កីឡាករអៀរឡង់ខាងជើងរ៉ូរី ម៉ាក់អុីលរ៉យបានយកឈ្នះពានជើងឯកវាយកូនហ្គោល PGA Championshipលើកទី៩៤ជាមួយនឹងគម្លាតពិន្ទុ៨ស្ត្រូក ។ ព្រឹត្តិការណ៍ដែលមានទឹកប្រាក់រង្វាន់សរុប ៨លានដុល្លារអាមេរិកនេះ ត្រូវបានរៀបចំធ្វើនៅទីលានវាយកូនហ្គោល Ocean Course ស្ថិតក្នុងទីក្រុង Kiawah Islandរដ្ឋ South Carolinaសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យទី ១២សីហាកន្លងមកនេះ ។
ម៉ាក់អុីលរ៉យបញ្ចប់ជុំផ្តាច់ព្រ័ត្រធ្វើបានលទ្ធផល ៦អាន់ឌ័រ ៦៦ សរុបលទ្ធផល៤ជុំប្រកួតធ្វើបាន ១៣អាន់ឌ័រ ២៧៥ ។ វាគឺជាពានក្របខណ្ឌធំលើកទី២របស់គេហើយនៅក្នុងអាជីព ។ ជ័យជម្នះលើកនេះផងដែរ វាបានជួយឱ្យកីឡាករវ័យ២៣ឆ្នាំរូបនេះផ្លោះរំលងកីឡាករអង់គ្លេសលុក ដូណាល់ទៅកាន់តំណែងជាកីឡាករលំដាប់ទី១ពិភពលោក ។
កាលពីឆ្នាំកន្លងទៅ ម៉ាក់អុីលរ៉យបានយកឈ្នះពាន US Open ដោយគម្លាតពិន្ទុ៨ស្ត្រូកដូចជាពេលនេះផងដែរ ។ ថ្លែងបន្ទាប់ពីឈ្នះការប្រកួត គេបានបញ្ជាក់ថា ៖«ចាប់ផ្តើមប្រកួតបើកឆាកដើមឆ្នាំ ខ្ញុំហាក់មានអារម្មណ៍ខឹងបន្តិចដែរខណៈមានការនិយាយពីមាត់មួយទៅមាត់មួយថា ខ្ញុំគ្មានថ្ងៃឈ្នះពានកម្មវិធីធំជាថ្មីនោះ ។ និយាយដោយស្មោះត្រង់ទៅ ខ្ញុំចង់ចេញទៅទីលានប្រកួត ហើយកែប្រែការនិយាយទាំងនេះឱ្យទៅជារឿងមិនពិត ។ ពេលនេះ ខ្ញុំធ្វើបានហើយគឺខ្ញុំបានចំណាយពេលអស់៤សប្តាហ៍ »។
កីឡាករអង់គ្លេស David Lynnបញ្ចប់៤ជុំប្រកួតធ្វើបានលទ្ធផល ៥អាន់ឌ័រ ២៨៣ស្ថិតនៅចំណាត់ថ្នាក់លេខ២ខណៈចំណាត់ថ្នាក់លេខ៣ស្ទួនបានទៅលើកីឡាករ Keegan Bradley, Justin Rose,Ian Poulterនិងកីឡាករ Carl Pettersson។ ឆ្លងកាត់ការប្រកួត៤ជុំ កីឡាករទាំង៤ធ្វើបានលទ្ធផលស្មើៗគ្នា ៤អាន់ឌ័រ ២៨៤។ចំណែកកីឡាករ Blake Adams,Jamie Donaldson,Peter Hansonនិងកីឡាករ Steve Strickerធ្វើបានលទ្ធផល ៣អាន់ឌ័រ ២៨៥ស្ថិតនៅចំណាត់ថ្នាក់លេខ៧ស្ទួន។
ដោយឡែកទឹករង្វាន់វិញ ម៉ាក់អុីលរ៉យដែលជាម្ចាស់ជើងឯកទទួលបាន ១លាននិង៤៤៥ពាន់ដុល្លារអាមេរិក ខណៈកីឡាករជ័យលាភីលេខ២David Lynnទទួលបានទឹកប្រាក់ ៨៦៥ពាន់ដុល្លារ ។ ឯបណ្តាកីឡាករជ័យលាភីលេខ៣ទទួលបានទឹកប្រាក់រង្វាន់ក្នុងម្នាក់ៗ ជាង៣៨៤ពាន់ដុល្លារ ។
ចែករំលែកព័តមាននេះ