រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ម្នាក់ បានត្រូវកម្លាំងប៉ូលិសគោលដៅ២៤ម៉ោងនៅផ្លូវចោមចៅខាងកើតផ្សារកាណាឌីយ៉ា និងប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់បាន បន្ទាប់ពីជននេះធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីជនជាតិចិន២នាក់ ដែលកំពុងឈរទិញអីវ៉ាន់នៅក្នុងផ្សារកាណាឌីយ៉ា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ សីហា នៅក្នុងផ្សារកាណាឌីយ៉ា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យខាងលើ ឈ្មោះធឿន ថេត ភេទប្រុស អាយុជាង៤០ឆ្នាំ មានទីលំនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។ ចំណែកឯស្ត្រីជនជាតិចិននោះមិនត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា គឺជាបុគ្គលិករដ្ឋបាលរោងចក្រកាត់ដេរនៅជិតកន្លែងកើតហេតុនោះដែរ ហើយត្រូវជនសង្ស័យឆក់យកលុយបានចំនួន៣០ដុល្លារ និង១ម៉ឺនរៀល តែសមត្ថកិច្ចដកហូតបានពីជនសង្ស័យនោះមកវិញហើយ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជនជាតិចិនទាំង២នាក់បាននាំគ្នាទិញអីវ៉ាន់នៅក្នុងផ្សារកាណាឌីយ៉ានោះ ដោយកាន់លុយនៅនឹងដៃមិនបានដាក់នៅក្នុងកាបូប ឬហោប៉ៅខោឬអាវនោះឡើយ ។ នៅក្នុងខណៈពេលកំពុងឈរទិញអីវ៉ាន់ ស្រាប់តែជនសង្ស័យខាងលើដើរទៅជិតរួចធ្វើសកម្មភាពឆក់យកលុយពីដៃស្ត្រីជនជាតិចិននោះ ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែក៏មានការស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងផ្សារតែម្តង ។ ប្រភពដដែលបានបន្តទៀតថា នៅក្នុងខណៈនោះប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ូលិសដែលនៅក្បែរនោះបាននាំគ្នាដេញតាមចាប់ខ្លួនជនសង្ស័យបានភ្លាមៗដែរ បន្ទាប់មកនាំទៅកាន់ប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
បន្ទាប់ពីត្រូវចាប់ខ្លួន ជនសង្ស័យសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកលុយពីជនជាតិចិនប្រាកដមែន ។ ដោយឡែកស្ត្រីជនជាតិចិនខាងលើ ក្រោយពេលកើតហេតុបាននាំគ្នាជិះម៉ូតូឌុបធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិសចោមចៅក្នុងបំណងដាក់ពាក្យបណ្តឹងសុំឱ្យប៉ូលិសចាត់ការជននោះទៅតាមផ្លូវច្បាប់ ប៉ុន្តែពេលទៅដល់ឃើញជនសង្ស័យនោះយំម៉្យាងឃើញមានស្នាមរបួសដោយសារប្រជាពលរដ្ឋវាយក្រោយពេលចាប់បាន ទើបលែងប្តឹង និងសុំឱ្យប៉ូលិសអប់រំរួចដោះលែងជននេះវិញ ប៉ុន្តែភ្លាមៗនោះ ប៉ូលិសមិនទាន់ដោះលែងជននេះនៅឡើយទេ ៕
ចែករំលែកព័តមាននេះ