រាជធានីភ្នំពេញ ៖ សិស្សានុសិស្សជាង១០០នាក់ ដែលមកពីសាលាចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ បានចូលរួមដើរព្យុះហយាត្រាកាលពីថ្ងៃទី១២ សីហា ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិ ដោយចាប់ចេញដំណើរពីសួនច្បារមុខព្រះបរមរាជវាំងឆ្ពោះទៅកាន់សួនច្បារមុខវត្តបទុមវតី ។ ពិធីនេះរៀបចំឡើងដោយអង្គការជេ អេច ភី គឺជាអង្គការជប៉ុនដែលបានចាប់ផ្តើមសកម្មភាពគម្រោងអប់រំនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៦មកម៉្លេះ ។
អង្គការជេ អេច ភី សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជា តាមរយៈការសាងសង់សាលារៀន ការពង្រីកសកម្មភាពផ្នែកអប់រំលើមុខវិជ្ជាតូរ្យតន្ត្រី និងគំនូរ ព្រមទាំងជួយឧបត្ថម្ភកុមារកំព្រាជាដើម ។ លើសពីនេះទៀតចាប់តាំងពីឆ្នាំ២០០១រហូតមកដល់បច្ចុប្បន្ន ប្រធានអង្គការជេ អេច ភី គឺលោកស្រីអូ សាណៃ ម៉ីអីុកុ បានជួួយឧបត្ថម្ភទៅលើការបង្រៀនជាប្រចាំ និងឧបករណ៍តូរ្យតន្ត្រីដល់ក្រុមព្យុហយាត្រាត្រែ ស្គរ ចំនួន៣សាលា រួមមាន វិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ សាលាបឋមសិក្សាកុលាបទី១ និងសាលាបឋមសិក្សាក្បាលជ្រោយសាគូរ៉ា ដែលគម្រោងនេះជាគម្រោងអាទិភាពមួយរបស់អង្គការជេ អេច ភី ផងដែរ ។
ចាប់តាំងពីឆ្នាំ២០០៩ ជារៀងរាល់១ឆ្នាំម្តងអង្គការជេ អេច ភី បានរៀបចំឱ្យមានការដើរក្បួនព្យុហយាត្រាអបអរសាទរក្នុងទិវាយុវជនអន្តរជាតិ១២ សីហា ក្នុងគោលបំណង លើកទឹកចិត្តដល់ក្រុមសិស្សព្យុហយាត្រាដែលបានខិតខំរៀនសូត្រមុខវិជ្ជាតូរ្យតន្ត្រី មានឱកាសសម្តែងនូវសមត្ថភាព ទេពកោសល្យជូនដល់សាធារណជន ព្រមទាំងផ្សព្វផ្សាយដល់អាណាព្យាបាលឱ្យយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃការសិក្សាតូរ្យតន្ត្រី ។ សម្រាប់ឆ្នាំ២០១២នេះដែរ អង្គការជេ អេច ភី សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ រៀបចំឱ្យមានការដើរក្បួនព្យុហយាត្រាអបអរសាទរទិវាយុវជនអន្តរជាតិ១២ សីហា ឆ្នាំ២០១២៕


ចែករំលែកព័តមាននេះ