ឡា ប៊ូមបានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះជើងឯកប្រណាំងកង់កម្មវិធី Eneco Tourជាលើកដំបូងនៅប្រទេសបែលហ្ស៊ិកកាលពីថ្ងៃអាទិត្យទី១២ខែសីហាកន្លងមកនេះ។ ការប្រណាំងត្រូវបញ្ចប់ជាមួយនឹងដំណាក់ផ្តាច់ព្រ័ត្រដែលមានចម្ងាយ២០៧.៧គីឡូម៉ែតនៅទីក្រុង Geraardsbergenប្រទេសបែលហ្ស៊ិក។
បន្ទាប់ពីឆ្លងកាត់ការប្រណាំងអស់៧ដំណាក់ដែលមានចម្ងាយផ្លូវសរុប១០៣៣.៨គីឡូម៉ែត្ររួចមក ឡា ប៊ូមដែលជាអ្នកជិះកង់ឱ្យក្រុម Rabobank Cycling Teamបានយកឈ្នះជើងឯកបន្ទាប់ពីបានប្រើអស់ថិរវេលាសរុបតិចជាងគេបំផុតគឺ២៤ម៉ោង៥១នាទីនិង១៣វិនាទីយកឈ្នះកីឡាករបារាំង Sylvain Chavanelជិះឱ្យក្រុម Omega Pharma-Quickstepដែលបានប្រើថិរវេលាសរុបច្រើនជាង២៦វិនាទីនិងឈ្នះកីឡាករមិត្តរួមជាតិ Niki Terpstraជិះឱ្យក្រុម Omega Pharma-Quickstepដែលបានប្រើពេលច្រើនជាង៤៩វិនាទី។ ចំណែកកីឡាករជើងខ្លាំងរបស់អេស្ប៉ាញអាល់បឺតូង កុងតាឌ័រដែលបានបាត់មុខពីការប្រណាំងមួយរយៈព្រោះជាប់បម្រាមដណ្តើមបានត្រឹមចំណាត់ថ្នាក់ទី៤ ប៉ុណ្ណោះ ។
ដោយឡែកដំណាក់ទី៧ដែលជាដំណាក់ផ្តាច់ព្រ័ត្រមានចម្ងាយផ្លូវ២០៧.៧គីឡូម៉ែតចេញដំណើរពីទីក្រុងMaldegemឆ្ពោះទៅកានទីក្រុង Geraardsbergenប្រទេសបែលហ្ស៊ិក ជ័យជម្នះបានទៅកីឡាករអុីតាលី Alessandro Ballan។ ក្នុងនាមជាអ្នកជិះកង់ឱ្យក្រុម BMC Racing Team,Ballanបានបញ្ចប់ដំណាក់នេះក្នុងថិរវេលា៤ម៉ោង៥៤នាទីនិង១៦វិនាទីខណៈកីឡាកហូឡង់ឡា ប៊ូមដែលប្រើអស់ថិរវេលាច្រើនជាង២វិនាទីស្ថិតនៅលំដាប់ទី២ ។ ចំណែកកីឡាករអេស្ប៉ាញ Francisco José Ventosoដែលជិះឱ្យក្រុម Movistar Teamបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាង Alessandro Ballan៦វិនាទី ។
ក្រោយពីដណ្តើមបានពានជើងឯកកីឡាករ ឡា ប៊ូមបាននិយាយថា៖«យើងបានបង្កើតជាគម្រោងមួយជាមួយក្រុមរបស់ខ្ញុំក្នុងពេលហ្វឹកហាត់។ នេះជាជ័យជម្នះយ៉ាងធំធេងបំផុត។ ។ វាក៏ជាសុបិនមួយដែលបានក្លាយមកជាការពិតផងដែរ។ ក្រុមរបស់ខ្ញុំពិតជាមានការសាមគ្គីគ្នាបានយ៉ាងល្អអំឡុងការប្រណាំងពីដើមដល់ចប់។ យើងមិនបានជួបនិងថ្ងៃស៊យនោះទេ »។ កីឡាកររូបនេះបានបន្តថា ៖«ការប្រណាំងនៅទីនេះមានថ្ងៃស៊យនិងមានថ្ងៃហេងផងដែរ។ បើទោះជាឈ្នះជើងឯក តែការប្រណាំងនៅទីនេះពិតជាពិបាកខ្លាំង»។
សូមបញ្ជាក់ថាការប្រណាំងកម្មវិធី Eneco Tourឆ្នាំ២០១២នេះមាន៧ដំណាក់លើចម្ងាយផ្លូវសរុប១០៣៣.៨គីឡូម៉ែត្រ។ ការប្រណាំងបានចាប់ផ្តើមពីថ្ងៃទី៦ខែសីហា នៅទីក្រុង Waalwijkប្រទេសហូឡង់ ៕
ចែករំលែកព័តមាននេះ