រុស​ អាយុ២៩​ឆ្នាំ​​ ​ស្នាក់​នៅ​​ផ្ទះជួល​ក្នុង​​​សង្កាត់ស្ទឹង​មានជ័យ​ ​ខណ្ឌ​មាន​ជ័យ​ ។​ ជននេះត្រូវ​បាន​​ប្រជា​ពល​រដ្ឋ​​និយាយ​ថា គឺ​​ជា​មុខសញ្ញា​គាស់ផ្ទះ​យ៉ាង​​សកម្ម​​នៅក្នុង​​ភូមិ​​ផ្សារ​តូច​ ​សង្កាត់​ទួល​សង្កែ​ តាំង​ពីជននេះ​ស្នាក់នៅ​ក្នុង​ភូមិផ្សារ​តូច​ម៉្លេះ​ ដែល​​​ពេល​គាស់ផ្ទះហើយ​តែង​តែ​​រត់គេច​​រួច​​រហូត​ ​ព្រម​​​ទាំង​ធ្លាប់​គេដេញ​បាញ់​ទៀត​ផង ។

តាមប្រជាពល​រដ្ឋឱ្យ​ដឹងថា ​កាល​វេលា​ម៉ោង​៩យប់​ថ្ងៃទី១០​ ​សីហា​​ នោះ​ ជនឈ្មោះ​អាង​ ប៊ុន​ធឿន​ ហៅវែង​ ​ដែល​​ជាមុខ​សញ្ញា​ចាស់រួម​នឹង​​បក្ស​ពួកម្នាក់​​ឈ្មោះ​ បូរ៉ា​ បាន​ចេញ​ធ្វើ​សម្ម​ភាព​គាស់​ផ្ទះ​ប្រជា​ពល​រដ្ឋ​នៅ​តាម​​ផ្លូវ​លេខ​​៤៥​​ ក្រុមទី៧​​ ភូមិផ្សារ​តូច​ ​​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សី​កែវ​ ។​ ខណៈ​នោះ​ប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ភេម​ ភារិទ្ធ​​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ ដែល​ធ្លាប់ស្គាល់​ជននេះ​បាន​សួរ​ថា​ទៅ​ណា​? ឯ​ជននេះ​​​ឆ្លើយ​ថាទៅ​រៀន​ ។ ​​ដោយ​ឮ​ដូច​នេះ​ឈ្មោះ​ភេម​ ភារិទ្ធ​​ តប​វិញ​ថា​ ទៅ​រៀន​អីពេល​យប់​ ស្រាប់តែ​ជននេះ​ទាញ​កូនកាំបិត​ដេញចាក់​តែ​ម្តង​ តែ​​ទោះ​​ជា​​យ៉ាង​ណា​​ពុំ​បណ្តាល​​​ឱ្យ​រង​របួស​ឡើយ​ ។

តាម​ព័ត៌​មាន​​ឱ្យ​ដឹង​​​​ទៀត​ថា ​នៅ​យប់​នោះ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ ហើយ​​ប្រជា​ពលរដ្ឋ​​ដែល​​ធ្លាប់​ស្គាល់​និង​​រង​គ្រោះដោយ​​​ចោរ​គាស់​ផ្ទះ​​  ក៏​​​នាំ​គ្នា​​ចាប់​​ឈ្មោះ​​អាង ប៊ុន​ធឿន​ ហៅវែង​ ​នេះ ​​ហើយ​​ដោយ​​សារ​កំហឹង​​ ក៏​​វាយ​ម្នាក់​មួយ​​ដៃ​​មួយ​ជើង​​រហូត​ទ្រម​ខ្លួន ​​រួច​នាំ​​មក​​ប្រគល់​​ឱ្យ​ប៉ូលិស​​ប៉ុស្តិ៍​​ទួល​សង្កែ​ ​រួម​ជាមួយ​​សម្ភារ​​សម្រាប់​គាស់​ផ្ទះ​​មួយ​កាបូប​ ដើម្បី​បញ្ជូន​​ទៅ​​កាន់​តុលា​ការ​​​តាម​​ច្បាប់ ។​​ ​ដោយ​​សារ​តែ​​ពុំ​​ទាន់​បាន​​ធ្វើ​សកម្ម​ភាព​​ប៉ូលិស​ពុំ​ហ៊ាន​​ទទួល ​ធ្វើ​​​​​ឱ្យ​​​ប្រជា​ពល​រដ្ឋ​​មាន​ប្រតិ​កម្ម​​ ហើយ​នាំ​​គ្នា​​មក​កាន់​​ស្នាក់​ការ​ប៉ុស្តិ៍​ ។

នៅ​​យប់​នោះ​ ​ប្រជា​ពល​រដ្ឋ​​​​​​ប្រមាណ​ជិត​​១០០​នាក់​​​បាន​មក​​ជួប​ជុំ​គ្នា​​នៅ​មុខ​​ប៉ុស្តិ៍​​ និង​​នាំ​គ្នា​​ផ្តិត​មេ​ដៃ​​សំណូម​ពរ​​ដល់​សមត្ថ​កិច្ច​​ ដើម្បី​បញ្ជូន​​​ជន​នេះ​​ទៅ​​កាន់​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់​ ដែល​មាន​​ស្នាម​មេ​ដៃ​​ចំនួន​​៥៥​នាក់ ​។
បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​​ផ្តិត​មេ​ដៃ​​ សមត្ថ​កិច្ច​​បាន​​នាំ​ខ្លួន​ជន​នេះ​​​ទៅ​កាន់​អធិការ​​ដ្ឋាន​ខណ្ឌ​ប្ញស្សី​​កែវ​ ដើម្បី​បញ្ជូន​​ទៅ​​តុលា​ការ​ ។ ទោះ​បី​​ជា​យ៉ាង​ណា​​ គេ​ពុំ​ដឹង​​ថា​ជន​នេះ​​ត្រូវ​ជាប់​ពន្ធ​នា​គារ​ឬ​ក៏​​យ៉ាង​ណា​​នោះ​ទេ ៕​